Tuesday, November 26, 2024
Homeព័ត៌មានជាតិប្រឡងបាក់ឌុបឆ្នាំ២០២២ ពន្យារទៅថ្ងៃទី៥-៦ ខែធ្នូ

ប្រឡងបាក់ឌុបឆ្នាំ២០២២ ពន្យារទៅថ្ងៃទី៥-៦ ខែធ្នូ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការសម្រេចពន្យារពេលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយសារព្រះរាជាណាចក្រកម្ពុជា មានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ ជាច្រើន ជាពិសេស កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជននិងកីឡា លេខ ៥៤ អយក សជណ ចុះថ្ងៃអង្គារ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានខ្លឹមសារថា «ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។

ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ និងពិធីបុណ្យជាតិ ខាងលើ និងដើម្បីឲ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួង សម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។

ជាមួយគ្នានេះ ក្រសួងបានកំណត់វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ដូចខាងក្រោម ៖

១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ៖ ប្រវត្តិវិទ្យា

២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ផែនដី និងបរិស្ថានវិទ្យា

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជននិងកីឡារាជធានី-ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់»៕ ខៀវទុំ

RELATED ARTICLES