Friday, November 29, 2024
Homeព័ត៌មានជាតិគេវ៉ៃសន្លប់ ដឹងខ្លួនវិញ ដកកាំភ្លើងបាញ់

គេវ៉ៃសន្លប់ ដឹងខ្លួនវិញ ដកកាំភ្លើងបាញ់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល ឃាត់ខ្លួនបាន បន្ទាប់ពីរ ផឹកស៊ីទាស់សម្តីគ្នា និងវាយតប់គ្នាមិនអស់ចិត្ត ក៏ជិះម៉ូតូទៅយកកាំភ្លើងខ្លី ១ដើម មកបាញ់គំរាមជាច្រើនគ្រាប់ បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូលេខ៦០ម៉ែត្រ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមជនសង្ស័យដែលគេអះអាងថា ជាមេការ មីលការខុសត្រូវក្នុងការរដ្ឋាននៅក្នុងដីឡូត៍ខាងលើ និងក្រុមជនរងគ្រោះ សរុបជិត ១០នាក់ បានផឹកស៊ី បន្ទាប់ពីផឹកស៊ីស្រវឹងរៀងៗខ្លួន មេការ ម្នាក់ បានទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ហើយបានស្ទុះទៅវាយជនរងគ្រោះម្នាក់ ចំភ្នែកខាងស្តាំ បណ្តាលឱ្យជាំ។ ភ្លាមៗនោះ ជនរងគ្រោះ បានស្ទុះទៅចាប់មេការនោះ បោកទៅលើថ្មចាក់សាប បណ្តាលឱ្យសន្លប់ស្តូកស្តឹង។ មួយស្ទុះក្រោយមក ក៏ដឹងខ្លួនពីសន្លប់វិញ បានរត់ទៅជិះម៉ូតូ ១គ្រឿង ចេញទៅបាត់ លុះមួយស្ទុះក្រោយមក ក៏ជិះម៉ូតូត្រឡប់មកវិញ ដោយក្នុងដៃកាន់កាំភ្លើងខ្លី ១ដើម ម៉ាកឡុក ហើយបានបាញ់ឡើងលើ ជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ សហការជាមួយកម្លាំងខណ្ឌកំបូល ចុះអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងដកហូតបានសំបកគ្រាប់កាំភ្លើងដែលបានបាញ់រួច មួយគ្រាប់។

ក្រោយកើតហេតុ ក្រុមជនសង្ស័យ បានបោះកាំភ្លើងចោលបាត់ ចំណែកបក្ខពួក ៤នាក់ បានរត់គេចខ្លួនបាត់អស់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង  ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន ចំនួន៤នាក់នោះ មកចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES