ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្អាករៀបចំពីធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធា នីភ្នំពេញ នៅឆ្នាំ២០២២ នេះ តែសម្រាប់ការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស អាចធ្វើបាន ទៅតាមលទ្ធភាពជាក់ស្តែង។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ សម្រាប់ថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០២២ នេះ តែសម្រាប់ការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តារាជធានី-ខេត្តនានាទូទាំងប្រទេស អាចធ្វើទៅបានទៅតាមលទ្ធភាពជាក់ស្តែង ដោយគិតទាំងពីធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសនៃការរកប្រាក់ចំណួលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៤៥ អនក្រ បក ចុះថ្ងៃទី ខែ ឆ្នាំ២០២១ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២២ គឺត្រូវធ្វើនៅថ្ងៃទី០៧ ០៨ និង ០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ទោះបីជាមានការផ្អាកប្រារព្ធពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ នារាជធានីភ្នំពេញ តែសម្រាប់បណ្តាខេត្តនានា ដែលនៅជាប់ទន្លេ អាចធ្វើពិធីបុណ្យអុំទូកកម្សាន្តសប្បាយបាន។
ជាក់ស្តែង រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលាខាងមុខ។
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ខាងមុខ បានបញ្ជាក់ថា «រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ ឱ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្នុងខេត្តពោធិ៍សាត់។
ព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងរៀបចំនេះ មានកម្មវិធីជាអាទិ៍ ៖ ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប ពិធីអកអំបុក និងសំពះព្រះខែ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀត ដូចជា ៖ «ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីសម័យ និងការដុតកាំជ្រួច នាពេលរាត្រី រយៈពេល ៣ថ្ងៃពេញ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ ដ៏ល្អផូរផង់តាំងពីបុរាណកាលមក កិត្យានុភាពជាតិ និងសក្តានុពលនៃខេត្តពោធិ៍សាត់»។
ដោយឡែក ខេត្តកណ្តាល ក៏នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងស្មារតីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន ប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព រដ្ឋបាលខេត្តកណ្តាល បានសម្រេចរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី២២ និង ២៣ ខែតុលា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ក្នុងរយៈពេលនៃពិធីនេះ ក៏មានការប្រគំតន្ត្រីរបស់សមាគមសិល្បករខ្មែរ និងការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុកជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួច នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ផងដែរ។
ក្រៅពីខេត្តទាំងពីខាងលើ ក៏មានខេត្តមួយចំនួនទៀត គ្រោងរៀបចំពិធីបុណ្យអុំទូក ក្នុងខេត្តរបស់ខ្លួនផងដែរ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ ជាដើម៕ ខៀវទុំ