ខេត្តមណ្ឌលគិរី ៖ ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ ដោយខុសច្បាប់ គឺជាកត្តាគំរាមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់គ្រប់ភាគីទាំងអស់ ត្រូវចូលរួមក្នុងការដោះ ស្រាយបញ្ហាអន្ទាក់នេះ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ច នៅក្នុងដែនជម្រកសត្វព្រៃ ស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ លើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃ របស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។ ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ ស្រែពក ដែលជាតំបន់ព្រៃ ល្បោះធំជាងគេ នៅអាស៊ីអាគ្នេយ៍ ដែលមានផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតារ។
លោកនេត្រ ភក្ត្រា បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃ ភ្នំព្រេច នៅតែប្រឈមមុខនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ ចុះនេះ ដោយសារតែកត្តាគំរាមកំហែងចម្បង គឺអន្ទាក់ ការប្រើប្រាស់កាំភ្លើងពិត និងកាំភ្លើងកែច្នៃ ដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែ ប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។ លោកបន្តថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចម្ពាម មានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះ ប្រភេទសត្វព្រៃខ្លះ ប្រភេទពានរ រួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាប ដូចជា សត្វត្មាត មានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃ ស្រែពក។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គ្រប់ភាគីទាំងអស់ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗ រួមទាំងវិធានការច្បាប់ និងវិធានការសេដ្ឋកិច្ច ទន្ទឹមគ្នា។
តាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅឆ្នាំ២០២១ កន្លងទៅ អន្ទាក់ជាង ១២០០០ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃ ភ្នំព្រេច និងដែនជម្រកសត្វព្រៃ ភ្នំព្រេច។ កត្តាអន្ទាក់ បាននឹងកំពុងគំរាមកំហែងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ។
កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការ WWF បានថ្លែងថា បើប្រៀបធៀបទិន្នន័យសត្វព្រៃក្នុងដែនជម្រកសត្វព្រៃ ស្រែពក និងភ្នំព្រេច ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ ក្នុងរយៈពេល១១ឆ្នាំ ចំនួនសត្វទន្សោង ធ្លាក់ចុះចំនួន ៨៩ភាគរយ គឺពីចំនួន ៣០១៣ ក្បាលនៅឆ្នាំ២០១០ (ក្នុងនោះនៅក្នុងដែនជម្រកសត្វព្រៃ ស្រែពក មានទន្សោង ចំនួន ១៩១១ក្បាល និងដែនជម្រកសត្វព្រៃ ភ្នំព្រេច មានចំនួន ១១០២ក្បាល) មកនៅត្រឹម ៤៣៩ក្បាល (ស្រែពក ចំនួន ១២២ក្បាល និងភ្នំព្រេច ចំនួន ៣១៧ក្បាល) នៅឆ្នាំ ២០២២ នេះ។ សត្វឈ្លូស ធ្លាក់ចុះចំនួន ៦៥ភាគរយ ពីចំនួនសត្វឈ្លូស ចំនួន ៦៩៩៦ក្បាល (ស្រែពក ចំនួន ៤៤៥៣ក្បាល និងភ្នំព្រេច ចំនួន ២៥៤៣ក្បាល) មកនៅចំនួន ២៤៦៦ក្បាល (ស្រែពក ចំនួន ១២៤៧ក្បាល និងភ្នំព្រេច ចំនួន ១២១៩ក្បាល)។ សត្វជ្រូកព្រៃ ធ្លាក់ចុះចំនួន ១៥ភាគរយ ពីចំនួន ៤៩០៩ក្បាល (ស្រែពក ចំនួន ៣៣១៩ក្បាល និងភ្នំព្រេច ចំនួន ១៥៩៥ក្បាល) មកនៅចំនួន ៤១៦២ក្បាល នៅឆ្នាំ២០២២ (ស្រែពកចំនួន ៣៣៦៥ក្បាល និងភ្នំព្រេច ៧៩៧ក្បាល)។
លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានថ្លែងថា តំបន់ទេសភាពភាគខាងកើត គឺជាគ្រាប់ពេជ្រមិនទាន់ច្នៃ ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃ ស្រែពក ជាតំបន់ព្រៃល្បោះ ដែលជាជម្រកសត្វប្រភេទក្រចកជើងចម្ពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០% នៃសត្វទន្សោងនៅលើពិភពលោក រស់នៅតំបន់ដែនជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរី។ លោកបានគូសបញ្ជាក់ពីភាពចាំបាច់ដែលត្រូវគ្រប់គ្រងនិងអភិរក្សឱ្យបាន លើតំបន់អភិរក្សនេះ ដើម្បីបង្កើនចំនួនជីវៈចម្រុះ។
ក្នុងអំឡុងទស្សនកិច្ចនេះដែរ ក្រុមការងារក្រសួងបរិស្ថាន និងអង្គការ WWF បានចុះពិនិត្យការរៀបចំការប្រមូលទិន្នន័យនៅលើទីវាល ពីសំណាក់ក្រុមអ្នកស្រាវជ្រាវ។
លោកនេត្រ ភក្ត្រា បានថ្លែងថា ការសិក្សាពីរបាយសត្វព្រៃ មានសារសំខាន់ដើម្បីរៀបចំរបាយការណ៍ពីវត្តមានសត្វព្រៃ ក្នុងតំបន់អភិរក្ស និងផ្តល់ធាតុចូលបន្ថែម សម្រាប់ក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិរក្សដែនជម្រកសត្វព្រៃ ស្រែពក និងភ្នំព្រេច រៀបចំផែនការសកម្មភាព និងវិធានការចាំបាច់អាទិភាពនានា ដើម្បីការពារថែរក្សាអភិរក្សសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ ទាំងពីរនេះ ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ខណៈសត្វព្រៃ នៅតែទទួលរងនូវការគំរាមកំហែងពីអន្ទាក់គ្រប់ប្រភេទ៕