Tuesday, November 26, 2024
Homeព័ត៌មានជាតិយុវជនម្នាក់ សុខចិត្តចោលឡាននិងមុខរបរ ទៅនៅជាមួយខឹម វាសនា

យុវជនម្នាក់ សុខចិត្តចោលឡាននិងមុខរបរ ទៅនៅជាមួយខឹម វាសនា

ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ប្អូនប្រុសបង្កើតរបស់គាត់ បានទៅតាមលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយស្នាក់នៅក្នុងចម្ការលោកខឹម វាសនា ជាច្រើនថ្ងៃមកហើយ សុខចិត្តចោលឡាននិងមុខរបរ តែមិនចោលខឹម វាសនា ជាដាច់ខាត ទោះបីលោកបានយកឡានដែលលោកទិញឲ្យគេរត់តាក់ស៊ីនោះបានមកវិញហើយក៏ដោយ ក៏គេមិនព្រមវិលមកផ្ទះ បន្តប្រកបរបររកស៊ីនោះឡើយ គឺគេនៅបន្តស្មោះស្ម័គ្រ មិនព្រមចេញពីជំរំរបស់ខឹម វាសនា នោះឡើយ។

            លោកសូយ សុវណ្ណារ៉ា អាយុ ៣៣ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ និងជាម្ចាស់ហាងទូរស័ព្ទមួយកន្លែង នៅភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ថា ប្អូនប្រុសរបស់លោក ឈ្មោះសូយ ពិសី អាយ៣០ឆ្នាំ បានទៅនៅក្នុងចម្ការលោកខឹម វាសនា យូរហើយ តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ហើយគាត់បារម្ភខ្លាចប្អូនត្រូវថ្នាំសណ្តំរបស់គេ ទើបលោកឡើងពីភ្នំពេញ ទៅយកឡានពីប្អូនមកវិញ ។ រីឯប្អូនប្រុសនោះ កំពុងស្ថិតនៅក្នុងចម្ការម្រេចរបស់លោកខឹម វាសនា នោះនៅឡើយ ដោយគេមិនព្រមចេញមកទេ ទាំងដែលខ្លួនគេគ្មាននៅសល់អ្វី ក្រៅពីទូរស័ព្ទ១គ្រឿង នៅជាប់ខ្លួន ប៉ុន្តែគេមិននឹកនាចង់បានអ្វីទេ សូម្បីតែឡានដែលលោកយកមកវិញ ក៏គេមិនស្ដាយដែរ សំខាន់ឲ្យតែបាននៅក្បែរខឹម វាសនា ។ បានន័យថា គេសុខចិត្តបោះបង់ចោលមុខរបរ និងរថយន្ត ជាមធ្បោយបាយរកស៊ី ដោយគ្មានស្ដាយស្រណោះ តែគេនឹងស្ដាយលើសពីនេះ បើគេបោះបង់ ឬឈប់ជឿខឹម វាសនា ។

            លោកសូយ សុវណ្ណារ៉ា បានរៀបរាប់ថា តាមពិតទៅ ក្នុងចំណោមបងប្អូន ៣នាក់ (ប្រុស២ ស្រី១) ដែលត្រូវឪពុកម្ដាយស្លាប់ចោលអស់ ប្អូនប្រុសឈ្មោះកូយ ពិសី ជាកូនទី៣ ឬជាកូនពៅនោះ បានបែកពីលោកជាបងប្រុសច្បង និងបងស្រីទី២ រស់នៅប្រទេសកូរ៉េ ទៅធ្វើការនៅប្រទេសថៃ អស់រយៈពេលជិត ២០ឆ្នាំមកហើយ ទើបតែត្រឡប់មករស់នៅជាមួយលោកវិញក្នុងស្រុកខ្មែរ ក្នុងរយៈពេល ២ខែចុងក្រោយនេះ ហើយលោកក៏ទិញរថយន្ត ឲ្យគេយកទៅប្រកបរបររត់តាក់ស៊ី ដឹកពួកចិន និងពួកបរទេស ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុង១ថ្ងៃ អាចរកកម្រៃបានយ៉ាងតិច ២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលដែរ ដែលធ្វើឲ្យលោកគិតថា ជារបរមួយអាចឲ្យចិញ្ចឹមជីវិតគេបានហើយ មិនចាំបាច់ទៅធ្វើការឆ្ងាយនៅស្រុកគេទៀត ។ មិនតែប៉ុណ្ណោះ ក្រៅពីផ្ចុងផ្ដើមឲ្យគេប្រកបរត់តាក់ស៊ីនេះ លោកក៏ជំរុញឲ្យគេរកគ្រួសារ ឬដណ្ដឹងនារីណាម្នាក់ធ្វើជាភរិយាដែរ ព្រោះគេអាយុច្រើនដែរហើយ ។ ប៉ុន្តែគេបានឆ្លើយថា អត់យកទេ គឺជឿតាមខឹម វាសនា ហ្នឹង អត់យកទេ រហូតដល់គេបន្ទាបបន្ថោកមនុស្សស្រីថា មនុស្សស្រីអាក្រក់ណាស់ គេមិនយកទេ ។ បន្ទាប់មក គេលួចរត់ឡើងមកភ្នំគូលែន នោះតែម្ដង មិនដឹងថា មនោគមន៍វិជ្ជារបស់ពួកអិលឌីភី នោះខ្លាំងប៉ុនណា ព្រោះតាមពិត គេទៅទីនោះ បីបួនដងហើយ តាំងពីមុនការប្រកាសរបស់ខឹម វាសនា ថាទឹកលិចផែនដីនោះទៅទៀត តែទៅហើយមកវិញ និងស្ដាប់ការពន្យល់របស់លោកខ្លះដែរ តែទៅលើកនេះ គេលែងមកវិញ និងលែងស្ដាប់ហេតុផលអ្វីទាំងអស់តែម្ដង ។ 

            លោកកូយ សុវណ្ណារ៉ា ឲ្យដឹងបន្តថា មកដល់ពេលនេះ ទោះបីមិនបានជួបផ្ទាល់នៅភ្នំគូលែន ក៏លោកនៅតែព្យាយាមទាក់ទងទៅប្អូនប្រុស តាមទូរស័ព្ទ និងតាមបណ្ដាញសង្គម ដូចជាតាមហ្វេសប៊ុក និងតាមតេឡេក្រាម ជាដើម ប៉ុន្តែពេលខ្លះទាក់ទងបាន  ពេលខ្លះមិនអាចទាក់ទងបាន ដោយសារអត់មានសេវា និងណាមួយឲ្យតែឃើញលេខទូរស័ព្ទរបស់លោក គឺគេអត់លើកតែម្ដង។ ប៉ុន្តែនៅពេលលោកផ្ញើសារទៅ ដល់ពីរបីថ្ងៃ ទើបគេឆ្លើយតបមកវិញ ហើយក្នុងការឆ្លើយតបតាមសារនោះ គឺគេនៅតែបញ្ជាក់ដដែលថា គេអត់ព្រមចេញទេ គេថា ចង់រស់នៅបែបធម្មជាតិ គេលែងចង់រកស៊ីហើយ គេខ្លាចនរក បាបកម្មនៅជាតិក្រោយ» ។

លោកសូយ សុវណ្ណារ៉ា និយាយថា «និយាយទៅ ពិបាកនិយាយចូលគ្នាណាស់ គឺនិយាយអត់ចូលគ្នាទេ ព្រោះគេនៅជឿស៊ប់ងប់ងុលនឹងពួកខឹម វាសនា នោះ ដែលធ្វើឲ្យខ្ញុំចេះតែមានក្ដីបារម្ភជាប់ជានិច្ច ខ្លាចយូរទៅ ពួកនោះ រួមទាំងរូបគេជាប្អូនប្រុសរបស់ខ្ញុំផង បះបោរ លេបថ្នាំសម្លាប់ខ្លួនអស់ ។ ដូច្នេះសង្ឃឹមថា ប្អូនប្រុស បានភ្ញាក់ខ្លួនឆាប់ៗ ឈប់ជឿពួកបក្សសម្ព័ន្ធនេះតទៅទៀត ហើយវិលត្រឡប់មកផ្ទះវិញ ។ ចំពោះការដែលខ្ញុំទៅយកឡានពីគេមកវិញនោះ មិនមែនបានសេចក្ដីថា ខ្ញុំស្រឡាញ់របស់ជាងស្រឡាញ់ប្អូនប្រុសបង្កើតនោះទេ គឺខ្ញុំបានទូរស័ព្ទហៅរាល់ថ្ងៃហើយ តែគេមិនព្រមចេញមក ទើបធ្វើឲ្យខ្ញុំត្រូវតែយករបស់មកទុក ចៀសវាងមានបញ្ហាកើតឡើងអីមួយ វាមិនខូចរបស់ទ្រព្យដែលខំទិញដោយគ្មានលុយសុទ្ធទាំងអស់ទេ គឺទិញជំពាក់គេ ។ សរុបទៅ ខ្ញុំនៅបារម្ភពីប្អូនប្រុសពៅម្នាក់នេះ ខណៈដែលប្អូនស្រីរបស់ខ្ញុំ ដែលត្រូវជាបងស្រីរបស់គេ រស់នៅប្រទេសកូរ៉េ បានមកលេងស្រុកខ្មែរ ឃើញគេទៅបាត់អ៊ីចឹង ក៏បារម្ភពីគេដែរ នៅពេលដែលខ្ញុំទូរស័ព្ទទៅ គេមិនលើក ។ ដូច្នេះសង្ឃឹមថា គេនឹងវិលមកវិញទៅចុះ ប៉ុន្តែបើគេមិនវិលមកវិញ ក៏ពួកខ្ញុំជាបងប្រុស បងស្រី មិនដឹងធ្វើម៉េចទេ មានតែអធិដ្ឋានក្នុងចិត្ត សុំឲ្យគេបានក្ដីសុខ ក្នុងជំរំព្រហ្មស្នានោះទៅចុះ» ។

            ជុំវិញបញ្ហានេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជក់ឆ្លើយពីភាគីប្អូនប្រុស ឈ្មោះកូយ ពិសី ដែលកំពុងរស់នៅក្នុងចម្ការម្រេចរបស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅឯជើងភ្នំគូលែន ខេត្តសៀមរាប នោះបានទេ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ។

            ប៉ុន្តែជាការកត់សម្គាល់ នៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់យុវជនជាប្អូនប្រុស ឈ្មោះកូយ ពិសី នោះ គេបានប្រាប់បងប្រុស តាំងពីមុនពេលបងប្រុសទៅយកឡានពីគេមកវិញនោះម៉្លេះថា “ខ្ញុំប្រាប់បងឯងហើយថា ខ្ញុំមិនទៅដោយខ្លួនឯងទេ គ្មានអ្នកណាហាមឃាត់ខ្ញុំទេ ម៉េចក៏បងឯងនិយាយខុសការគិតអ៊ីចឹង ខ្ញុំប្រាប់បងឯងរួចហើយតើ ខ្ញុំនឹងផ្ញើឡានឲ្យបងឯងវិញ មិនបាច់បារម្ភពីខ្ញុំទេ ខ្ញុំសុខសប្បាយទេ“ ។

          សូមបញ្ជាក់ថា យោងតាមកិច្ចសន្យារបស់ក្រុមលើខឹម វាសនា ធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ពួកគេទទួលស្គាល់កំហុសនៃការកៀងគរមនុស្សទៅប្រមូលផ្តុំនៅទីនោះ ហើយសន្យារំសាយការជួបជុំ និងរុះរើរោងស្នាក់នៅទាំងអស់ យ៉ាងយូរបំផុតត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ចំណែកបុគ្គលណាដែលមិនព្រមចាកចេញ សូមឲ្យអាជ្ញាធរមានវិធានការតាមផ្លូវច្បាប់៕ កុលបុត្រ

RELATED ARTICLES