Tuesday, November 26, 2024
Homeព័ត៌មានជាតិថៃ អនុញ្ញាតឱ្យពលរដ្ឋខ្មែរ យកឡានចេញចូលផ្សាររោងក្លឿ

ថៃ អនុញ្ញាតឱ្យពលរដ្ឋខ្មែរ យកឡានចេញចូលផ្សាររោងក្លឿ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយបើកកិច្ចពិភាក្សា កាលពីចុងខែសីហា ឆ្នាំ២០២២ រវាងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ថៃ ជាលទ្ធផល ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២២ នេះ បងប្អូនប្រជាពលរដ្ឋខ្មែរ អាចយករថយន្តផ្ទាល់ខ្លួន ធ្វើចរាចរណ៍ចេញចូលទៅផ្សាររោងក្លឿ បានដូចមុនវិញហើយ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីលោកបានជួបពិភាក្សាជាមួយនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក កាលពីចុងខែសីហា ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ភាគីទាំង២ ក៏បានជួយសម្រួលដល់ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងអាជីវករខ្មែរ អាចធ្វើដំណើរចេញចូលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានយ៉ាងស្រួល និងអាចយករថយន្តផ្ទាល់ខ្លួន ចូលទៅកាន់ផ្សាររោងក្លឿ បានផងដែរ។

បើតាមនាយនគរបាលប៉ុស្តិ៍រូបនេះ បងប្អូនជាអាជីវករដែលចង់យករថយន្តផ្ទាល់ខ្លួន ចូលក្នុងទឹកដីថៃ ត្រូវមានប័ណ្ណព្រំដែន ឬក៏លិខិតឆ្លងដែន និងឯកសារថយន្តដែលពាក់ព័ន្ធជាមួយការធានារ៉ាប់រងផងដែរ៕

RELATED ARTICLES