ភ្នំពេញ៖ យុវជន២នាក់ រងរបួសធ្ងន់ និងស្រាល ខណៈពេលឌុបគ្នាចេញពីក្លឹបត្រូវក្មេងទំនើងមួយក្រុមដេញវាយនិងកាប់បណ្តាលឲ្យរងរបួសបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សីមុខវិទ្យាល័យបុរី១០០ខ្នង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
អ្នករបួសធ្ងន់ឈ្មោះ យី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងអ្នករបួសស្រាលឈ្មោះទ្រិច ដាវិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានប្រាប់ថាមុនកើតហេតុ បានឃើញយុវជនទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅសេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FO-7602ជិះឌុបគ្នា ២នាក់ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ មានក្មេងស្ទាវមួយក្រុមជាង១០ នាក់ ជិះម៉ូតូប្រដាប់ដោយដំបងដាវ និងខ្សែក្រវាត់ជិះម៉ូតូដេញតាមពីក្រោយនិងបានវាយទៅ លើយុវជនទាំង២នាក់ខាងលើ បណ្តាលឲ្យម្នាក់ រងរបួសធ្ងន់ផុងលលាដ៍ក្បាល និងម្នាក់ រងរបួសស្រាល ក្រោយពីវាយកាប់ហើយក្រុមក្មេងស្ទាវខាងលើនេះបាននាំគ្នាបើកម៉ូតូគេចខ្លួនអស់ ។
តាមសំដីយុវជនខាងលើបានប្រាប់ថា មុនកើតហេតុពួកគេទាំង២នាក់ បានចេញមកពីក្លឹបម្តុំពោធិ៍ចិនតុងគោលបំណងជិះម៉ូតូដើរលេងខណៈមកដល់ចំណុចខាងលើស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមកដេញវាយទៅលើពួកខ្លួនប្រដាប់ដោយដំបងខ្សែក្រវ៉ាត់និងដាវ ។
តាមសំដីអ្នកបើករថយន្តសង្គ្រោះដែលមកដឹកយុវជនខាងលើ ទៅសង្គ្រោះបានបញ្ជាក់ប្រាប់ថាយុវជនទាំង២នាក់ដែលដឹកមកនេះគឺម្នាក់រងរបួសស្រាលទេចំណែកម្នាក់ទៀតគឺមានរបួសក្បាលធ្ងន់ធ្ងរដល់ថ្នាក់ផុងលលាដ៍ក្បាលផ្នែកខាងស្តាំបណ្តាលហូរឈាមពេញខ្លួននិងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតតែម្តង ។
ដោយឡែកម៉ូតូយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ៕