ខេត្តព្រះវិហារ ៖ មន្ត្រីរដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយ រដ្ឋបាលឃុំរបៀប និងមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍របៀប បានចុះបង្ក្រាបនិងដកហូតឈើអារ ប្រភេទលេខ១ (សុក្រំ ផ្ចឹក) ពីបទសន្និធិផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង។
យោងតាមរបាយការណ៍របស់មន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះលាប់ សាង ភេទប្រុស មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង។
ក្រោយពីធ្វើការសាកសួរ ម្ចាស់ផ្ទះខាងលើ បានឆ្លើយសារភាពថា ឈើនេះ ជាកម្មសិទ្ធិរបស់ឈ្មោះវ៉ាង ភេទប្រុស ជនជាតិវៀតណាម មានលំនៅបច្ចុប្បន្ន ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង។
លោក ស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា ឈើដែលរឹបអូសនោះ មានចំនួន ១៥៥ដុំ ជាប្រភេទឈើលេខ១ សុក្រំ និងឈើផ្ជឹក។
បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿងតាមច្បាប់៕