Tuesday, January 21, 2025
Homeព័ត៌មានជាតិវ៉ៃខ្នោះមេការហាងផឹកស៊ី២នាក់ បង្ខាំងក្មេងស្រី៨នាក់

វ៉ៃខ្នោះមេការហាងផឹកស៊ី២នាក់ បង្ខាំងក្មេងស្រី៨នាក់

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាមេការហាងផឹកស៊ី ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស ចុះឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវឃើញថា បានបង្ខាំងក្មេងស្រីជាអនីតិជន ចំនួន៦នាក់ និងនារី ២នាក់ទៀត ឱ្យនៅបម្រើការងារ ក្នុង ហាងផឹកស៊ីរបស់ខ្លួន។

ប្រតិបត្តិការខាងលើ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចអាហារដ្ឋាន ម្លប់ពោធិ៍រំលេច មានទីតាំងស្ថិតនៅភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងអាហារដ្ឋាន  «ម្លប់ពោធិ៍រំលេច» ស្ថិតនៅក្នុងភូមិព្រៃក្តី សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយបានឃាត់ខ្លួនស្ត្រី ២នាក់ ជាមេការអាហារដ្ឋាន ពាក់ព័ន្ធករណីបង្ខាំងក្មេងស្រីជាអនីតិជន ចំនួន៦នាក់ ក្នុងចំណោមមនុស្សស្រី ៨នាក់ ដែលសមត្ថកិច្ចបានរំដោះចេញ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឱ្យដឹងថា ការចុះត្រួតពិនិត្យទីតាំងអាហារដ្ឋានខាងលើនេះ ដឹកនាំដោយលោករ៉ែន នរិទ្ធិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានរកឃើញមានករណីសញ្ចារកម្ម ក្នុងប្រតិបត្តិការ ព្រមទាំងបានឃាត់ខ្លួនស្ត្រី ២នាក់ ជាមេការអាហារដ្ឋាន ក្នុងនោះ ទី១-ឈ្មោះលួន សុខខួច ភេទស្រី អាយុ៣៧ឆ្នាំ និងទី២-ឈ្មោះឃឺន ផាត ភេទស្រី អាយុ៣១ឆ្នាំ និងបានសង្គ្រោះក្មេងស្រីបានចំនួន ៨នាក់ ក្នុងនោះមានក្មេងស្រីមិនទាន់គ្រប់អាយុ ចំនួន៦នាក់។

ក្រោយការឃាត់ខ្លួនស្ត្រីជាមេការ និងរំដោះក្មេងស្រីទាំង៨នាក់រួចមក មន្ត្រីជំនាញ បានសាកសួរ និងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង ៨នាក់ បានប្រគល់ជូនមន្ទីរសង្គមកិច្ច គ្រប់គ្រងបន្ត៕

RELATED ARTICLES