ភ្នំពេញ ៖ អតីតមេបក្សខ្មែរក្រោក លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេខ្លោងដឹកនាំប្លន់ផ្ទះ អ្នកលក់ឡេល្បីឈ្មោះ (ឧកញ៉ា អ៊ាន សៀវម៉ី) កាលពីអំឡុងចុងឆ្នាំ២០២១ កន្លងទៅនោះ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ នាំខ្លួនយកមកបើកសវនាការជំនុំជម្រះទោសសាជាថ្មី ពាក់ព័ន្ធទៅនឹងករណីស្ទាក់ប្លន់ម្ចាស់បុរី ម៉ន ដានី នៅឯខេត្ត កំពង់ស្ពឺ មិនបានសម្រេច។
សវនាការនេះ បានធ្វើឡើងជាសាធារណៈ ដោយមានលោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចំពោះមុខ ជនជាប់ចោទ ៥នាក់ ដែលមានអតីតមេបក្សខ្មែរក្រោក ឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាប់ចោទពីបទ «ប៉ុនប៉ងលួច មាន ស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។
ជនជាប់ចោទទាំង៥នាក់ រួមមាន ៖ ទី១-ឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅវិល្លាម គ័ង ភេទប្រុស អាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក។ ទី២-ឈ្មោះកេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ។ ទី៣-ឈ្មោះអោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី៤-ឈ្មោះសុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ និងទី៥-ឈ្មោះនេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងនោះមានបក្សពួក ២នាក់ទៀត កំពុងរត់គេចខ្លួន ។
សវនាការនេះ បានដំណើរការសាកសួរដេញដោលលើជនជាប់ចោទ តែដោយសារនៅខ្វះចន្លោះនីតិវិធីជាច្រើន ទើបលោកស្រីប្រធានក្រុមប្រឹក្សា សម្រេចចាត់របៀប ពោលគឺបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីឱ្យកោះហៅជនរងគ្រោះ និងសាក្សី មកបំភ្លឺចំពោះមុខ តុលាការ។ ដូច្នេះសម្រេចចាត់របៀប និងបិទសវនាការ ដោយមិនកំណត់ពេលកាត់ក្តីលើកក្រោយនោះឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទទាំង៥នាក់ ខាងលើ ម្តងរួចមកហើយ ក្នុងសំណុំរឿងប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ផលិតផលតាមអនឡាញ។ តុលាការ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបក្ខពួកមេចោរប្លន់ William Guang ចំនួន៧នាក់ទៀត ក្នុងនោះ បក្ខពួកជាបុរស ចំនួន៤នាក់ ម្នាក់ៗកំណត់ដាក់គុក ៨ឆ្នាំ និងស្ត្រី ២នាក់ម្នាក់ៗ ចំនួន៦ឆ្នាំ ពីបទ «សមគំនិតលួចមានស្ថានទម្ងន់ទោស និងពីបទប្រើប្រាស់ឯកសារ សាធារណៈក្លែង»។ ចំណែកបុរសម្នាក់ទៀត ឈ្មោះម៉ាច ដែលបានរត់គេចខ្លួន ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនយកមកអនុវត្តទោស កំណត់ ៦ឆ្នាំ។ សាលក្រមដដែល បានសម្រេចឱ្យក្រុមនេះ រួមគ្នាសងទៅដើមបណ្តឹង ចំនួន៥០ម៉ឺនដុល្លារ និងសងសំណងជំងឺចិត្ត ចំនួន ២០០លានរៀលផងដែរ។
គួររំលឹកថា ក្រោយពេលចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីដឹកនាំបក្ខពួកចូលផ្ទះអ្នកលក់ឡេអនឡាញ ដ៏ល្បីម្នាក់ (ឧកញ៉ា អ៊ាន សៀវម៉ី) ដោយបន្លំខ្លួនថា ជាសមត្ថកិច្ចក្រសួង ចុះមកអនុវត្តដីកា រួចក៏ធ្វើសកម្មភាពភ្ជង់ប្លន់ ប្រមូលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការមានតម្លៃជាច្រើន កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខ V01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួចមក មេចោរប្លន់ William Guang បានសារភាពថា កន្លងមក ពួកខ្លួនបានធ្វើសកម្មភាពប្លន់ ចំនួន២លើក ក្នុងនោះលើកទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់បុរី ម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានស្ទាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះ ខ្លួនមិនបានចូលរួមទេ គឺឱ្យតែកូនចៅ ៥នាក់ អាវុធវែង ១ដើម អាវុធខ្លី ២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។ លើកទី២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឱ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកលក់ឡេអនឡាញ ឈ្មោះ អ៊ាន សៀវម៉ី បានសម្រេច៕