Tuesday, November 26, 2024
Homeព័ត៌មានជាតិមេខ្លោងទន្ទ្រានដីព្រៃ ចូលខ្លួនសារភាពកំហុស តាមនាយករដ្ឋមន្ត្រី អំពាវនាវ

មេខ្លោងទន្ទ្រានដីព្រៃ ចូលខ្លួនសារភាពកំហុស តាមនាយករដ្ឋមន្ត្រី អំពាវនាវ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ដែលជាមេខ្លោងដឹកនាំនិងបំផុសបំផុលប្រជាពលរដ្ឋ ចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយអះអាងថា ខ្លួនជាជនរងគ្រោះ ព្រមទាំងស្រែកយំននៀលដី ដង្ហោយហៅសម្តេចប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍នោះ បានចូលខ្លួនមកសារភាពកំហុស នៅចំពោះមុខអាជ្ញាធរខេត្តព្រះសីហនុ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមេខ្លោងកាប់ទន្ទ្រានដីព្រៃរដ្ឋ ចេញមុខសារភាពកំហុស នោះ រូបគេនឹងមិនត្រូវបានជាប់ឃុំ។

គួររំលឹកថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចបានឃើញបុគ្គលម្នាក់ ពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេច ជួយ។ ក្រោយពីបានបញ្ជូនករណីនេះទៅអភិបាលខេត្តព្រះសីហនុ ទើបសម្តេច បានដឹងថា ក្រុមជននោះ ជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេច ឱ្យជននោះចេញមុខទទួលខុសត្រូវ និងសារភាពកំហុស នោះរូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។

សម្តេចហ៊ុន សែន ថ្លែងនៅបេលនោះថា “ត្រូវតែទទួលខុសត្រូវ អ្នកឯងប្រមូលប្រជាជនទៅកាប់ទន្ទ្រានដីរបស់រដ្ឋ ប្រជាជន គេឱ្យទៅផ្ទះ ប៉ុន្តែមេខ្លោងនៃចលនា ត្រូវតែទទួលខុសត្រូវ។ អ៊ីចឹងបានជាខ្ញុំចង្អុលបង្ហាញទៅ គួច ចំរើន ថាឱ្យតាមរកអ្នកធ្វើសម្ភាសន៍។ សូមឱ្យអ្នកធ្វើសម្ភាសន៍នោះ បើបានឃើញហើយ នាំមនុស្សនោះទៅ (រដ្ឋបាលខេត្តព្រះសីហនុ) គេមិនឃុំទេ កុំឆ្ងល់ ដឹងដល់នាយករដ្ឋមន្ត្រី គេមិនឃុំទេ ប៉ុន្តែសូមឱ្យអ្នកឯងមានការទទួលខុសត្រូវជាមួយនឹងការដែលអ្នកឯងបានធ្វើកំហុស”។

រហូតមកដល់វេលាយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូឃ្លីបមួយ ស្តីពីចម្លើយសារភាពរបស់ឈ្មោះផុន ផេន ជាអ្នកដឹកនាំនិងបំផុសបំផុលប្រជាពលរដ្ឋចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កន្លងមក។

តាមរយៈវីដេអូឃ្លីបនោះ បុរសឈ្មោះផុន ផេន បានរៀបរាប់ថា “ខ្ញុំបាទផុន ផេន ភេទប្រុស ប្រពន្ធ ព្រំ ឃុន កូន៦នាក់ មានលំនៅសព្វថ្ងៃ នៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ខ្ញុំបាទបាននាំកម្លាំងប្រជាពលរដ្ឋ គឺមានគ្នាខ្នងខ្ញុំដូចជា កែម អាង នាង វឹង និងប្រជាពលរដ្ឋមួយចំនួនទៀត បានធ្វើសកម្មភាពនាំគ្នាទៅយកដីរដ្ឋ នៅគីឡូ១៥ ភូមិចាំស្រី ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយខ្ញុំបាទបានទៅយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ បើបានក៏បានទៅ បើមិនបានក៏ហីទៅ តែដោយឡែកពេលខ្ញុំទៅដល់ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនប្រជាពលរដ្ឋ បានចំនួន ១០នាក់ អ៊ីចឹងហើយខ្ញុំបាទ បាននាំគ្នាផ្ទះវិញ ដោយភិតភ័យ ខ្ញុំក៏អត់នៅកន្លែងដីហ្នឹងទៀត អ៊ីចឹងហើយ ខ្ញុំក៏បានផ្សាយទៅសារព័ត៌មាន ហៅសារព័ត៌មានមកជួយផ្សព្វផ្សាយ ដើម្បីឱ្យដឹងដំណឹងដល់សម្តេច ហើយខ្ញុំនិងសារព័ត៌មាន ក៏មិនដែលស្គាល់គ្នាពីមុនមកដែរ ហើយដែលខ្ញុំបាទ និងឪ អ៊ឹង លីហូវ ឈ្មោះរិន ឌី ហ្នឹង រួមគំនិតគ្នា ហើយក៏គាត់បានអាវបក្ស អាវអីហ្នឹង បានមកពីគាត់ ខ្ញុំក៏មានគំនិតថា បើបានអាវបក្ស គណបក្សប្រជាជន យកមកពាក់ ហើយនាំគ្នាស្រែកឱ្យសម្តេច ជួយ ហើយសារព័ត៌មាន GN Times គាត់អត់បានរៀបចំទេ កិច្ចការហ្នឹង គឺខ្ញុំគ្រាន់តែឱ្យគាត់មកផ្សាយទេ គឺគាត់អត់បានរៀបចំ ហើយខ្ញុំក៏អត់ដែលស្គាល់គាត់ថាអ្នកណាផង ហើយសម្រាប់ដែលខ្ញុំនិយាយហ្នឹង គាត់មកផ្សាយហ្នឹង បានថតគេអស់ហើយ តែខ្ញុំបានទៅសុំគាត់ថា លោកគ្រូ ខ្ញុំសុំមួយផង អ៊ីចឹងដល់គាត់ចាប់យកខ្ញុំអ៊ីចឹងមក ខ្ញុំនិយាយដោយរំជួលចិត្ត ក៏យំឱ្យសម្តេច ជួយអ៊ីចឹងទៅ ដោយខ្ញុំផ្សាយព័ត៌មាន តាមពិតខ្ញុំ ធ្វើខុសសោះ បែរជាចោទថាអាជ្ញាធរធ្វើខុសវិញ ដោយឃើញអាជ្ញាធរចាប់ប្រជាពលរដ្ឋ ខ្ញុំចង់ឱ្យសម្តេច ជួយអន្តរាគមន៍ ដល់ហើយ ខ្ញុំចេះតែស្រែក ដោយសារអី ដោយសារកម្រិតវប្បធម៌ខ្ញុំទាប ខ្ញុំក៏អត់យល់ដឹងដែរ ចង់ឱ្យតែសម្តេច ជួយពេក អ៊ីចឹងបានខ្ញុំស្រែកថា អយុត្តិធម៌ណាស់!ៗ អ៊ីចឹងបានខ្ញុំធ្វើខុសច្បាប់ តែខ្ញុំមិនគិតថាខ្ញុំខុសច្បាប់ អាជ្ញាធរទៅដល់ទីនោះ គឺអាជ្ញាធរបានឃាត់ពួកខ្ញុំ មិនឱ្យធ្វើសកម្មភាពអ៊ីចឹង តែដល់ពេលពួកខ្ញុំឃើញអាជ្ញាធរចាប់ពួកខ្ញុំអ៊ីចឹង ក៏ចោទថា អាជ្ញាធរចាប់ពួកខ្ញុំខុសច្បាប់ ទាំងដែលខ្លួនឯងទៅបំផ្លាញដីរដ្ឋ»។

បុរសដដែល បានសារភាពបន្តថា «អ៊ីចឹងហើយ ខ្ញុំបាទបាននាំគ្នាត្រឡប់មកវិញ ហើយភ័យខ្លាចចាប់ខ្ញុំដែរ ខ្ញុំក៏រត់ទៅនៅភ្នំពេញ១រយៈសិនទៅ ដល់បានឮសម្តេច ប្រកាស ខ្ញុំក៏បានចូលខ្លួនមកតាមសម្តេច ប្រកាសឱ្យចូលខ្លួនមក មកបំភ្លឺនៅតុលាការខេត្តព្រះសីហនុ ហ្នឹងទៅ អ៊ីចឹងគេមិនធើអីទេ មកចូលខ្លួនមក អ៊ីចឹងខ្ញុំក៏មកតាមសម្តេច អំពាវនាវអ៊ីចឹងទៅ ហើយចំពោះថា ផុសថា ខ្ញុំអត់បានគេចខ្លួនមិ នមែនទេ ការពិតគឺខ្ញុំគេចខ្លួនមែន គ្រាន់តែដឹងថា សម្តេច ឱ្យមក ខ្ញុំក៏មកភ្លាម។ អ៊ីចឹងខ្ញុំក៏សូមអភ័យទោស រាល់កំហុសឆ្គង សម្តេច អើយ សូមអភ័យទោសដល់កូនចៅដែលបានធ្វើខុស សូមសម្តេច ទាំងទ្វេ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងតុលាការខេត្តទាំងអស់ អត់ទោសដល់ខ្ញុំបាទផង ចំពោះកំហុសរបស់ខ្ញុំដែលបានធ្វើខុសទៅហើយ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំបំផ្លាញធនធានធម្មជាតិ សូមជួយថែរក្សាធម្មជាតិវិញ…”៕

RELATED ARTICLES