ខេត្ដកណ្តាលៈ សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ដោយសារតែការឆ្លងចរន្តអគ្គិសនីប្រើប្រាស់ក្នុងផ្ទះបង្កជាគ្រោះអគ្គិភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃត្រង់ ខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនធំ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនេះ ជាប្រភេទផ្ទះថ្មប្រក់សង្ក័សី ទំហំទទឹង៤.៥ម៉ែត្រគុណនឹងបណ្តោយ១៤ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ លឹម មី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់នំ បច្ចុប្បន្នរស់នៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ករណីគ្រោះអគ្គីភ័យនេះបានធ្វើឲ្យផ្ទះរងការខូចខាតយ៉ាងដំណំ ,ខូចខាតសម្ភារៈប្រើប្រាស់នៅក្នុងទាំងស្រុង និងលុយប្រមាណ៥ពាន់ដុល្លាសហរដ្ឋអាមេរិក ។
ករណីគ្រោះអគ្គីភ័យនេះបើកុំតែមានការអន្តរាគមន៍ ពីប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ,រថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងអង្គរក្ស ច្បាស់ជាឆាបឆេះរៀលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋជិតខាងគ្នាជាក់ជាមិនខាន ។ ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៥រថយន្តស្មើនឹង៤៤ម៉ែត្រគូប ធ្វើឲ្យភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង០១និង១៥នាទីរសៀលថ្ងៃដដែល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីប្រើប្រាស់នៅក្នុងផ្ទះ ទើបបណ្តាលជាគ្រោះអគ្គីភ័យយ៉ាងដូច្នេះ ៕
ដោយ៖ សិលា