ខេត្តព្រះសីហនុ ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចុះទៅអប់រំណែនាំឱ្យប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន បស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។
ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀត ប្រដាប់ទៅដោយកាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបសាំង បានចេញមុខតវ៉ា រហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ យកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះទេព សារ៉ា ហៅ ទេព ម៉ៅ។ ទី២-ឈ្មោះឈិន បូនី។ ទី៣-ឈ្មោះ សេង មករា និងទី៤-ឈ្មោះឃួន តារ៉ា។
តាមចម្លើយសារភាពរបស់ជនទាំង៤នាក់ខាងលើ បានឱ្យដឹងថា ការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេខ្លោងនៅពីក្រោយ បោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដី ឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែលហើយបច្ចុប្បន្ននេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានកំណត់មុនសញ្ញាមេខ្លោងបានមួយចំនួនហើយ។
ជាមួយគ្នានេះ ជនសង្ស័យទាំង៤នាក់ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្ត និងចាកចេញពីទីតាំងដីកម្មសិទ្ធិឯកជន តាមការណែនាំរបស់អាជ្ញាធរ ខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់។
គួរបញ្ជាក់ថា សំណង់មិនរៀបរយនេះ មានការកើនឡើងច្រើនក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងមក ហើយរដ្ឋបាលខេត្ត បានអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្តងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕