Saturday, November 23, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវESET កម្មវិធី​កម្ចាត់​មេរោគ​លើ​កុំព្យូទ័រ​លេខ​១​នៅអឺរ៉ុប មក​ដល់​កម្ពុជាហើយ!

ESET កម្មវិធី​កម្ចាត់​មេរោគ​លើ​កុំព្យូទ័រ​លេខ​១​នៅអឺរ៉ុប មក​ដល់​កម្ពុជាហើយ!

ESET គឺ​ជា​បច្ចេកវិទ្យា​របស់​ប្រទេស​ស៊ូវ៉ាគី វា​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគលេខ​១នៅ​អឺរ៉ុប បច្ចុប្បន្ន បាន និង​កំពុង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ចំនួន ២០២ បូក​រួម​នឹង​កម្ពុជា​ផង តាម​រយៈ​ក្រុមហ៊ុន ELITECH Distributor Co,.Ltd.។ ក្រុមហ៊ុន​នេះ ទើប​នឹង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន HTECH ថ្មី​ៗ​នេះ ក្នុង​ការ​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​នាំ​យក​កម្មវិធី​កម្ចាត់​មេរោគ​របស់​អឺរ៉ុប​មក​កម្ពុជា។

ESET ល្បី​ឈ្មោះ​តាំង​ប្រមាណ ១០​ឆ្នាំ​មុន មុន​ពេល​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ។ពាក់ ព័ន្ធរឿងនេះ លោក មិន សុខម៉េង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ELITECH Distributor Co,.Ltd. បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ទើប​សម្រេច​នាំ​ចូល ESET មក​កម្ពុជា​នា​ពេល​នេះ ដោយ​សារ​មើល​ឃើញ​ពី​ភាព​ចាំបាច់ និងតម្រូវការខ្ពស់។ លោក​ថា លោក​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ ដើម្បី​ស្វែង​រក​តម្រូវ​ការ​របស់​អតិថិជន ហើយ​ក៏​បាន​រក​ឃើញ​ថា ពួក​គេ​មាន​កាតព្វកិច្ច​រក្សា​ការពារ​ឯកសារ​សំខាន់​ៗ​របស់​​ពួក​គេ​លើ​កុំព្យូទ័រ ហើយ​ជាមួយ​គ្នា ពួក​គេ​ក៏​ត្រូវ​ការ​ក្រុម​ជំនាញ​មួយ​ទៀត​ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​របស់​ពួក​គេ​ភ្លាម​ៗ។ ដូច្នេះ​ហើយទើប ELITECH សម្រេច​នាំ​យក ESET មក​កម្ពុជា​នាពេល​នេះ។

ត្បិត​ថា​ពិភព​លោក​បាន និង​កំពុង​រីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​ជាមួយ​គ្នា មេរោគ​ដែល​គំរាម​កំហែង​សុវត្ថិ ភាព​ឯកសារ​ក្នុង​កុំព្យូទ័រ ក៏​កើន​ឡើង​ដូច​គ្នា ដែល​តាម​របាយការណ៍ បច្ចុប្បន្ន​មេរោគ​ជាង ៥ពាន់លាន បាន និង​កំពុង​គំរាមកំហែង​សុវត្ថិភាព​កុំ​ព្យូទ័រ។ របាយការណ៍​អំពី​វត្តមាន​មេរោគ​កុំព្យូទ័រ​ខាង​​លើ ត្រូវ​បាន​យក​ចេញ​ពី​គេ ហទំព័រ www.statista.com ហើយ​ត្រូវ​បាន​យក​​មក​បង្ហាញ​ដោយ​លោក ប៊ុន ចាន់​ឈីម នាយក​ប្រតិបត្តិ Elitect Distributor។ តាម​របាយការណ៍​នេះ តួលេខ​ជាក់​ស្ដែង​នៃ​មេរោគ​កុំព្យូទ័រ​ដែល​បច្ចុប្បន្ន​ចរាចរណ៍​ពាសពេញ​ប្រព័ន្ធ​បណ្ដាញ​នានា មាន​ចំនួន៥.៤ ប៊ីលាន​ករណី​ទូទាំង​ពិភព​លោក។ ក្នុង​នោះ​ការ​គំរាម​កំហែង​ជា​មេរោគ​ប្រភេទ RANSOMEWARE មាន​ចំនួន​ដល់​ទៅ ៦៨.៥% ឯណោះ។

របាយការណ៍​នេះ​ដដែល បើ​តាម​លោក ចាន់ឈីម ចិន ជា​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​ពី​មេរោគ និង​ក្រុម Hacker ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ក្នុង​នោះ ចិន​តែ​មួយ មាន​ចំនួន ៤៧.៨% នៃ​ចំនួន​កុំព្យូទ័រ​សរុប​ទូទាំង​ប្រទេស ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ Hacker។

និយាយ​ពី​បុព្វហេតុ​នៃ​ការ​វាយ​ប្រហារ​ពី​ពពួក​មេរោគ ឬ​ក្រុម Hacker មួយ​ផ្នែក គឺ​មាន​ជាប់​ពាក់​ព័ន្ធ​យ៉ាង​សំខាន់​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ ឬ Software មិន​មាន​អាជ្ញាប័ណ្ណ(Licence) នេះ​បើ​តាមលោក អ៊ូ ផាន់ណា រិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន HTECH និង ELITECH Distributor នាំ​យក​កម្មវិធី​កម្ចាត់​មេរោគ ESET ចូល​មក​ក្នុង​ប្រទេស​កម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ លើក​ឡើង​ថា ការប្រើ Software អត់​មាន Licence ត្រឹម ត្រូវ គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត ព្រោះ​នោះ​ជា​ច្រក​ដែល Hacker អាច​បញ្ចូល​មេរោគ​ទៅ​កុំព្យូទ័រ​យើង​បាន​ដោយ​ងាយ។

នៅ​កម្ពុជា លោក​​ ផាន់ណារិទ្ធ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់កុំព្យូទ័រឬ​កម្មវិធី​ផ្សេង​ៗ មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ គឺ​មាន​តិច​​តួច​នៅ​ឡើយ។ស្ថានភាព​បែប​នេះ ដូច​លោក​លើក​ឡើង​ គឺ​មាន​កម្រិត​ហានិ ភ័យ​ខ្ពស់​បំផុត ដែល​អាចកើត​មាន​លើ​ឯកសារ​សំខាន់​ៗ​នៅ​លើ​កុំព្យូទ័រ ដែល​របស់​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ពាណិ ជ្ជកម្ម​សម័យ​ឌីជីថល។ លោក​សង្កត់ថា ” សម័យ​នេះ យុគៈ​នេះ Data is very important អីចឹង​ហើយ​អ្នក​ដែល​មាន Data គឺ​ជា​អ្នក​ឈ្នះ ហើយ ព្រោះ​យុគៈ​នេះ គេធ្វើ Business Economic នៅ​លើ Data ហ្នឹង​ហើយ អីចឹង​ហើយ Data យើង​ត្រូវ Protect សំខាន់​បំផុត!”។

លោកលោក ប៊ុន ចាន់​ឈីម នាយក​ប្រតិបត្តិ Elitect Distributor ដែល​នាំ​កម្មវិធី ESET មក​កម្ពុជា បាន​អះអាង​ថា ការ​ប្រើ​ប្រាស់​កម្មវិធី​កម្ចាត់​មេរោគ គឺមាន​ប្រយោជន៍​៤យ៉ាង​​ទី១ ជួយ​ការពារ​ទិន្នន័យ ក៏​ដូច​ជា​ឯក សារ​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​កុំ​ព្យូទ័រ​ពី​ពពួក​មេរោគ។ ទី២ ជួយ​ការពារ​កុំព្យូទ័រ​ពី​ការ​ជាប់​គាំង​ដោយ​សារ​មេរោគ ។ ទី៣ ជួយ​ឲ្យ​មាន​សុវត្ថិភាព​លើ​ការ​ទូទាត់​តាម​រយៈ​ធនាគារ ដែល​ជា​ហានិភ័យ​ធំ​មួយ​នា​ពេល​បច្ចុប្បន្ន។ និង​ទី៤ រារាំង​សារ និង​ផ្ទាំង​ពាណិជ្ជកម្ម​ឥត​ប្រយោជន៍​ដែល​បង្ក​ឡើង​ដោយ​មេរោគ ហើយ​នេះ​ជា​ច្រក​មួយ​សម្រាប់​ក្រុម Hacker បញ្ចូល​មេរោគ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​យើងបានដោយជោគជ័យ៕

RELATED ARTICLES