Tuesday, November 26, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនឧកញ៉ា ចេញសែកស្អុយ

ឃាត់ខ្លួនឧកញ៉ា ចេញសែកស្អុយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ពោលគឺជំពាក់លុយគេ អត់សង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមដីការបស់តុលាការ បញ្ជាឱ្យឃុំខ្លួនឈ្មោះជួប ច័ន្ទ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ដីកាបញ្ជាដោយបង្ខំ និងឱ្យឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានយកទៅអនុវត្តនិងចាប់ខ្លួនឈ្មោះជួប ច័ន្ទ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ារូបនេះបានហើយ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានបញ្ជូនទៅដល់ស្ថាប័នអយ្យការ ដើម្បីបើកការស៊ើបសួរតាមនីតិវិធី។

បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរ អស់រយៈពេលច្រើនម៉ោងរួចមក ក៏បានសម្រេចផ្ញើជនត្រូវចោទ ឈ្មោះជួប ច័ន្ទ នៅសមត្ថកិច្ចសិន ដោយតម្រូវឱ្យនាំជនត្រូវចោទ មកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបន្តការសាកសួរទៀត៕

RELATED ARTICLES