Tuesday, November 26, 2024
Homeព័ត៌មានជាតិរកឃើញបំណែកក្បាលយក្ស នៅជិតខ្លោងទ្វារអង្គរធំ

រកឃើញបំណែកក្បាលយក្ស នៅជិតខ្លោងទ្វារអង្គរធំ

ខេត្តសៀមរាប ៖ តាមប្រភពអាជ្ញាធរអប្សរា បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ថា ក្រុមមន្ត្រីនៃអាជ្ញាធរអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរា (ក្បាលយក្ស) ធ្វើពីថ្មបុរាណ ចំនួនមួយ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករ នៅមុខខ្លោងទ្វារចូលក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។ 

ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃ អាជ្ញាធរអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករ ដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារបានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។

លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមការងារ បានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណ ចំនួន៣ផ្ទាំង បន្ទាប់មក ក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង ៦៥សង់ម៉ែត្រ និងកម្រាស់ ៥៩សង់ទីម៉ែត្រ។ ព្រះកេសអសុរា ធ្វើពីថ្មភក់ ដែលប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជយវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀត នៃក្រុងអង្គរធំ ដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេស ឱ្យបានត្រឹមត្រូវ ហើយក្រុមការងារ ក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។

មន្ត្រីអាជ្ញាធរអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថា មាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រ ជាច្រើនបំណែកទៀត ដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។

សូមបញ្ជាក់ដែរថា អាជ្ញាធរអប្សរា មានគម្រោងកែលម្អទីតាំងខាងលើ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ។ ដូច្នេះការធ្វើកំណាយស្រាវជ្រាវ និងការចុះបញ្ជីបំណែកចម្លាក់ក្នុងទីតាំងនោះ នឹងបន្តធ្វើ ដើម្បីស្វែងរកបំណែកចម្លាក់ជាច្រើនទៀត ដែលបានបាត់បង់ ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញ នាពេលអនាគត៕

RELATED ARTICLES