ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញលិខិតព្រមាន និងដាក់ពិន័យមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយផាកពិន័យ ១០លានរៀល ក្រោយពីគ្លីនិកនេះ បានប្រព្រឹត្តកំហុសឆ្គងពាក់ព័ន្ធការដឹកអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ យកទៅកន្លែងរបស់ខ្លួន ខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានផ្ទាល់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវ ខុសច្បាប់ ដែលក្រសួងសុខាភិបាល បានហាមឃាត់។
លិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជម្រាបមកលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ មានខ្លឹមសារថា «ក្រសួងសុខាភិបាល សូមជម្រាបជូនលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៣ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជ្រាបថា រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានសង្កេតឃើញថា មន្ទីរពហុព្យាបាល ម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅកន្លែងមន្ទីរ ពហុព្យាបាល ម្លិះដង្កោ របស់ខ្លួន ខុសច្បាប់ ដែលក្រសួងសុខាភិបាល បានហាមឃាត់ និងបានធ្វើសេចក្តីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួន ចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ដូចនេះក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាង ក្រោមនេះ ៖
១. ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន ចាប់ពីថ្ងៃណែនាំនេះតទៅ។
២. ត្រូវផាកពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ១០ ០០០ ០០០រៀល (ដប់លានរៀល) ចំពោះកំហុសឆ្គងដែលមាន។
៣. ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល។
៤. ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល។
៥. ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទេនោះ ក្រសួង នឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យនិងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។
ទទួលបាននូវការព្រមាន និងការណែនាំខាងលើនេះ សូមលោកវេជ្ផបណ្ឌិត ស៊ឹម វន់ អនុវត្តឱ្យបានល្អប្រសើរ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។
ដោយឡែក នៅថ្ងៃដដែលនោះដែរ ក្រសួងសុខាភិបាល ក៏បានស្នើអភិបាលរាជធានីភ្នំពេញ ចាត់វិធានការឱ្យតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត ចំពោះម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានផ្ទាល់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវ ខុសច្បាប់ ដែលក្រសួងសុខាភិបាល បានហាមឃាត់។
លិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជម្រាបមកឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវត្ថុ «ស្តីពីការពង្រឹងនិងចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិក ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យ មិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពនៅតាមដងផ្លូវ» មានខ្លឹមសារថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាល សូមជ្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសារួចមកហើយ អំពីការហាមឃាត់ មិនអនុញ្ញាតឱ្យគ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ និងសាកសពគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្តើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយ ជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្តីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវ ដោយខុសច្បាប់ ដែលក្រសួងសុខាភិបាល បានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល តាមការគួរ…»៕ដារិទ្ធ