ខេត្តកំពង់ធំ ៖ អតីតយុទ្ធជនម្នាក់ ដែលធ្លាក់ខ្លួនពិការនៅក្នុងសមរភូមិ ដោយសារជាន់មីន ផ្ទុះដាច់ជើងម្ខាង និងកំពុងរស់នៅក្នុងជីវភាពលំបាកតោកយ៉ាក មានកូន៦នាក់ក្នុងបន្ទុក ពិសេសគ្មានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឱ្យបានសមរម្យផងនោះ ត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មី១ខ្នង ដើម្បីបានរស់នៅសមរម្យ។
យុទ្ធជនពិការ មានឈ្មោះ សយ សុខ អាយុ៥១ឆ្នាំ មានប្រពន្ធ និងកូនចំនួន៦នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក។ យុទ្ធជនពិការរូបនេះ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៦ នៅវរសេនាតូចលេខ៦ ខេត្តបាត់ដំបង ហើយបានត្រូវរបួសពិការ ជើងខាងស្តាំ នៅឆ្នាំ១៩៩១ ពេលដែលប្រយុទ្ធនៅសមរភូមិកំរៀង ខេត្តបាត់ដំបង ដោយសារបានជាន់មីន ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការនៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក សយ សុខ សព្វថ្ងៃរស់នៅជាមួយប្រពន្ធ និងកូន៦នាក់ ដោយជីវភាពលំបាកខ្វះខាត និងមិនមានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឱ្យបានសមរម្យ។ ដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដី និង ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មី ខ្នងទី២១៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុងឆ្អឹងដែក រនាបក្តារ ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្តើរកាច់។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុចរិតទៀងត្រង់។ ជាមួយនេះដែរ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (៣ការពារ និង៣កុំ)។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់ជូនបន្ថែមទៀត មានអង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន២យួរ ទឹកសុទ្ធចំនួន ១កេស ត្រីខ ចំនួន១យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ មានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។
លោក សយ សុខ អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ជួយសម្រាលទុក្ខលំបាកដល់អតីតសយុទ្ធជនពិការដូចជារូបគាត់៕