ភ្នំពេញ៖ បាញ់រះជាច្រើនគ្រាប់នៅមុខក្លឹប Epic រកឃើញសំបកកាទុស្សេ៩គ្រាប់ បណ្តាលឲ្យរងរបួសសន្តិសុខយាមក្លឹបម្នាក់ ដែលគេដឹងថា ជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃ ចំនួន២គ្រប់ធ្លាយគ្រាប់ភ្នែកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០ទៀបភ្លឺថ្ងៃទី19 ខែធ្នូ នៅចំណុចមុខក្លឹប Epic តាមផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះដែលរងរបួសមានឈ្មោះ ប៉ែន នៅវីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខក្លឹបជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសនិងជាអ្នកបើបររថយន្តធំប្រចាំការនៅទីបញ្ជាការអាវុធហត្ថខណ្ឌច្បារអំពៅ ស្នាក់នៅផ្ទះលេខ ៤២៦ ផ្លូវ២៣៥ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួសត្រង់ភ្លៅខាងស្តាំធ្លាយមកបៀមគ្រាប់នៅពងស្វាស និងរបួសចុងកន្ទុយភ្នែកខាងឆ្វេង ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមានភ្ញៀវ១ក្រុមបានចូលផឹកស៊ីនៅក្នុងក្លឹបEpic ខណៈពេលផឹកស៊ីស្រវឹងបានបោកកែវ ក្រោយមកខាងម្ចាស់ក្លឹបតំរូវអោយសងថ្លៃកែវ ក៏មានជំលោះគ្នាតែចុងក្រោយក៏បានសំរបសំរួលគ្នាបញ្ចប់រឿងហើយពេលដែលក្រុមភ្ញៀវទាំងនោះចេញមកខាងក្រៅក្លឹបបានស្រែកឡូឡានិងនិយាយគំរាមថាមកបាញ់ក្លឹបនេះកំទេចចោល ។
ប្រភពដដែលបន្តទៀតថាប្រមាណជាមួយម៉ោងក្រោយក្លឹបបានបិទទ្វារអស់ហើយស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូធុនធំមួយគ្រឿងមកដល់បានធ្វើសកម្មភាពបាញ់រះតាំងពីស្ថានភាពរុស្ស៊ីមកដល់មុខក្លឹបមិនដឹងថាបាញ់ទាំងអស់ប៉ុន្មានគ្រាប់ទេគ្រាន់តែបាញ់ជនរង គ្រោះដែលកំពុងតែអង្គុយយាមនៅមុខក្លឹបរបួសចំនួន២គ្រាប់រងរបួសធ្ងន់ និងបាញ់បែកកញ្ចក់ក្លឹបផងដែរ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅមន្ទីរពេទ្យរុស្ស៊ី ។
នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូសមត្ថកិច្ចបានបង្កើតគណៈកម្មាការចម្រុះ ចុះទៅស្រាវជ្រាវនិងរកឃើញមានសំបកកាទុស្សចំនួន៩គ្រាប់នៅលើផ្លូវរដ្ឋសភា ៕
ដោយ៖ គួន ចំរើន