Friday, September 20, 2024
Homeព័ត៌មានជាតិចាប់ខ្លួនប៉ូលិសសេដ្ឋកិច្ច និងបក្ខពួក៥នាក់

ចាប់ខ្លួនប៉ូលិសសេដ្ឋកិច្ច និងបក្ខពួក៥នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប៉ុនប៉ងរំដោះអ្នកទោស កាលពីអំឡុងចុងឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ស្រាប់តែបែកធ្លាយរឿងមានមន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ ផ្តល់កាំភ្លើងខ្លី ១ដើម ឱ្យរូបគេទុកការពារខ្លួន ពេលដើរចែកចាយលក់ថ្នាំញៀន ទើបឈានដល់ការចាប់ខ្លួនបក្ខពួកចំនួន៤នាក់ថែមទៀត សរុប៥នាក់ (ស្រី១)។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៥នាក់ ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានស្រុកមង្គលបុរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសហការជាមួយនគរបាលស្រុកមង្គលបុរី ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះអនុវត្តដីកាចាប់ខ្លួនលេខ ៣៤ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ របស់លោកអ៊ិត សម្ផស្ស ចៅក្រមជនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ហៅលុច ភេទប្រុស អាយុ២៧ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធស្ទាក់បាញ់រំដោះអ្នកទោស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងមក ។

បន្ទាប់ពីឃាត់ខ្លួន ឈ្មោះឡាំង សុថេត ហៅឡាំ ឡុច ហៅលុច និងដកហូតអាវុធខ្លី ១ដើម រួចមក ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីសាកសួររកបក្ខពួកបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឡាំង សុថេត បានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ឈ្មោះស៊ិន សុហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាអ្នកដើរចែកចាយថ្នាំញៀន ឱ្យឈ្មោះប៉ក់ ជាលី ហៅជៀវ អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៅការិយាល័យ (ក៧) នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈ្មោះប៉ក់ ជាលី ហៅជៀប នេះ ជាអ្នកឱ្យអាវុធខ្លី ១ដើម សម្រាប់ការពារខ្លួន និងដើរចែកចាយថ្នាំញៀនឱ្យរូបគេ (ប៉ក់ ជាលី ហៅជៀប) ទៀតផង។

បន្ទាប់ពីបានចម្លើយសារភាពពីឈ្មោះឡាំង សុថេត រួចហើយ និងដោយបានការឯកភាពពីលោកកើត សុវណ្ណរ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះប៉ក់ ជាលី ហៅ ជៀវ និងឆែកឆេរបន្ទប់ស្នាក់នៅ ប៉ុន្តែមិនបានរកឃើញភ័ស្តុតាងអ្វីនោះទេ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះហើយ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ចំនួន២នាក់បន្ថែមទៀត ក្នុងនោះម្នាក់ឈ្មោះនួន វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យ៥នាក់ រួមជាមួយអាវុធខ្លី ១ដើម ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES