Tuesday, November 26, 2024
Homeព័ត៌មានជាតិគូស្នេហ៍ រួមដៃគ្នាបោកលុយ ១ម៉ឺនដុល្លារ

គូស្នេហ៍ រួមដៃគ្នាបោកលុយ ១ម៉ឺនដុល្លារ

ភ្នំពេញ  ៈ ជនសង្ស័យជាគូស្នេហ៍ ២នាក់ (ប្រុសស្បែកខ្មៅ និងនារីខ្មែរ) បានប្រើល្បិចឆបោកបុរសម្នាក់ ដោយម្នាក់ដើរតួថា ខ្លួនកំពុងជាប់គាំងនៅប្រទេសអ៊ុយក្រែន និងមានលុយមហាសាល ចង់ផ្ញើមកទុកនៅស្រុកខ្មែរ ដោយរើសយកបុរសម្នាក់ ឱ្យជួយមើលថែ។ បន្ទាប់មក នារីជាគូស្នេហ៍ជនឆបោក បានប្រើល្បិចដើរតួជាមន្ត្រីគយ ទាមទារប្រាក់បង់ពិន័យពីបុរសរងគ្រោះជាជាបន្តបន្ទាប់ រាប់ម៉ឺនដុល្លារ ទីបំផុតបែកការ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនគូស្នេហ៍ខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆបោកនេះ បានកើតឡើងនៅអំឡុងខែសីហា ឆ្នាំ២០២២ ប៉ុន្តែរឿងរ៉ាវទើបបែកធ្លាយ បន្ទាប់ពីជនរងគ្រោះ បានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចទីតាំងវីង វេរលុយមួយកន្លែង ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា។

គូស្នេហ៍ឆបោកទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិកូដឌីវ័រ និងទី២-ឈ្មោះដូង ធារី ភេទស្រី ជនជាតិខ្មែរ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឯ.ព.ស ភេទប្រុស មានលំនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុក ឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អ ជួយរក្សាទុកឱ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះ ឈ្មោះ ឯ.ព.ស ភេទប្រុស មានលំនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់មកក៏មានស្ត្រីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្ត្រីគយ ដែលបានឃាត់ប្រាក់ខាងលើ ដោយស្ត្រីនោះ បញ្ជាក់ថា ទាល់តែបង់ប្រាក់ពិន័យ ចំនួន ១៧ ៥០០ដុល្លារ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ បានផ្ញើប្រាក់ជាបន្តបន្ទាប់ សរុប ៩១២០ដុល្លារ។

ប៉ុន្តែក្រោយពីផ្ញើប្រាក់រួច ជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុក ឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថា ចាញ់បោកគេហើយ។ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមក ឱ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០ដុល្លារទៀត នឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែង ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ព្រមទាំងដកហូតសម្ភារៈ រួមមាន ប្រាក់ដុល្លារ ចំនួន ៥៨០០ដុល្លារ (ប្រាក់របស់ជនរងគ្រោះ) ទូរស័ព្ទ ចំនួន៤គ្រឿង (អិនចុចពិល ២គ្រឿង ស្មាតហ្វូន ២គ្រឿង) លោហធាតុពណ៌លឿង (ខ្សែដៃ១ ខ្សែក១) ស៊ីមកាត មួយចំនួន លិខិតឆ្លងដែន ១ក្បាល និងសៀវភៅលេខទូរស័ព្ទរបស់ជនរងគ្រោះ ១ក្បាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិវ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះ តាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះ ថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឱ្យ ជនរងគ្រោះ ជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ។ បន្ទាប់មក ឈ្មោះ ASIA បានផ្ញើលេខទូរស័ព្ទរបស់ជនរងគ្រោះ ឱ្យទៅឈ្មោះ N’ CHO MARCEL ហើយឱ្យស្ត្រីម្នាក់ដើរតួជាគយ បង្គាប់ឱ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធ ដើម្បីយកទំនិញនោះចេញ។

ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES