Saturday, September 21, 2024
Homeព័ត៌មានជាតិប្រពន្ធដេកលើ ប្តីដេកក្រោម ចងកស្លាប់

ប្រពន្ធដេកលើ ប្តីដេកក្រោម ចងកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេង ដោះស្រាយមិនចេញ ខណ:ប្រពន្ធឡើងទៅដេកលើផ្ទះ ជាន់ ឡៅតឿ ឯខ្លួនចាប្តីដេកនៅខាងក្រោម ស្រាប់តែសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង បន្សល់ទុកប្រពន្ធនិងកូន៤នាក់ ឱ្យរស់នៅកំព្រាគ្មានទីពឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិ ត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បុរសគិតខ្លីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះផាន់ សុវណ្ណារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធនិងកូន ៤នាក់ ក្នុងបន្ទុក ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់នាង និងនាង រួមទាំងកូនៗ បានហូបបាយជុំគ្នាធម្មតា ហើយនាងក៏មិនបានសង្កេតឃើញថា ប្តីរបស់នាងមានអាការអ្វីប្លែកខុសសព្វដងនោះដែរ។ រហូតដល់ម៉ោង ៩យប់ ថ្ងៃដដែល នាងបាននាំកូនៗឡើងទៅដេក នៅបន្ទប់ឡៅតឿ តាមទម្លាប់ ចំណែកប្តី ដេកនៅខាងក្រោម។

ស្ត្រីជាប្រពន្ធ បានបន្តថា រហូតមកដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នាងបានភ្ញាក់ពីដេក រួចក៏ចុះពីលើបន្ទប់ឡៅតឿ មកខាងក្រោម ក៏បានប្រទះឃើញប្តីរបស់នាងបានចងកស្លាប់បាត់ទៅហើយ ដោយយកខ្សែភ្លើង ចងកភ្ជាប់នឹងបង្កាន់ដៃបន្ទប់ឡៅតឿ ធ្វើឱ្យនាងភ័យឆោឡោ ស្រែកហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន និងមិនមានស្លាកស្នាមអ្វីទាក់ទងនឹងអំពើឃាតកម្មនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES