Friday, September 20, 2024
Homeព័ត៌មានជាតិបុរសចំណាស់ ដួលស្លាប់លើដៃមិត្តស្រី

បុរសចំណាស់ ដួលស្លាប់លើដៃមិត្តស្រី

ភ្នំពេញ ៈ បុរសជាជនបរទេសម្នាក់ បានដួលស្លាប់នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ដោយដួលស្លាប់លើដៃមិត្តស្រីតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ២៥ ជាន់ទី៤ ផ្ទះសំណាក់រ៉ូយ៉ាល់ មានទីតាំងស្ថិតនៅលើផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សពបុរសខាងលើ មានឈ្មោះ BATTRICK NEIL STEVEN ភេទប្រុស អាយុ៥៤ឆ្នាំ (ឆ្នាំកំណើត ០៤ សីហា ១៩៦៨) ជនជាតិអៀរឡង់ មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ 1239899396 ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

តាមការបំភ្លឺពីសាក្សីឈ្មោះ ឡុង សុភា ភេទស្រី អាយុ៥២ឆ្នាំ ជាមិត្តភក្តិរបស់ជនរងគ្រោះ បានឱ្យដឹងថា គាត់និងជនរងគ្រោះ ត្រូវជាជាមិត្តភក្តិ ហើយគាត់តែងតែឧស្សាហ៍មកមើលជនរងគ្រោះ ដល់កន្លែងស្នាក់នៅរបស់គាត់រហូត។ លុះមកដល់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ គាត់បានជូនជនរងគ្រោះទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យសង់ត្រាល់ រួចក៏ត្រឡប់មកបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះវិញ។ ស្រាប់តែមកដល់វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ពេលដែលគាត់និងជនរងគ្រោះនៅក្នុងបន្ទប់ជាមួយគ្នា ជនរងគ្រោះ បានងើបទៅបត់ជើងក្នុងបន្ទប់ទឹក ដោយគាត់ក៏បានដើរទៅជាមួយដែរ តែពេលទៅដល់ក្នុងបន្ទប់ទឹក ស្រាប់តែជនរងគ្រោះទន់ជើងដួលទ្រោបមកលើរូបគាត់ ហើយសន្លប់លែងដឹងខ្លួនតែម្តង។

ស្ត្រីខាងលើ បន្តថា ភ្លាមៗនោះ គាត់ក៏បានស្រែកហៅអ្នកក្បែរបន្ទប់ មកជួយ រួចបានទូរស័ព្ទហៅរថយន្តសង្គ្រោះ ឱ្យជួយអន្តរាគមន៍ លុះមួយសន្ទុះក្រោយមក រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត បានមកដល់ ហើយគ្រូពេទ្យបានពិនិត្យមើលជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានបង្កើតគណៈកម្មការធ្វើកោសល្យវិច័យសព និងពិនិត្យកន្លែងកើតហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង។

សពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់នៅសាលតម្កល់សព វត្តទឹកថ្លា ដើម្បីរង់ចាំខាងក្រុមគ្រួសារ និងតំណាងស្ថានទូត មកទទួលនិងចាត់ចែងបន្ត៕

RELATED ARTICLES