Tuesday, November 26, 2024
Homeព័ត៌មានជាតិជនជាតិអាមេរិក បេះដូងខ្មែរ រង់ចាំ២០ឆ្នាំ ទទួលបានសញ្ជាតិខ្មែរ

ជនជាតិអាមេរិក បេះដូងខ្មែរ រង់ចាំ២០ឆ្នាំ ទទួលបានសញ្ជាតិខ្មែរ

ភ្នំពេញ ៖ បុរសម្នាក់ ជាជនជាតិអាមេរិក ស្បែកស តែមានបេះដូងជាខ្មែរ ស្រឡាញ់ទឹកដីនិងជនជាតិខ្មែរ បានមករស់នៅនិងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា ព្យាយាមរៀនអក្សរនិងភាសាខ្មែរ ចេះស្ទាត់ទាំងនិយាយ អាន និងសរសេរ ព្រមទាំងបានរៀបការតាមប្រពៃណីខ្មែរ និងមានកូននៅស្រុកខ្មែរ ហើយប្រាប់ថា ចង់បានចូលសញ្ជាតិខ្មែរនោះ ទីបំផុត បន្ទាប់ពីរង់ចាំអស់ ២០ឆ្នាំ លោកក៏បានទទួលសញ្ជាតិខ្មែរ ដូចបំណងប្រាថ្នា ។

          បុរសជនជាតិអាមេរិក ដែលទទួលបានសញ្ជាតិខ្មែរនោះ មានឈ្មោះ យូរ៉ាយ លីហ្វដ (Uriah Lyford) អាយុ៣៧ឆ្នាំ មានភរិយា ឈ្មោះណាអូមី លីហ្វដ (Naomi Lyford) និងមានកូន២នាក់ សព្វថ្ងៃរស់នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។     

          ក្រោយទទួលបានសញ្ជាតិខ្មែរ លោកយូរ៉ាយ លីហ្វដ ដែលចេះនិយាយនិងសរសេរភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ បានចេញវីដេអូ បង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក បង្ហាញនូវអារម្មណ៍រីករាយ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ជាមួយការបញ្ជាក់ថា ថ្ងៃ​ដែលលោក​រង់​ចាំ​អស់ ​២០​ឆ្នាំ ​បាន​មក​ដល់​ហើយ គឺពេលនេះ លោកបានក្លាយជាជនជាតិខ្មែរមួយរូប ហើយលោកសន្យាថា នឹងលើកតម្កើងអ្វីដែលជារបស់ខ្មែរ ពេញមួយជីវិត ។

          លោកយូរ៉ាយ លីហ្វដ បញ្ជាក់ថា ការទទួលបានសញ្ជាតិខ្មែរ នាពេលនេះ គឺបានតែរូបលោកម្នាក់ប៉ុណ្ណោះ ដោយឡែកភរិយារបស់លោក មិនទាន់ទទួលបានសញ្ជាតិខ្មែរ នៅឡើយទេ បើទោះបីភរិយានិងកូនរបស់លោក អាចនិយាយភាសាខ្មែរ បានខ្លះផងដែរក៏ដោយ។ ប៉ុន្តែលោកជំរុញលើកទឹកចិត្តឲ្យភរិយានិងកូនទាំងពីររបស់លោក រៀនភាសាខ្មែរ បន្ថែមទៀត ហើយក៏សង្ឃឹមថា រយៈពេល៥ឆ្នាំទៀត ប្រពន្ធរបស់លោក ក៏នឹងទទួលបានសញ្ជាតិខ្មែ ដូចលោកដែរ ។

          លោកយូរ៉ាយ លីហ្វដ បាននិយាយនៅក្នុងវីដេអូនោះ ដោយរំភើបរីករាយ រួមជាមួយភរិយានិងកូនតូចរបស់លោកថា “យែស! ឥឡូវក្លាយជាជនជាតិខ្មែរហើយ ! យែស! ស្ដាប់ឮដំណឹងពីបងប្អូននៅភ្នំពេញ បញ្ជាក់ថា ឯកសារសរសេររួចរាល់ វ៉ៃត្រា ឥឡូវក្លាយជាជនរួមជាតិជាមួយនឹងបងប្អូនទាំងអស់គ្នា ខ្មែរយើងតែម្ដង ។ អ៊ីចឹងឥឡូវ អាប៊ី (កូន) ខ្មែរហើយ អាប៊ី រាប់មួយពីរបីទៅ! ឥឡូវត្រូវតែឲ្យរៀនអក្សរខ្មែរ ឲ្យច្បាស់ (កូនស្រីរាប់លេខខ្មែរ ៖ មួយ ពីរ បី បួន» ។ ល្អណាស់កូន ឥឡូវត្រូវរៀនខ្មែរ ឲ្យចេះ ដោយសារខ្លួនឯងជាជនជាតិខ្មែរ តែម្ដង មានតែម្ដាយ ប្រពន្ធបរទេស ប្ដីខ្មែរ ប្រពន្ធបារាំង ។ អាប៊ី កូនខ្មែរ បង្រៀនម៉ែបរទេសទៅ ម៉ែបារាំង ។ តែអត់អីទេ អត់ប្រកាន់អីទេ…»។

លោកយូរ៉ាយ បន្តថា «ខ្ញុំសូមអរគុណបងប្អូនទាំងអស់ ដែលណែនាំពីរបៀបចូលសញ្ជាតិ តាមផ្លូវសន្តិវិធី រហូតដល់ឥឡូវបានសម្រេចហើយ ។ ថ្ងៃនេះជាថ្ងៃត្រេកអរមែនទែន ស្ដាប់ឮដំណឹង ចង់ប្រាប់បងប្អូន អបអរសាទរជាមួយនឹងគ្នា ។ អរគុណច្រើនបងប្អូន ដែលបានផ្ដល់កម្លាំងចិត្ត ការណែនាំ ហើយខ្ញុំសូមសន្យាថា នឹងចំណាយជីវិត លើកតម្កើងអ្វីដែលជារបស់ខ្មែរ ។ អ៊ីចឹងទៅខ្ញុំសូមអរគុណ ហើយសូមថ្លែងអំណរគុណដល់សម្ដេច ហើយព្រះមហាក្សត្រ ដែលព្រមអនុញ្ញាតឲ្យខ្ញុំក្លាយជាជនជាតិខ្មែរ“ ។

          គួរបញ្ជាក់ថា លោកយូរ៉ាយ លីហ្វដ (Uriah Lyford) ​ជា​ជនជាតិ​អាមេរិកាំង​ម្នាក់ ដែល​ស្រឡាញ់​ប្រទេស​ខ្មែរ និង​វប្បធម៌​ខ្មែរ យ៉ាង​ងប់ងុល។ ដូច្នេះ​ហើយ ទើប​លោក​នាំ​ទាំង​គ្រួសារ​មក​រស់​នៅនិងធ្វើការ​ព្រះរាជាណាចក្រ​កម្ពុជា ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជនជាតិ​បរទេស​ដែល​ចេះ​អាន និយាយ និង​សរសេរ​ភាសា​ខ្មែរ យ៉ាង​ច្បាស់​រូប​នេះ ថែម​ទាំង​ធ្លាប់​មាន​បំណង​នាំ​ឪពុកម្ដាយ​របស់​លោក ​មក​រស់​នៅ​ជុំ​គ្នានៅប្រទេសកម្ពុជា ចូលសញ្ជាតិកម្ពុជា ​ទៀត​ផង ​នា​ពេល​ខាង​មុខ។ បំណង​នេះ ត្រូវ​បាន​លោក​ប្រាប់​ទៀត​ថា ម្ដាយ​ឪពុក​របស់​លោក ​យល់​ព្រម ប្រសិន​បើ​ពួក​គាត់​ទាំង​ពីរ ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ ​ពីរាជរដ្ឋាភិបាល​កម្ពុជា នោះ​ពួក​គាត់​នឹង​រីករាយ​ចំណាយ​ជីវិត​ចុង​ក្រោយ ​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

          លោកយូរ៉ាយ បានមកដល់កម្ពុជា ក្នុងបេសកកម្មសប្បុរសធម៌ ក្នុងនាមជាអ្នកប្រតិបត្តិសាសនាគ្រិស្ដ ហើយបច្ចុប្បន្ននេះ លោកគឺជាប្រធានសាលា UofN Poipet ដែលបានជួយបណ្តុះបណ្តាលជំនាញភាសា សីលធម៌ និងផ្នត់គំនិតយុវជនកម្ពុជា ។

          កន្លងមក ជាមួយនឹងការស្រលាញ់វប្បធម៌ខ្មែរនិងបេះដូងជាខ្មែរ លោកយូរ៉ាយ ក៏ធ្លាប់និពន្ធបទចម្រៀង ស្ដីពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបានច្រៀងដោយខ្លួនឯងបានយ៉ាងពីរោះផងដែរ ។

«នគរធំ» សូមអបអរសាទរលោកយូរ៉ាយ លីហ្វដ ដែលបានក្លាយជាជនរួមជាតិខ្មែរ​ យើងមានមោទនភាពដែលបានកើតជាជនជាតិខ្មែរ និងទទួលបានការស្រឡាញ់ពីលោក ដែលជាជនជាតិ​ខ្មែរ ដើមកំណើតអាមេរិក ស្រឡាញ់ទឹកដីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ៕ ខៀវទុំ    

RELATED ARTICLES