Tuesday, November 12, 2024
Homeព័ត៌មានជាតិចោរ២នាក់ ឆក់ទូរស័ព្ទបាន ជាប់ខ្នោះ១

ចោរ២នាក់ ឆក់ទូរស័ព្ទបាន ជាប់ខ្នោះ១

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់សន្តិសុខម្នាក់ បានសម្រេច និងព្យាយាមរត់ឡើងជិះម៉ូតូកង់បី គេចខ្លួន តែត្រូវជនរងគ្រោះរត់ដេញចាប់បានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចសួនច្បារខាងមុខអនុវិទ្យាល័យវត្តភ្នំ តាមបណ្តោយផ្លូវ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីជនរងគ្រោះជាសន្តិសុខ បានឱ្យដឹងថា មុនកើតហេតុ គាត់បានរៀបចំប៉ៅអ៊ី ដើម្បីសម្រាក យាមនៅខាងមុខឃ្លាំងកើតហេតុខាងលើ ហើយគាត់បានដាក់ទូរស័ព្ទទុកនៅលើកៅអីជ័រ ដើម្បីរៀបចំបន្ត ស្របពេលនោះ លេចមុខជនសង្ស័យចំនួន២នាក់ បានដើរមកក្បែរ កៅអីជ័រ តែគាត់មិនបានចាប់អារម្មណ៍នោះទេ។

ជនរងគ្រោះ បានបន្តថា ភ្លាមៗនោះ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលូកដៃយកទូរស័ព្ទពីលើកៅអីបានសម្រេច ហើយក៏នាំគ្នារត់គេចខ្លួន តែរូបគាត់ក្រឡេករកមើលទូរស័ព្ទមិនឃើញនៅលើកៅអី ក៏ស្ទុះរត់ដេញតាមពីក្រោយជនសង្ស័យទាំង២នាក់ រហូតមកដល់ត្រង់ ចំណុចសួនច្បារ ខាងមុខអនុវិទ្យាល័យវត្តភ្នំ ក៏តាមទាន់ជនសង្ស័យម្នាក់ កំពុងរត់ឡើងម៉ូតូកង់បី បម្រុងជិះរត់គេចខ្លួន តែត្រូវគាត់ស្ទុះទៅក្របួចជាប់ អូសចុះពីលើម៉ូតូកង់បី ហើយក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាទទួលស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួនតែម្តង។ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនរងគ្រោះ បានបញ្ជាក់ថា ទូរស័ព្ទដែលត្រូវជនសង្ស័យលួចយកនោះ ម៉ាក OPPO តម្លៃជាង២០០ដុល្លារ ដែលគាត់ទើបតែបង់រំលស់ពីហាង យកមកប្រើប្រាស់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ និងបានហៅជនរងគ្រោះជាសន្តិសុខ ទៅបុស្តិ៍នគរបាលស្រះចក ដើម្បីធ្វើការសាកសួរ និងដាក់ពាក្តបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

RELATED ARTICLES