Tuesday, November 26, 2024
Homeព័ត៌មានជាតិប៉ូលិសចរាចរណ៍ អ្នកវិភាគស្នើកែចំណុចអវិជ្ជមាន លើកកម្ពស់គុណតម្លៃនិងវិជ្ជាជីវៈ

ប៉ូលិសចរាចរណ៍ អ្នកវិភាគស្នើកែចំណុចអវិជ្ជមាន លើកកម្ពស់គុណតម្លៃនិងវិជ្ជាជីវៈ

ភ្នំពេញ ៖ អ្នកវិភាគ បានស្នើប៉ូលិសចរាចរណ៍ខ្មែរ កែចំណុចអវិជ្ជមានមួយចំនួន ដើម្បីលើកកម្ពស់គុណតម្លៃ និងវិជ្ជាជីវៈ បន្ទាប់ពីមានការរិះគន់ពីមហាជន ទៅលើប៉ូលិសចរាចរណ៍ខ្លះ ដែលអនុវត្តការងារខ្វះក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមានអាកប្បកិរិយាលឹបល លាក់លៀមនិងពួន មិនសមជាសមត្ថកិច្ច ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងអ្នកវិភាគនយោបាយ-សង្គម បានលើកយកពីរបៀបត្រួតពិនិត្យល្បឿនរបស់ប៉ូលិសខ្មែរ និងអូស្ត្រាលី ដែលជាប៉ូលិសដូចគ្នា ច្បាប់ចរាចរណ៍ក៏ប្រហាក់ប្រហែលគ្នា ប៉ុន្តែរបៀបនិងអាកប្បកិរិយានៃការអនុវត្តច្បាប់ ខុសគ្នាដូចមេឃនិងដី។ ពលរដ្ឋខ្លះ បានលើកឡើងថា របៀបប៉ូលិសចរាចរណ៍ខ្មែរមួយចំនួន អនុវត្តការងារខ្វះវិជ្ជាជីវៈ និងសីលធម៌ រហូតដល់អ្នកខ្លះ បានលើកឡើងថា ប៉ូលិសចរាចរណ៍ខ្លះ មានអាកប្បកិរិយាលឹបល លាក់លៀមនិងពួន មិនសមជាសមត្ថកិច្ចទាល់តែសោះ។ លោកថា នៅប្រទេសជឿនលឿន ពេលប៉ូលិសចុះល្បាត ឬត្រួតពិនិត្យល្បឿននៅលើដងផ្លូវ គេប្រើប្រាស់យានយន្តរបស់អង្គភាព ដោយមានស្លាកសញ្ញាច្បាស់លាស់ ព្រមទាំងដាក់សញ្ញា-ព័ត៌មានឱ្យអ្នកធ្វើដំណើរដឹងមុន ពី ៥០០ ទៅ ១០០០ម៉ែត្រ ថាខាងមុខ មានការត្រួតពិនិត្យល្បឿនចល័ត។ ហេតុនេះសូមប៉ូលិសចរាចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យចំណុចអវិជ្ជមាននៃការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីលើកកម្ពស់គុណតម្លៃ និងវិជ្ជាជីវៈជាអ្នកបម្រើពលរដ្ឋ ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា សម្រាប់លោកៗមិនយល់ទាស់ចំពោះការដាក់កម្លាំង ដើម្បីត្រួតពិនិត្យនិងពង្រឹងការធ្វើការចរាចរណ៍ និងច្បាប់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឬក៏ទូទាំងប្រទេសខ្មែរយើងទេ ពីព្រោះនៅស្រុកណាក៏ប្រើប្រាស់ប៉ូលិសចរាចរណ៍ ដើម្បីជួយសម្រួល និងរឹតបន្តឹងការអនុវត្ត ដាក់ពិន័យទៅលើជន ឬក៏អ្នកធ្វើដំណើរដែលមិនគោរពច្បាប់ចរាចរណ៍ដែរ ប៉ុន្តែវាទាស់គ្នាត្រង់ថា ប៉ូលិសនៅស្រុកគេ ហាក់បីដូចជាមានសីលធម៌ កម្រិតវិជ្ជាជីវៈ ការអនុវត្តច្បាប់ បានត្រឹមត្រូវ និងមិនបង្កឲ្យមានភាពអយុត្តិធម៌ និងក្ដៅក្រហាយដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ ឯប៉ូលិសស្រុកខ្មែរ ពេលខ្លះអនុវត្តទៅវាហួស ធ្វើឲ្យប្រជាពលរដ្ឋកើតទុក្ខមិនសុខ ស្រែកថាអយុត្តិធម៌ ។ ដូច្នេះហើយ ទើបបានជាលោកលើកឡើង និងអំពាវនាវក្នុងនាមជាពលរដ្ឋសកម្មមួយរូបនៅក្នុងសង្គម ឲ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលឡើងវិញអំពីការច្បាប់អនុវត្តច្បាប់ ពិសេសក្រុមសីលធម៌វិជ្ជាជីវៈប៉ូលិសចរាចរណ៍ ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ខ្ញុំក្នុងនាមជាអ្នកធ្វើកិច្ចការងារផ្នែកការអភិវឌ្ឍសង្គម ហើយក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ សង្កេតឃើញមួយរយៈក្រោយមកនេះ គឺសកម្មភាពនៃការរឹតបន្តឹងការផាកពិន័យរបស់ប៉ូលិសចរាចរណ៍មួយចំនួន នៅក្នុងសកម្មភាពនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ហ្នឹង ហាក់បីដូចជាវាមានភាពគ្រោតគ្រាត មានភាពអសីលធម៌ ហើយនិងអយុត្តិធម៌ទៅលើប្រជាពលរដ្ឋ ហើយក៏សង្កេតឃើញដែរ ឃើញប្រជាពលរដ្ឋជាច្រើន បានសម្ដែងនូវការកើតទុក្ខមិនសុខចិត្ត ក្ដៅក្រហាយ និងការឈឺឆ្អាល ដោយសារតែគាត់សង្កេតឃើញសកម្មភាពទាំងអស់នោះ វាហាក់ដូចជាអាក្រក់ ហើយបង្កឲ្យមានភាពអយុត្តិធម៌និងក្ដៅក្រហាយដល់ប្រជាពលរដ្ឋនៅក្នុងសង្គម ជាពិសេសអ្នកភ្នំពេញហ្នឹងតែម្ដង ។ សម្រាប់ខ្ញុំៗមិនយល់ទាស់ចំពោះការដាក់កម្លាំងដើម្បីត្រួតពិនិត្យនិងពង្រឹងការធ្វើការចរាចរណ៍ និងច្បាប់ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ឬក៏ទូទាំងប្រទេសខ្មែរយើងទេ ពីព្រោះនៅស្រុកណាក៏គេមានប៉ូលិស ប្រើប្រាស់ប៉ូលិសចរាចរណ៍ហ្នឹង ដើម្បីជួយសម្រួលនិងរឹតបន្តឹងការអនុវត្ត ដាក់ពិន័យទៅលើជនឬក៏អ្នកធ្វើដំណើរដែលមិនគោរពច្បាប់ចរាចរណ៍ដែរ។ ប៉ុន្តែវាទាស់គ្នាត្រង់ថា នៅស្រុកគេ ប៉ូលិសគេហ្នឹង ហាក់បីដូចជាមានសីលធម៌ មានកម្រិតវិជ្ជាជីវៈ ការអនុវត្តច្បាប់របស់គេហ្នឹង គេធ្វើបានត្រឹមត្រូវ និងមិនបង្កឲ្យមានភាពអយុត្តិធម៌និងក្ដៅក្រហាយដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ ដូច្នេះហើយបានជាខ្ញុំលើកឡើង និងអំពាវនាវក្នុងនាមជាពលរដ្ឋសកម្មមួយរូបនៅក្នុងសង្គមហ្នឹង ឲ្យអាជ្ញាធរពាក់ព័ន្ធហ្នឹង ពិនិត្យមើលឡើងវិញអំពីការអនុវត្តច្បាប់ហ្នឹង ។ តាមពិត សារាចរណែនាំ ផ្លូវច្បាប់ហ្នឹង វាមិនជាអាក្រក់ប៉ុន្មានទេ ច្បាប់វាប្រហាក់ប្រហែលនឹងប្រទេសដទៃដែរ ប៉ុន្តែការអនុវត្ត ជួនកាលទៅវាហួស ។ ជាពិសេស ខ្ញុំដឹងថា នៅក្នុងការប្រើប្រាស់កងកម្លាំង ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ហ្នឹង មានទាំងប៉ូលិសចរាចរណ៍ ដែលទទួលបានការសិក្សា ការបណ្ដុះបណ្ដាល យល់ដឹងពីច្បាប់ហ្នឹងខ្លះ ហើយនិងមានមន្រ្តីកិច្ចសន្យាដែលតាមខ្ញុំដឹង គឺមន្រ្តីមួយចំនួនហ្នឹងមិនសូវជាបានយល់ដឹង ឬមិនទទួលបានវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់ជ្រុងជ្រោយទេ ហើយប្រហែលជាមន្រ្តីដែលជាប់កិច្ចសន្យាហ្នឹង អាចពេលខ្លះទៅ គាត់ធ្វើទៅវាលើសអំពីបន្ទាត់និងព្រំដែនច្បាប់ ដែលគេផ្ដល់សិទ្ធិឲ្យគាត់ ហើយជាពិសេសគឺនៅពេលដែលវិធានការ និងយុទ្ធនាការរឹងបន្តឹងនៅក្នុងការអនុវត្តច្បាប់ចរាចរណ៍ហ្នឹង មានការផាកពិន័យក្នុងទឹកប្រាក់ច្រើនកន្លងមកនេះ ហើយនិងមានការកាត់ភាគរយទៅឲ្យកងកម្លាំងដែលប្រតិបត្តិការហ្នឹង ខ្ញុំគិតថា ការដាក់ចេញនូវវិធានការនេះ វាជំរុញឲ្យមានអំពើពុករលួយ ។ វាជាការពិត គឺប៉ូលិស ឬក៏កងកម្លាំងកិច្ចសន្យាហ្នឹង មានប្រាក់ខែ មានប្រាក់បំណាច់ពីរដ្ឋតើ ហេតុអីបានចាំបាច់ត្រូវកាត់ប្រាក់ផាកពិន័យហ្នឹងទៅឲ្យពួកគាត់ទៀត? ហើយការបង្កើតគោលនយោបាយកាត់ភាគរយនៃប្រាក់ពិន័យ បានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលយើងគិតថា ជាជនល្មើសនោះ អ្នកដែលប្រព្រឹត្តខុសច្បាប់ហ្នឹង វាគួរតែដាក់ចូលទៅក្នុងចំណូលថវិការបស់ជាតិ មិនត្រូវយកទៅកាត់ភាគរយទៅឲ្យកងកម្លាំងអ៊ីចឹងទេ ពីព្រោះពួកគាត់ហ្នឹងមានប្រាក់ខែ មានប្រាក់ឧបត្ថម្ភអីហើយតើ! ហើយជាពិសេស គឺការបង្កើតគោលនយោបាយកាត់ភាគរយពីប្រាក់ផាកពិន័យបានហ្នឹង ទៅឲ្យកងកម្លាំងសមត្ថកិច្ចហ្នឹង អាហ្នឹងវាបង្កើតកត្តាជំរុញឲ្យមានអំពើពុករលួយ ឬក៏ការអនុវត្តច្បាប់ហ្នឹង ធ្វើម៉េចឲ្យតែផាកបានកាន់តែច្រើន ភាគរយលើចំណូលដែលពួកគាត់ទទួលបានហ្នឹង កាន់តែច្រើនដែរ ។ ហេតុនេះហើយ សមត្ថកិច្ចប៉ូលិសមួយចំនួន អ្នកពង្រឹងច្បាប់មួយចំនួនហ្នឹង គាត់ពុករលួយ គាត់ប្រើប្រាស់អំណាចសិទ្ធិដែលផ្ដល់ឲ្យហ្នឹង កុំឲ្យតែឃើញ ភ្នែកគាត់ហ្នឹង ធ្វើម៉េចឲ្យតែផាកបាន យើងឃើញរូបភាពនិងសកម្មភាពនៃការផាកពិន័យកន្លងមកហ្នឹង ដូចជាវាហួសពេក វាមិនសមរម្យជាសមត្ថកិច្ចទេ មិនមានវិជ្ជាជីវៈ ប្រើប្រាស់ប៉ូលិសហ្នឹង ទៅស្លៀកពាក់ស៊ីវិល ទៅពូននៅក្រោមស្ពាន ពូននៅក្រោមសសរ ក្រោមដើមឈើ ទាំងប៉ូលិសខ្លួនខ្លះហ្នឹងក៏អ៊ីចឹងដែរ“ ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ប៉ុន្តែខ្ញុំបញ្ជាក់ម្ដងទៀត ប្រើពាក្យខ្លះ មិនប្រើពាក្យទាំងអស់ ដើម្បីកុំឲ្យបង្កើតភាពអយុត្តិធម៌ចំពោះប៉ូលិសល្អ វាមានប៉ូលិសចរាចរណ៍ល្អដែរ ដែលខ្ញុំឃើញលោកខិតខំប្រឹងប្រែងសម្រួលចរាចរណ៍ និងការពារសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ។ ប៉ុន្តែប៉ូលិសដែលខ្វះសីលធម៌ ខ្វះវិជ្ជាជីវៈហ្នឹង ហាក់បីដូចជាមានច្រើនជាងប៉ូលិសដែលមានសីលធម៌ តាមការសង្កេតរបស់ខ្ញុំ ។ សកម្មភាពនៃការផាកពិន័យហ្នឹង គាត់សឹងតែប្រើប្រាស់គ្រប់មធ្យោបាយ គាត់ពួន គាត់ស្ទាក់ គាត់លោតចេញពីបង្គោលភ្លើង ពីគម្ពោតព្រៃ ពីក្រោមដើមឈើមក ពេលខ្លះខ្ញុំគេចតែប៉ូលិសហ្នឹងចង់បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ គាត់លោតមកចាប់អ្នកដទៃ ប៉ុន្តែវាកាត់មុខឡាន កាត់មុខម៉ូតូយើង ធ្វើឲ្យយើងហ្នឹងសឹងតែគ្រោះថ្នាក់ដោយខ្លួនឯង គឺគាត់ធ្វើម៉េចឲ្យតែចាប់បាន ឲ្យតែផាកបាន ហើយការផាកពិន័យទៀតសោតហ្នឹង ខ្ញុំមើលទៅ ដូចជាមិនមានយន្តការអីនៅក្នុងការត្រួតពិនិត្យការផាកពិន័យហ្នឹងទេ ។ ខ្ញុំចង់សួរទៅខាងអាជ្ញាធរ ជាពិសេសគឺខាងប៉ូលិសចរាចរណ៍ អ្នកគ្រប់គ្រងខាងប៉ូលិសចរាចរណ៍ហ្នឹង តើមានយន្តការអីដែលធានាថាការផាកពិន័យហ្នឹង ធ្វើឡើងដោយត្រឹមត្រូវ មានយុត្តិធម៌? យន្តការអីដែលជាយន្តការត្រួតពិនិត្យនិងវាយតម្លៃហ្នឹង? ហើយខ្ញុំជឿថា កង្វះយន្តការនៅក្នុងការត្រួតពិនិត្យវាយតម្លៃ ដើម្បីធានាថា ការអនុវត្តច្បាប់ ការពង្រឹងច្បាប់ និងការផាកពិន័យធ្វើបានត្រឹមត្រូវ មានសីលធម៌ មានវិជ្ជាជីវៈនេះ គឺជារឿងសំខាន់ដើម្បីធានាបាននូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ និងគុណភាពនៃការអនុវត្ត នៃការពង្រឹងហ្នឹងឲ្យមានប្រសិទ្ធភាព ។ បើសិនជាមិនមានយន្តការត្រួតពិនិត្យវាយតម្លៃនិងកែតម្រូវចំណុចអវិជ្ជមាន ភាពមិនសមរម្យ កង្វះវិជ្ជាជីវៈ និងអំពើពុករលួយនៅក្នុងការពង្រឹងច្បាប់ចរាចរណ៍ហ្នឹងទេ វានឹងបង្កើតឲ្យមានភាពពុករលួយពីការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ អំពើអយុត្តិធម៌ និងវាប៉ះពាល់ទៅដល់គុណតម្លៃសមត្ថកិច្ច ជាពិសេសគឺប៉ូលិសចរាចរណ៍ទាំងមូល ពីព្រោះសង្គមយើង ប្រជាពលរដ្ឋយើង នៅតែគិតថា ត្រីមួយកន្រ្តក ស្អុយមួយ ស្អុយទាំងអស់ ហើយក្នុងនាមខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ ខ្ញុំមិនវាយតម្លៃហួសហ្នឹងទេ។ ប៉ុន្តែទោះជាយ៉ាងណា កាលណាសមត្ថកិច្ច ជាពិសេសដូចជាក្នុងករណីប៉ូលិសចរាចរណ៍ លោកអនុវត្តច្បាប់ហ្នឹងទៅវាពុករលួយ វាបង្កនូវភាពអយុត្តិធម៌ និងខ្វះវិជ្ជាជីវៈ វាបង្កើតឲ្យមានកំហឹងសង្គម ហើយគ្មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយជាងទង្វើអសីលធម៌ និងអមនុស្សធម៌ ឬក៏អយុត្តិធម៌របស់សមត្ថកិច្ច ទៅលើពួកគាត់ទេ នៅក្នុងសង្គមយើងសព្វថ្ងៃនេះ“ ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ជារួមទៅ អ្វីដែលខ្ញុំសុំស្នើកែចំណុចអវិជ្ជមាន លើកកម្ពស់គុណតម្លៃនិងវិជ្ជាជីវៈប៉ូលិសចរាចរណ៍ ខ្ញុំថា ទី១ គឺយើងឃើញរូបភាពមួយចំនួន មានទាំងវីដេអូ មានទាំងសំណេរ មានទាំងរូបថតដែលបង្ហាញនូវភាពច្រងេងច្រងាង ច្រឡោងខាម ហិង្សារបស់ប៉ូលិសចរាចរណ៍មួយចំនួន ។ អាហ្នឹងវាជាឧទាហរណ៍បង្ហាញឲ្យឃើញថា កងកម្លាំងប៉ូលិសចរាចរណ៍មួយចំនួនហ្នឹង លោកខ្វះសីលធម៌ ខ្វះគុណធម៌នៅក្នុងខ្លួន ក្នុងនាមជាអ្នកអនុវត្តច្បាប់ ក្នុងនាមជាអ្នកពង្រឹងច្បាប់ ។ ហេតុនេះ ការពង្រឹងសីលធម៌និងវិជ្ជាជីវៈជាអាជ្ញាធរ ជាអ្នកអនុវត្តច្បាប់ហ្នឹង គួរតែចាប់ផ្ដើមតាំងពីការជ្រើសរើសមន្រ្តីប៉ូលិសហ្នឹងឡើងទៅ គួរតែមានការកំណត់នូវគុណវុឌ្ឍឲ្យបានច្បាស់លាស់ ជាពិសេស រឹតបន្តឹងលក្ខខណ្ឌផ្នែកសីលធម៌បុគ្គលហ្នឹង ឲ្យបានខ្ពស់ ។ ទី២ មុននឹងបញ្ជូនពួកគាត់ចេញទៅអនុវត្តច្បាប់នៅតាមគោលដៅមួយៗហ្នឹង គួរតែមានការបណ្ដុះបណ្ដាលឲ្យគាត់យល់ដឹងអំពីច្បាប់ចរាចរណ៍ ហើយនិងសិទ្ធិរបស់ប្រជាពលរដ្ឋផង ។ ប៉ូលិសខ្លះ នៅពេលដែលយើងសួរថា យើងខុសអី? គាត់អត់ទេ គាត់សម្លុតមក សម្លុតគំរាមយើង ហើយឲ្យទៅជួបមេគាត់នៅអង្គុយតុនៅឯកៀនផ្លូវឯណោះទៅវិញ ។ ប្រជាពលរដ្ឋមានសិទ្ធិសួរ ទោះបីគេខុសក៏ដោយ ប៉ុន្តែត្រូវប្រាប់គេថា គេខុសអី? នៅក្នុងមាត្រាណា? កុំចេះតែចាប់ ហើយរុញទៅឲ្យបង់លុយ ដោយមិនបានប្រាប់ពីហេតុផល ។ ការផាកពិន័យ ដោយមិនបានប្រាប់ពីហេតុផល និងជួយដាស់តឿនក្រើនរំលឹកប្រជាពលរដ្ឋ មិនមែនជាមាគ៌ាឬក៏មធ្យោបាយនៅក្នុងការពង្រឹងច្បាប់នៅក្នុងសង្គមទេ ។ នៅក្នុងប្រទេសជឿនលឿន ទោះបីជាគេមានការផាកពិន័យ ប៉ុន្តែសកម្មភាពដែលគេធ្វើ ស្នូលធំដើម្បីលើកកម្ពស់ការអនុវត្តច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងសង្គម គឺតាមរយៈការអប់រំ ការលើកកម្ពស់ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋហ្នឹងគោរពច្បាប់ ស្គាល់ស្លាកសញ្ញា គោរពស្លាកសញ្ញា គោរពភ្លើងចរាចរណ៍ ជាជាងគោរពបុគ្គលដែលជាមន្រ្តីប៉ូលិស ឈរនៅតាមគោលដៅ ឬក៏ឈរនៅតាមកាច់ជ្រុងស្ដុបមួយៗ ហើយបទពិសោធន៍នៅក្នុងប្រទេសជាច្រើន អារឿងថាប៉ូលិសចរាចរណ៍ផាកពិន័យខ្ពស់ ងាកផាកៗ ងាកពិន័យៗហ្នឹង វាមិនបានធ្វើឲ្យស្ថានភាពបញ្ហាហ្នឹងអាចដោះស្រាយបានទេ ។ ឧទាហរណ៍ជាក់ស្ដែង យើងមើលឃើញ ទោះបីជាកន្លងមក មានការផាកពិន័យធ្ងន់ធ្ងរ ប៉ុន្តែកម្រិតចំនួននៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានខែ ជាពិសេសនៅក្នុងត្រីមាស ឆមាសឆ្នាំ២០២២ នេះ ដូចជាមិនមានអីស្រាកស្រាន្តខុសប្លែកពីរយៈពេលមុនការរឹតបន្តឹងនិងការផាកពិន័យទេ ។ ដូច្នេះហើយ អាជ្ញាធរពាក់ព័ន្ធហ្នឹង គួរតែពិនិត្យឡើងវិញថា តើការផាកពិន័យហ្នឹងពិតជាមានប្រសិទ្ធភាព និងមានឥទ្ធិពលនៅក្នុងការបន្ថយគ្រោះថ្នាក់ចរាចរណ៍បានពិតប្រាកដមែនឬអត់? ឬវាទៅជាបង្កើតបញ្ហាថ្មី ជាពិសេសគឺបង្កឲ្យមានភាពអសីលធម៌ អយុត្តិធម៌ និងភាពក្ដៅក្រហាយដល់ប្រជាពលរដ្ឋនៅក្នុងសង្គម? និងចំណុចមួយទៀត គឺសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធហ្នឹង គួរតែពិនិត្យមើលទៅលើគោលនយោបាយ ឬក៏សារាចរនៅក្នុងការផាកពិន័យហ្នឹង ពីព្រោះការផាកពិន័យដែលកំណត់យកទឹកប្រាកច្រើនៗបែបនេះ វាហួសនឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ចំណូលដែលប្រជាពលរដ្ឋ អាចបង់បានក្នុង១ថ្ងៃ ។ ជាការពិត មនុស្សនៅក្នុងសង្គម វាមានមនុស្សខូច មនុស្សល្អ ប៉ុន្តែអ្នកខ្លះទៅ គាត់ប្រព្រឹត្តកំហុសហ្នឹងដោយអចេតនា ឬក៏ដោយប្រការណាមួយដែលគាត់មិនមានបំណងទេ“ ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “នៅស្រុកគេ រហូតដល់គេមានរឿងផាកពិន័យនេះ គេផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋហ្នឹង ទៅតវ៉ានៅតុលាការ។ នៅប្រទេសអូស្រ្តាលី នៅប្រទេសប្រជាធិបតេយ្យជឿនលឿន នៅអាមេរិក នៅសិង្ហបុរី ក្បែរយើងហ្នឹង ក៏គេមានដែរ គេមិនមែនថាចាប់ភ្លាម ឲ្យប្រជាពលរដ្ឋហ្នឹងផាកបង់លុយនៅនឹងកន្លែងទេ គេឲ្យជាសំបុត្រផាកពិន័យ ក្រដាសផាកពិន័យហ្នឹង ហើយទៅបង់ទៅ ហើយគេទុកពេលឲ្យ បើសិនជាមិនពេញចិត្ត មិនទទួលយក ឬក៏គិតថា ការផាកពិន័យហ្នឹង វាអយុត្តិធម៌ ប្រជាពលរដ្ឋហ្នឹង អាចទៅប្ដឹងបាន អាចទៅតវ៉ានៅតុលាការបាន ហើយតុលាការស្រុកគេ ទាក់ទឹងនឹងរឿងចរាចរណ៍ រឿងអីនេះ ដើរចូលទៅដាក់ពាក្យទៅ អត់មានត្រូវការមេធាវីអីទៅការពារទេ ។ ដូច្នេះហើយ យើងឃើញថា ដោយសារតែគោលនយោបាយដាក់ចេញមក អាចំនួនទឹកប្រាក់នៃការផាកពិន័យហ្នឹងវាខ្ពស់ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនហ្នឹង លោកអត់មានលទ្ធភាពបង់ទេ ដូចជាករណីបុរសដែលបើករ៉ឺម៉ក ហើយត្រូវបានប៉ូលិសផាក អត់មានលុយ រហូតដល់មានមនុស្សដឹកគាត់ទៅបញ្ចាំទូរស័ព្ទអីហ្នឹង អាហ្នឹងមើលទៅ វាគ្រោតគ្រាត វាសង្វេគណាស់នៅក្នុងសង្គម គួរតែតម្លៃនៃការផាកពិន័យហ្នឹង ឧទាហរណ៍ថា ប្រជាពលរដ្ឋដែលប្រព្រឹត្តខុសហ្នឹង គួរតែផាកពិន័យនៅក្នុងកម្រិតមួយ យើងមើលចំណូលមធ្យមរបស់ប្រជាពលរដ្ឋយើងដែលអាចរកបានក្នុងមួយថ្ងៃហ្នឹង ប៉ុន្មានពាន់រៀល? ឧទាហរណ៍ថា ប្រទេសយើង ប្រជាពលរដ្ឋភាគច្រើន រកចំណូលបានប្រហែលជាខ្ទង់ ១ម៉ឺនរៀល ក្នុង១ថ្ងៃ អ៊ីចឹងការផាកពិន័យហ្នឹង មិនគួរណាឲ្យវាច្រើនពេកទេ ។ ជាពិសេសបទពិសោធន៍នៅក្នុងប្រទេសជឿនលឿន ដូចខ្ញុំបានជម្រាបខាងលើ យើងឃើញការផាកពិន័យ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនេះ វាមិនមែនជាមធ្យោបាយនៅក្នុងការលើកកម្ពស់ និងជំរុញឲ្យប្រជាពលរដ្ឋអនុវត្តច្បាប់ទេ មានតែការលើកកម្ពស់ការយល់ដឹង ការអប់រំ ការពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋហ្នឹងយល់ដឹងអំពីច្បាប់ចរាចរណ៍ ពីសុវត្ថិភាពនៅលើដងផ្លូវ ហើយនិងគោរពច្បាប់ គោរពស្លាកសញ្ញា អាហ្នឹងទើបជាមធ្យោបាយត្រឹមត្រូវ ដែលអាចនាំឲ្យមានការផ្លាស់ប្ដូរ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យចរាចរណ៍នៅស្រុកយើងហ្នឹង វាមានភាពរបៀបរៀបរយ ។ បើសិនជាយើងផាកពិន័យអ៊ីចឹង ប្រជាពលរដ្ឋមួយចំនួន លោកខ្លាចរអា ឬក៏លោកអត់ប្រព្រឹត្តខុស នៅពេលដែលឃើញប៉ូលិសឈរជើងនៅតាមភ្លើងស្ដុប ឬក៏នៅតាមគោលដៅទេ នៅពេលដែលលែងមានស្លាកសញ្ញា លែងឃើញមានប៉ូលិសហ្នឹង គាត់ត្រឡប់មកទម្លាប់ចាស់ដដែល ដែលអាហ្នឹងវាជារឿងដែលយើងមិនគួរបណ្ដោយឲ្យកើតមាននៅក្នុងសង្គមទេ យើងគួរតែនាំគ្នាជ្រើសរើសមធ្យោបាយនិងយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពជាងនេះ គឺធ្វើម៉េចឲ្យប្រជាពលរដ្ឋយើងហ្នឹងលោកមានមនសិការ លោកមានការគិតពិចារណា គោរពច្បាប់ គោរពផ្លាកសញ្ញា ជាជាងគោរពបុគ្គលនៅតាមមុខសញ្ញានីមួយៗ“ ។

          គួរបញ្ជាក់ថា ទាក់ទិននឹងអាកប្បកិរិយាមន្រ្តីចរាចរណ៍ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មានប៉ូលិសចរាចរណ៍ម្នាក់ ឈ្មោះពុត ធារី បានរងវិន័យកងកម្លាំង និងបញ្ជូនទៅអប់រំណែនាំ ដោយធ្វើកិច្ចសន្យាបញ្ឈរជើង (ផ្អាកការងារ) រយៈពេល ៣ខែ ដោយសារបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យ ដាក់ពលរដ្ឋដែលល្មើសច្បាប់។

          ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ចុះថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្រេចនិរាករណ៍លិខិតបង្គាប់ការលេខ០៧៧ បកចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ។

          លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឱ្យស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវប្រមូលផ្ដុំកម្លាំង និងធ្វើការបែងចែកភារកិច្ចជាថ្មី ទៅតាមសំណូមពរចាំបាច់នៃការងារ ។

          លោកបណ្ឌិត ប៉ា ចន្ទរឿន ចាត់ទុកការរិះគន់និងមិនពេញចិត្តទាក់ទងនឹងភាពមិនប្រក្រតីនិងអាកប្បកិរិយាមិនសមរម្យរបស់ប៉ូលីសចារចរាចរណ៍មួយចំនួន មានប្រសិទ្ធភាពដែរ ព្រោះក្រោយការរិះគន់ ឥឡូវនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្លាស់ប្តូរការងារនិងកងកម្លាំងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ។ លោកសូមសាទរការផ្លាស់ប្តូរនេះ ហើយសង្ឃឹមថា វាអាចជួយដោះស្រាយបញ្ហាអសីលធម៌និងអយុត្តិធម៌ទាក់ទងនឹងការងាររបស់ប៉ូលិសចរាចរណ៍ កន្លងមក ។ លោកក៏សូមឲ្យសាធារណជនជួយសង្កេតនិងផ្តល់គំនិតស្ថាបនាទាំងអស់គ្នា ៕ កុលបុត្រ

RELATED ARTICLES