ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ លិខិតជូនជនរួមជាតិ បង្ហាញនូវមោទនភាពថ្មី មួយទៀតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជា ត្រូវបានជ្រើសជាឯកច្ឆន្ទឱ្យធ្វើ ជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ ស្តីពី កិច្ចការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះ ប្រដាប់អាវុធ ក្នុងកិច្ចប្រជុំនៅទីស្នាក់ការកណ្តាល អង្គការយូណេស្ក នៅទីក្រុងប៉ារីស ប្រទេស បារាំង កាលពីថ្ងៃទី០៨–០៩ ខែធ្នូ ឆ្នាំ២០១៦។
សារលិខិតរបស់សម្តេចហ៊ុន សែន ចុះថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៦ មានខ្លឹមសារថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវបីតិសោមនស្សរីករាយយ៉ាង ក្រៃលែង ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវ បានជ្រើសរើសជាឯកច្ឆន្ទឱ្យធ្វើជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ ស្តីពីកិច្ចការពារសម្បត្តិ វប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ នៅ ក្នុងកិច្ចប្រជុំលើកទី១១ របស់ខ្លួន ដែលបាន ប្រព្រឹត្តទៅទៅនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស នៅថ្ងៃទី០៨ ដល់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ភាពជាប្រធានរបស់កម្ពុជា ក្នុងគណៈកម្មាធិការនេះ គឺជាជោគជ័យថ្មីមួយទៀត នៃ គោលនយោបាយអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ដែលត្រូវបាន លើកស្ទួយនិងអនុវត្តយ៉ាងសកម្មដោយរាជរដ្ឋាភិបាលកម្ពុជា និងក៏បង្ហាញយ៉ាងច្បាស់ផង– ដែរ នូវតួនាទីកាន់តែសំខាន់និងឈានមុខរបស់ ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេស នៅក្នុង វិស័យបេតិកភណ្ឌ និងវប្បធម៌សម្រាប់មនុស្ស ជាតិ។
អាស្រ័យដោយសារការចូលរួមយ៉ាងសកម្ម ដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុង ការងារពង្រឹងការអនុវត្តអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ នាពេលកន្លងមក ជាពិសេស ការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជាតិយូណេស្កូកម្ពុជា ប្រតិភូអចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការ យូណេស្កូ និងគណៈប្រតិភូកម្ពុជា ក្នុងការ ចលនាស្វែងរកការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ទើបសមាជិកនៃគណៈកម្មាធិការទាំងអស់បាន សម្រេចជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ធ្វើ ជាប្រធានសម្រាប់អាណត្តិ២០១៦–២០១៧។
ប្រការដែលគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព គឺក្នុងចន្លោះពេលតែបីឆ្នាំ ប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើ ជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាសំខាន់ៗ ចំនួនពីរ នៃអង្គការយូណេស្កូ ពោលគឺប្រធាន គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌ វប្បធម៌និងធម្មជាតិពិភពលោក កាលពីឆ្នាំ ២០១៣ និងជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ នាពេលនេះ។
ទាំងនេះពិតជាបានរួមចំណែកលើកតម្កើង កិត្តិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើ ឆាកអន្តរជាតិ កាន់តែប្រសើរឡើងថែមទៀត ដែលជាលទ្ធផលប្រសូតចេញពីការគោលនយោ បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងវិស័យ វប្បធម៌ និងជាកិត្តិយសដ៏ថ្លៃថ្លាដែលឆ្លុះបញ្ចាំង នូវភាពចាស់ទុំ និងតួនាទីរបស់កម្ពុជា លើឆាក អន្តរជាតិ ដើម្បីជាគុណប្រយោជន៍របស់បេតិក– ភណ្ឌមនុស្សជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាការពិតណាស់ ជោគជ័យទាំងនេះ ក៏ មិនអាចកាត់ផ្តាច់ចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកសាងនិងរក្សា បាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ គ្រប់វិស័យ”។
សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី កម្ពុជា បានបន្តថា “គួររំលឹកផងដែរថា គិតត្រឹម ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានប្រទេស ចំនួន១២៧ ជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ ក្នុងនោះ១០៤ ប្រទេសជារដ្ឋភាគីនៃពិធីសារ ទី១ ឆ្នាំ១៩៥៤ និងមាន៦៩ប្រទេស បានចូល ជារដ្ឋភាគីនៃពិធីសារទី២។ ពិធីសារទី២ គឺជា ក្របខ័ណ្ឌគតិយុត្តដ៏មានសារសំខាន់ដោយបាន បង្កើតឱ្យមាន “គណៈកម្មាធិការដើម្បីការពារ បេតិកភណ្ឌវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់ អាវុធ” ដែលជាយន្តការសម្រាប់អនុវត្តសញ្ញា ឆ្នាំ១៩៥៤ ជាមួយនឹងមុខងារចម្បងក្នុងការ ផ្តល់ ផ្អាក ឬលុបចោលកិច្ចការពារពិសេស និង ពិនិត្យសម្រេចផ្តល់ជំនួយអន្តរជាតិ ឬប្រើប្រាស់ “មូលនិធិដើម្បីការពារបេតិកភណ្ឌវប្បធម៌ក្នុង គ្រាមានជម្លោះប្រដាប់អាវុធ”។ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ នេះ កាន់តែទទួលបាន ការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការ វិវត្តន៍នៃសភាពការណ៍សកលលោក ពោលគឺ ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌ វប្បធម៌នៅជូំវិញពិភពលោក ជាក់ស្តែងនៅ មជ្ឈិមបូព៌ា។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹង តួនាទីជាប្រធានគណៈកម្មាធិការនេះ ដោយ មានការគាំទ្រនិងជួយជ្រោមជ្រែងយ៉ាងពេញ លេញពីបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ព្រមទាំបណ្តាប្រទេសទាំងអស់ ជារដ្ឋភាគីនៃអនុញ្ញា១៩៥៤ ព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរបស់ កិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការនេះ នៅចុងឆ្នាំ២០១៧ ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្មារតីនៃអនុសញ្ញា នេះ តាមរយៈការចលនា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា លើ ពិភពលោក ឱ្យបន្តផ្តល់សច្ចាប័នដល់អនុសញ្ញា ឆ្នាំ១៩៥៤ នេះ និងពិធីសារទាំងពីរ ជាពិសេស ពិធីសារទី២ ឆ្នាំ១៩៩៩ បន្ថែមទៀត សំដៅ ការពារបេតិកភណ្ឌនៃមនុស្សជាតិ ជាពិសេស បេតិកភណជាតិកម្ពុជាយើងឱ្យស្ថិតស្ថេរគង់វង្ស ដើម្បីជាគុណប្រយោជន៍សម្រាប់មនុស្សជាតិ បច្ចុប្បន្ន ក៏ដូចជាកូនចៅជំនាន់ក្រោយ”៕
ដោយ ៖ ខៀវទុំ