ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ចំនួន២ បន្ថែមទៀត ដែលមានតម្លៃសរុប ជាង ៤៦លានដុល្លារអាមេរិក។
ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចម្ការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ៊្វាវាំង គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦ ៧៧៥ ០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦ ៧៧៥ ០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ចំណែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ៊្វាវាំង គង់ សំអុល ចំណាយថវិកា ១០ ០០០ ០០០ដុល្លារអាមេរិក និងចំណាយពេលសាងសង់ ១៦ខែ។
សម្ដេចហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួនពីរបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទ ថា «ស្ពានអាកាសព្រះមុនីវង្ស»។ រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ី បានដាក់ឈ្មោះថា «ស្ពានអាកាស គង់ សំអុល»។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ តម្រូវការរបស់ប្រជាពលរដ្ឋ ខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុន តម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋ មិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ សម្រាប់ធ្វើដំណើរវិញ។
សម្តេចហ៊ុន សែន បានមានប្រសាសនថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោត ខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រហូតពេលបច្ចុប្បន្ន រាជធានីភ្នំពេញ បានចំណាយលើការសាងសង់ ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាស សរុបថវិកា ជាង ២២៦លានដុល្លារអាមេរិក ។ នៅថ្ងៃនោះដែរ សម្តេចហ៊ុន សែន បានមានប្រសាសន៍បង្ហើបថា រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯម នាពេលខាងមុខផងដែរ។
ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ សម្តេចហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ លោកខឹម វាសនា។ សម្តេច បានមានប្រសាសន៍ថា បំណងលោកខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ សម្តេច បានថ្លែងថា ភ្លាមៗ សម្តេចបានបញ្ជាទៅកងកម្លាំង ត្រូវប្រយ័ត្ន មិនឱ្យចូលក្នុងអន្ទាក់របស់លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្តេច បានថ្លែងថា លោកខឹម វាសនា អត់បានអំពាវនាវឲ្យប្រជាពលរដ្ឋងើបប៉ះបោរផ្តួលរំលំរាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជា នោះឡើយ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោកខឹម វាសនា សម្តេច បានដាក់ចេញបទបញ្ជាចំនួនពីរ ៖ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី២ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុនតាឯក នោះទេ។ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ដីនៅរុនតាឯក អត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រខឹម វាសនា នោះឡើយ។ សម្តេច បានថ្លែងថា បើខឹម វាសនា ចិត្តល្អ គួរបែងចែកដីចម្ការ ១២ហិកតារនោះ ឱ្យទៅអ្នកគាំទ្រទៅ។
សម្តេចនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលស្ពានអាកាស ចំនួនពីរបន្ថែមទៀតនៅថ្ងៃនោះ និងចុងបញ្ចប់ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញចុចប៊ូតុងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ចំនួនពីរ ចាប់ពីពេលនេះតទៅ៕ ខៀវទុំ