ភ្នំពេញ ៖ លោក ឌី វិជ្ជា កូនប្រុសបង្កើតលោកហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលត្រូវជាកូនប្រសាសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណដល់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង និងក្រុមមេធាវីកម្ពុជា-បារាំង ដែលបានបំពេញភារកិច្ចជោគជ័យ ក្នុងការទាមទារយុត្តិធម៌និងស្អាតស្អំ ជូនសម្ដេចហ៊ុន សែន និងរូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោកសម រង្ស៉ី ដែលថាសម្តេចហ៊ុន សែន នៅពីក្រោយការស្លាប់របស់លោកហុក ឡងឌី និងថាលោកមានគម្រោងសងសឹកជូនឪពុក។
លោកឌី វិជ្ជា បានអះអាងថា ឪពុកបង្កើតរបស់លោក (លោកហុក ឡងឌី) បានទទួលមរណភាព ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានហោះចូលតំបន់ដែលមានធាតុអាកាសមិនល្អ ដែលនាំឲ្យការបញ្ជាចុះចតភ្លាមៗ មិនអាចគ្រប់គ្រងបាន ហើយក្នុងនាមលោកដែលជាអ្នកមានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរ លោកដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញ របស់ក្រុមអ្នកបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ផងដែរ។ ដូច្នេះឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះ មិនមែនមកពីការផ្ទុះគ្រាប់បែក ដូចការមួលបង្កាច់របស់លោកសម រង្ស៉ី នោះទេ។
លោកឌី វិជ្ជា បានបញ្ជាក់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថា «ក្នុងនាមខ្លួនខ្ញុំ ឌី វិជ្ជា ជាកូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ហុក ឡងឌី ថ្ងៃនេះ ខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល ០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ដែលខ្ញុំបានពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គលសម រង្ស៊ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិត អំពីមូលហេតុនៃការស្លាប់របស់ឪពុកបង្កើតរបស់ខ្ញុំ រួមទាំងការលើកឡើងថា ខ្ញុំមានរៀបចំផែនការសងសឹក ដែលជាគំនិតដ៏រវើរវាយរបស់សម រង្ស៊ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់សម រង្ស៊ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់សម រង្ស៊ី ដែលគ្មានភ័ស្តុតាងជាក់លាក់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការប្រទេសបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យ ក្នុងការនាំយកភាពសច្ចៈនិងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបខ្ញុំ»។
លោកឌី វិជ្ជា បានបន្តថា «ជាការពិតណាស់ ឪពុកបង្កើតរបស់ខ្ញុំ បានទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានហោះចូលតំបន់ដែលមានធាតុអាកាសមិនល្អ ដែលនាំឲ្យការបញ្ជាចុះចតភ្លាមៗ មិនអាចគ្រប់គ្រងបាន។ ក្នុងនាមខ្ញុំដែលជាអ្នកមានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរនោះ ខ្ញុំដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញ របស់ក្រុមអ្នកបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ (Air Accident Investigation) របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) ផងដែរ។
ទាក់ទិនទៅនឹងសេចក្តីសម្រេចរបស់តុលាការប្រទេសបារាំងនេះ មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការងឿងឆ្ងល់ចំពោះការផ្សព្វផ្សាយរបស់សម រង្ស៊ី ដែលអះអាងថាខ្លួនជាអ្នកឈ្នះ!!! តើសម រង្ស៊ី ឈ្នះអ្វី??? ខាងក្រោមនេះ ខ្ញុំសូមដកស្រង់នូវចំណុចខ្លះៗនៃសាលក្រមរបស់សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង ជូនជាការពិចារណា ៖
១. ពុំមានភ័ស្តុតាងជាក់លាក់ណាមួយដែលសម រង្ស៊ី បានផ្ដល់ឲ្យតុលាការ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា មូលហេតុនៃឧប្បទ្ទវហេតុ កើតឡើងដោយសារការបំផ្ទុះគ្រាប់បែកនោះទេ «SAM Rangsi n’apporte pas d’élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries » ។
២. ការចោទប្រកាន់ថា សម្ដេចតេជោ ជាអ្នកបង្គាប់បញ្ជាឲ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង ០២ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី […] ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថា ជាការបរិហាកេរ្តិ៍សម្ដេចតេជោ […] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d’être pénalement qualifiés de complicité d’assassinat par instigation, soit d’avoir participé à l’un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l’article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។
៣. ក្នុងលក្ខខណ្ឌទាំងនេះ ការកាត់ទោសផ្នែកព្រហ្មទណ្ឌ អាចនឹងប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមមាត្រនៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្ដឹង និងជនជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០ នៃអនុសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស ដូចនេះលោកសម រង្ស៉ី នឹងទទួលបាននូវការអនុគ្រោះឲ្យរួចផុតពីបទចោទទាំងពីរ។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។
៤. មិនដែលស្គាល់ឌី វិជ្ជា សោះ ក៏ប៉ុន្តែបានដាក់ខ្លួនជាឌី វិជ្ជា គិតចង់ស្វែងរកយុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées.» ។
តាមរយៈសម្រង់ខ្លឹមសារខ្លះៗ នៃសាលក្រមខាងលើ គឺច្បាស់ណាស់ថា សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត គ្មានសច្ចធម៌ គុណធម៌ រវើរវាយ ភូតកុហក បោកប្រាស់ និងជាអ្នកនយោបាយពោរពេញដោយគំនុំបុគ្គល គំនិតសងសឹក និងចូលចិត្តប្រឌិតសាច់រឿងញុះញង់ បំបែកបំបាក់ និងបង្កចលាចលតាមអារម្មណ៍រវើរវាយរបស់ខ្លួន។ វាជារឿងដ៏គួរឱ្យអស់សំណើច ដែលមនុស្សចាស់ចំណាស់នេះហើយ នៅតែមានចរិតនិងចិត្តគំនិតបែបនេះ»។
លោកឌី វិជ្ជា បន្តទៀតថា «ចាប់តាំងពីខ្ញុំដឹងក្ដីពេលណា ខ្ញុំបានដឹងថា ឪពុករបស់ខ្ញុំ បានចេញទៅធ្វើសង្គ្រាមជាមួយសម្ដេចតេជោ ដើម្បីជួយរំដោះប្រទេសជាតិ ជួយប្រជាជន ឱ្យចេញផុតពីរបបប៉ុល ពត រហូតដល់មានការទុកចិត្ត និងការផ្តល់តំណែងជាបន្តបន្ទាប់។ មិនត្រឹមតែទំនាក់ទំនងការងាររវាងសម្ដេចតេជោ ជាមួយឪពុករបស់ខ្ញុំនោះទេ សូម្បីតែគ្រួសារនិងគ្រួសារ ក៏មានភាពស្និទ្ធស្នាលគ្នាផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០០២ ប្អូនស្រីរបស់ខ្ញុំ បានរៀបការជាមួយឯកឧត្តម ហ៊ុន ម៉ានិត ដែលជាកូនទី៣ របស់សម្ដេចតេជោ ហើយរូបខ្ញុំក៏បានរៀបការជាមួយភរិយារបស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្ដេចតេជោ កាលពីចុងឆ្នាំ២០០៩ ផងដែរ។ ពួកយើងទាំងពីរគូ បានបង្កើតកូនៗ ជាចៅៗ ជូនឪពុកម្ដាយទាំងសងខាង ជាច្រើននាក់។ តើអាចទៅរួចទេដែលថា ការស្លាប់របស់ឪពុកខ្ញុំ ដូចអ្វីដែលសម រង្ស៊ី និយាយ? តើមនុស្សដែលមានសតិធម្មតា អាចគិតរឿងនេះបានដែរឬទេ?
ល្មមដល់ពេលដែលលោកសម រង្ស៊ី រៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!»។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាកូនប្រសា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ ដាច់ដោយឡែកពីគ្នា ប្តឹងលោកសម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន ចោទប្រកាន់សម្តេចហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់លោកហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា ហើយថា លោកឌី វិជ្ជា ជាកូនបង្កើតលោកហុក ឡងឌី និងជាកូនប្រសាសម្តេចហ៊ុន សែន មានគម្រោងសងសឹកជូនឪពុក។
ពាក្យបណ្តឹងរបស់សម្តេចហ៊ុន សែន និងលោកឌី វិជ្ជា ត្រូវបានតុលាការក្រុងប៉ារីស ប្រទេសបារាំង លើកយកមកបើកសវនាការ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ និងប្រកាសសាលក្រម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយសម្រេចថា ការចោទប្រកាន់របស់លោកសម រង្ស៉ី ថាសម្តេចហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឲ្យធ្វើឃាតលោកហុក ឡងឌី នោះ គឺជាការបរិហារកេរ្តិ៍សម្តេចហ៊ុន សែន គឺផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច សមតាមបំណងដែលសម្តេច ចង់បាន។ ប៉ុន្តែតុលាការ បានអនុគ្រោះដល់លោកសម រង្ស៉ី ដោយលើកលែងការចោទប្រកាន់៕ ខៀវទុំ