Tuesday, November 26, 2024
Homeព័ត៌មានជាតិខឹម វាសនា ថាសមាជិក LDP នៅក្នុងចម្ការ សល់១ពាន់នាក់ ធ្វើអបគមន៍អីកើត!

ខឹម វាសនា ថាសមាជិក LDP នៅក្នុងចម្ការ សល់១ពាន់នាក់ ធ្វើអបគមន៍អីកើត!

ភ្នំពេញ ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសថា សមាជិក LDP នៅក្នុងចម្ការរបស់លោក នាជើងភ្នំគូលែននោះ នៅសល់តែប្រមាណ ១ពាន់នាក់ ធ្វើអបគមន៍អីកើត ដូច្នេះអាជ្ញាធរកុំចង់ឲ្យពួកគេចេញទៅទៀត ។ ជាមួយនេះ មេបក្សដែលតាំងខ្លួនជាព្រហ្មរក្សាលោក រូបនេះ បានបង្ហាញនូវការខឹងសម្បានឹងអាជ្ញាធរ ដែលដាក់បារ៉ាស់បិទផ្លូវចេញចូលចម្ការរបស់លោក ដោយព្រមានលេងធម៌ក្តៅប្រឆាំងនឹងអាជ្ញាធរវិញ គឺសម្តែងឫទ្ធិព្រហ្មរក្សាលោក ឬស្ដេចចក្រ ឲ្យអាជ្ញាធរបានឃើញ។

          លោកខឹម វាសនា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ថា “អាជ្ញាធរនេះល្បិចអាក្រក់ថោកទាបមិនស្វាង មកនិយាយចរចាជាមួយពូថា ពូបានអំពាវនាវដល់សមាជិក LDP ថាទឹកលិចលោក នាំឲ្យមានការផ្អើលភ្ញាក់ដល់ប្រជាពលរដ្ឋផ្សេងៗទៀតដែលមិនមែនជាសមាជិក LDP ក៏សម្រុកមកចម្ការគ្រួសារ LDP នៅសៀមរាប យើងដែរ ។ ចុងបញ្ចប់នៃការចរចា ដែលមានពិនិត្យ ជាតំណាងខាង LDP យើងបានសម្រេចថា ឲ្យពិនិត្យ ធ្វើលិខិតសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍បណ្ដេញមនុស្សដែលមិនមែនជាសមាជិក LDP យើង ហើយអាជ្ញាធរ នឹងបើករបាំងការពារមិនឲ្យសមាជិកគ្រួសារ LDP យើងធ្វើដំណើរចេញទៅក្រៅនោះ ចេញវិញ ដើម្បីឲ្យមនុស្សដែលជាសមាជិកគ្រួសារ LDPយើង បានចេញចូលចម្ការជាធម្មតាវិញ គឺការចលាចល កើតពីការអំពាវនាវរបស់ពូ ត្រូវបានបញ្ចប់។ ឥឡូវពិនិត្យ បានធ្វើលិខិតតាមសំណួមពររបស់អាជ្ញាធររួចហើយ តែខាងអាជ្ញាធរប្រព្រឹត្តអំពើថោកទាប មិនធ្វើតាមពាក្យសន្យាដែលខ្លួនបានសន្យាជាមួយ LDP យើង ។ អាជ្ញាធរ បានយកលិខិតពិនិត្យ ធ្វើតាមការសំណូមពរចង់បានរបស់អាជ្ញាធរ ទៅបង្ហោះផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្ហាញឲ្យសាធារណជនមានការភ័ន្ដច្រឡំថា ពិនិត្យ សំណូមពរឲ្យអាជ្ញាធរដេញសមាជិក LDP យើង ហើយថតទាំងរូបពិនិត្យ ដោយកុហកថា ថតរូបធម្មតាទេ គឺយើងធ្វើសំណូមពរមកអាជ្ញាធរ គេត្រូវតែថតរូបអ៊ីចឹងហើយ ប៉ុន្តែតាមពិត គេមានចេតនាយករូបភាពពិនិត្យ នោះ ធ្វើដូចពិនិត្យ ត្រូវបានអាជ្ញាធរចាប់ ហើយធ្វើលិខិតសំណូមពរឲ្យអាជ្ញាធរដេញសមាជិកខ្លួនឯង។ នេះជាល្បិចគិញ ដែលគេទៅរៀនពីស្រុកយួននោះ។ ពូក្ដៅចិត្តណាស់។ មុនដំបូង ពូហៅតែសមាជិក LDP ទាំងអស់ ឲ្យមកសៀមរាប អាជ្ញាធរថា ការអំពាវនាវរបស់ពូ ផ្អើលដល់ប្រជាពលរដ្ឋទូទៅ។ ឥឡូវប្រជាពលរដ្ឋដែលមិនមែន LDP បានទៅវិញអស់ហើយ នៅសល់តែសមាជិកគ្រួសារយើង ប្រហែលមួយពាន់នាក់ប៉ុណ្ណោះ បើធ្វើអបគមន៍ តើធ្វើអីកើត មួយពាន់នាកហ្នឹង? ហើយសុទ្ធតែកំបាក់កំពុក ចាស់ជរា លាយឡំជាមួយកូនក្មេងហ្នឹង? ហើយផ្អើលប្រទេសអីទៀត បើមនុស្សទៅផ្ទះវិញអស់ហើយហ្នឹង។ គឺគេចង់រំខានយើងតែម្ដង។ ពីរបីថ្ងៃហើយ អាជ្ញាធរហៅឲ្យកត់ឈ្មោះទាំងអស់គ្នា ហើយអត់ព្រមបើករបាំង ដើម្បីឲ្យសមាជិក LDP យើង ចេញចូលជាធម្មតាទៀត បើអាជ្ញាធរគ្មានធ្វើអ្វីជាប្រយោជន៍ដល់សមាជិកគ្រួសារ LDPយើងផង តើខាង LDP យើងឆ្កួតទេអី ទៅធ្វើតាមសំណូមពរអាជ្ញាធរនោះ? នេះហើយជាល្បិចដែលគេទៅរៀនពីស្រុកយួនហ្នុង ល្បិចយួនហ្នឹង។ មិនអីទេ ឲ្យគេលេងយើងមុនចុះ ព្រឹកនេះ ពូឲ្យពិនិត្យ ទៅជួបតំណាងខាងគេ នៅខេត្តហើយ បើគ្មានការធ្វើតាមការសន្យា ពូក៏មិនធ្វើតាមការសំណូមពរចង់បានរបស់អាជ្ញាធរអីដែរ ចាំមើលអ្នកសុចរិតទៀងត្រង់ តំណាងដោយ LDP យើង ដែលមានពូ ជាប្រមុខ និងក្រុមអាជ្ញាធរ តតាំងគ្នាម្ដង។ ឲ្យគេលេងយើងមុនចុះ ចាំយើងធ្វើតាមក្រោយ។ បើពិនិត្យ ទៅចរចាព្រឹកនេះ មិនបានសម្រេច ទុកភារៈនេះឲ្យពូ ធ្វើម្ដង។ ពូថាមិនចង់លេងធម៌ក្ដៅទេ តែគេលេងយើងមុន ពូ ជាព្រហ្មរក្សាលោក ពូមិនចាញ់សព្វបើមនុស្សក្រឡេចក្រឡុច សន្ដានយួនបែបនេះទេ ក្មួយចាំមើលចុះ ថាពូ ធ្វើពួកហ្នឹងយ៉ាងម៉េច? ឲ្យវាស្គាល់ឫទ្ធិរបស់ព្រហ្មរក្សាលោក ឬស្ដេចចក្រម្ដង! ទុកចិត្តពូចុះ បើពូថាបែបហ្នឹងហើយ គឺពូដឹងថាធ្វើយ៉ាងម៉េចហើយ“ ។

          គួរបញ្ជាក់ថា ការលើកឡើងរបស់លោកខឹម វាសនា ខាងលើនេះ បានធ្វើឡើងស្របពេលដែលមាន មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា ការប្រមូលផ្ដុំមនុស្សរបស់មេបក្សជួង រូបនេះ អាចចេតនាទុច្ចរិតក្នុងការធ្វើអបគមន៍ ។ ប៉ុន្តែជាការកត់សម្គាល់ ក្រៅពីសមត្ថកិច្ច និងអាជ្ញាធរខេត្តសៀមរាប អះអាងថា គិតមកដល់ថ្ងៃទី៥ ទី៦ និងទី៧ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាច្រើន បានវិលត្រឡប់ទៅផ្ទះវិញ រីឯនៅចម្ការនោះ ក៏ឃើញមានការរុះរើសំណង់តង់ផងដែរនោះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ករណីលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានកៀងគរប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ឱ្យស្នាក់នៅបណ្តោះអាសន្នក្នុងចម្ការនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចបញ្ឈប់ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នោះ គឺលោកខឹម វាសនា គ្មានចេតនាទុច្ចរិតដើម្បីបង្កើតជាតំបន់អបគមន៍ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ឡើយ។ បានន័យថា ការជួបជុំរបស់លោកខឹម វាសនា នេះ គឺជាការប្រមូលផ្តុំផ្សព្វផ្សាយដែលប្រជាពលរដ្ឋ សកម្មជនអ្នកគាំទ្រមួយចំនួនគឺជឿ ហើយធ្វើការជួបជុំគ្នា ដោយគេមិនឃើញថាមានចេតនាទុច្ចរិតក្នុងការប្រមូលផ្តុំមនុស្ស ដើម្បីបង្កើតទៅជាតំបន់អបគមន៍ ធ្វើវិទ្ធង្សនា ឬមួយក៏ប្រឆាំរដ្ឋាភិបាល ផ្តួលរំលំរដ្ឋាភិបាល ដូចសកម្មជននយោបាយមួយចំនួនដែលនិយាយកន្លងមកទេ ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ ។ ម្យ៉ាងទៀត ក្នុងករណីដែលមានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធដល់ការបង្ខិតបង្ខំ ឬការបង្ខាំងមនុស្សដោយខុសច្បាប់ យ៉ាងណានោះ គឺសមត្ថកិច្ចអាចស្រាវជ្រាវបាន ប្រសិនបើមើលឃើញថា មានការបង្ខិតបង្ខំ ឬមួយមានការបង្ខាំងមនុស្សខុសច្បាប់មែននោះ គឺជាបទល្មើសហើយ។ បើកាលណាសមត្ថកិច្ចរកឃើញថា​ ជាបទល្មើសពាក់ព័ន្ធដល់ករណីបង្ខំ ឬក៏បង្ខាំងមនុស្សខុសច្បាប់ នឹងមានវិធានការតាមផ្លូវច្បាប់ ។

          ស្រដៀងគ្នានេះដែរ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ថា អបគមន៍ វាមានលក្ខណៈផ្សេង ។ ប៉ុន្តែក្នុងន័យផ្ញើទៅអ្នកដែលនៅតែមិនព្រមចាកចេញពីជំរំលោកខឹម វាសនា នោះ លោកថា មានការខាតបង់ទ្រព្យសម្បត្តិនិងលុយកាក់ហើយ បើនៅតែជឿតាមមនុស្សឡប់សតិទៀត ឲ្យទៅតាមយថាកម្មទៅចុះ ។

          លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងយើងឃើញជាក់ស្ដែងហើយ អ្នក១០០០នាក់ ដែលឥឡូវក្រាញមិនព្រមចេញហ្នឹង ដោយសារអស់ទ្រព្យ អស់សម្បត្តិហ្នឹង មិនដឹងទៅនៅឯណា ឥឡូវអាម្ចាស់ចម្ការហ្នឹង ភ័យខ្លួនទៀត ខ្លាចពួកហ្នឹងមិនព្រមចេញ យកដី ។ អាហ្នឹងវារឿងពិតជាក់ស្ដែងតើ! យើងមិនបាច់ធ្វើអត្ថាធិប្បាយអីទេ ។ ប៉ុន្តែរឿងអបគមន៍ អាហ្នឹងរាជរដ្ឋាភិបាល អាជ្ញាធរ គេមើលជាក់ស្ដែង គឺអបគមន៍ វាមានលក្ខណៈផ្សេងពីការដែលអត់ទីលំនៅ ចេញទៅនៅក្រាញ អាហ្នឹងដោយសារអី? ដោយសារអស់ផ្ទះ អស់សម្បែង អស់មធ្យោបាយ លក់ម៉ូតូ លក់ដី លក់ធ្លីអស់ទៅហើយ អ៊ីចឹងឲ្យគ្នាទៅនៅណា? អ៊ីចឹងមិនអាចចាត់ទុកជាអបគមន៍ទេ តែបើអបគមន៍ វាមានលក្ខណៈផ្សេងពីហ្នឹង ។ ប៉ុន្តែទោះមិនអបគមន៍ ការជួបជុំ មិនគួរមានទៀតនោះទេ អាហ្នឹងតាមការសន្យារបស់លោកខឹម វាសនា អាហ្នឹងត្រូវចប់នៅត្រឹមថ្ងៃ០៥ ហើយពីម្សិលមិញ ម្សិលម្ង៉ៃ ថ្ងៃ០៦ នោះ ថាចេញហើយ នៅសល់តិចតួចទេ ។ ដូច្នេះរឿងគាត់ថា សល់ ១០០០នាក់ ធ្វើអបគមន៍អីកើតហ្នឹង អាហ្នឹងមើលការវាយតម្លៃរបស់អាជ្ញាធរខេត្ត គេនឹងចុះទៅពិនិត្យថា តើវាមានលក្ខណៈបែបណា? ថាតើការជួបជុំនេះ វាគ្រាន់តែជាការប្រជុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬមួយក៏វាមានលក្ខណៈនយោបាយផ្សេងទៀត? អាហ្នឹងការវាយតម្លៃរបស់អាជ្ញាធរ អាហ្នឹងអាស្រ័យទៅលើគណៈអភិបាលខេត្ត និងបញ្ជាការឯកភាពរបស់ខេត្តហើយ“ ។

          លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះខ្ញុំថា កាលគេចាកចេញពីចម្ការមិនឲ្យគេចេញទេ ឥឡូវភិតភ័យខ្លាចដែលគេមិនព្រមចាកចេញ ហើយមានការខាតបង់ទ្រព្យសម្បត្តិ និងលុយកាក់ហើយ បើនៅតែជឿតាមមនុស្សឡប់សតិទៀត ឲ្យទៅតាមយថាកម្មទៅចុះនោះ អាហ្នឹងអ្នកដែលលក់ទ្រព្យសម្បត្តិអស់ លក់ដីធ្លី លក់ផ្ទះសម្បែង ដោយខ្លាចលិចទឹកហ្នឹង អាហ្នឹងគាត់ទទួលផល អាហ្នឹងគាត់ទទួលទៅ បើគាត់ជឿងប់ងុលរបស់គាត់ អាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់ កុំបន្ទោសអ្នកដទៃថា អស់ទ្រព្យសម្បត្តិ អស់លុយកាក់ អស់ផ្ទះសម្បែង ។ ពោលគឺអាហ្នឹងកុំបន្ទោសគេ បើថាខឹង ខឹងនឹងមេបក្សយើងហ្នឹងទៅ ព្រោះយើងវាងប់ងុលហើយ ។ បើរាជរដ្ឋាភិបាល ទៅរារាំង អាហ្នឹងបានសេចក្ដីថា យើងបិទសិទ្ធិគេហើយ បើគ្មានបញ្ហាអី គេជំនឿ លក់ផ្ទះ គេលក់របស់គេ លក់ម៉ូតូ គេលក់របស់គេ អាហ្នឹងគឺថាជាសិទ្ធិរបស់អ្នកឯង ក៏ប៉ុន្តែដល់ពេលចាញ់បោកគេទៅ អាហ្នឹងដល់ក្រ កុំបន្ទោសអ្នកណាផ្សេង“ ។

          លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះគាត់ (ខឹម វាសនា) ព្រមានលេងធម៌ក្តៅ សម្តែងឫទ្ធិព្រហ្មរក្សាលោក ឬស្ដេចចក្រអីនោះ អានេះវាគ្រាន់តែជាវោហារសាស្រ្តនយោបាយទេ ឬមួយក៏ជាពាក្យសម្ដីអ្នកឡប់សតិទេ មិនអាចយកជាការបានទេ ព្រោះត្រឹម ១ពាន់នាក់នោះ មិនដឹងធ្វើស្អីកើតទេ គ្រាន់តែការឃោសនាដើម្បីទាក់ទាញសមានចិត្តពីសមាជិករបស់ខ្លួនតែប៉ុណ្ណោះ ឲ្យជឿតទៅទៀតទេ ព្រោះវាជាការពិតហើយ វាគ្មានអីទៅជាអប្បិយជំនឿ ឲ្យចេញជារូបភាពជាក់ស្ដែងទេ វាគ្រាន់តែថាពីរឿងគាត់ហ្នឹង ក៏ប៉ុន្តែវាមានអី? មានអាគមអី? ចេះជប់ ចេះបំបាំងកាយអី? វាអត់មាន ។ ដូច្នេះអាហ្នឹងឆ្លងកាត់រយៈពេលប៉ុន្មានថ្ងៃមកនេះ បងប្អូនល្មមឈប់ជឿហើយ ពីព្រោះការជឿនោះ វាខាតបង់គ្រប់ ខាតបង់ពេលវេលា ខាតបង់មុខរបររកស៊ី ខាតបង់ទ្រព្យសម្បត្តិ លុយកាក់ផ្ទាល់ខ្លួន គ្មានអ្នកណាជួយចេញសង ។ អាហ្នឹងគឺថាយើងទៅទារនរណាបាន ព្រោះទារមេបក្សសម្ព័ន្ធហ្នឹង ក៏វាមិនអាចទារកើតដែរ ។ ឥឡូវឃើញហើយ គឺថាជាក់ស្ដែង គេនៅទូទាំងពិភពលោក មានទាស់អី? វាអត់មានបញ្ហាអី ល្មមភ្ញាក់ខ្លួន លែងជឿហើយ ទោះបីថាលោកខឹម វាសនា គាត់ឃោសនាយ៉ាងណាក៏ដោយ ក៏មិនគួរជឿគាត់ដែរ“ ៕ កុលបុត្រ

RELATED ARTICLES