Monday, September 23, 2024
Homeព័ត៌មានជាតិសុំឈប់ធ្វើការ ថៅកែមិនព្រម ប្តឹងបង្ខាំងមនុស្ស

សុំឈប់ធ្វើការ ថៅកែមិនព្រម ប្តឹងបង្ខាំងមនុស្ស

ខេត្តកំពង់ចាម ៖ យុវជនជាកម្មករឡឥដ្ឋម្នាក់ បានសុំលាឈប់ធ្វើការ តែថៅកែមិនព្រម ទើបបែកគំនិតរាយការណ៍ ប្រាប់សមត្ថកិច្ចថា ថៅកែបង្ខាំងខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល ចុះអន្តរាគមន៍ភ្លាមៗ ទើបដឹងថា មូលហេតុដែលថៅកែ មិនព្រមឱ្យឈប់ ដោយសារតែកម្មកររូបនេះ នៅជំពាក់ប្រាក់ថៅកែជាច្រើន។

ករណីទទួលបណ្តឹងថា មានការបង្ខាំងមនុស្សខុសច្បាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចសិប្បកម្មឡឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា Hotline 117 បានឱ្យដឹងថា កាលពីវែលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា មានករណីបង្ខាំងមនុស្ស (កម្មករនៅក្នុងសិប្បកម្មឡឥដ្ឋ) ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចប្រចាំបញ្ជា បានបញ្ជូនព័ត៌មានទៅលោកវ៉ា សុធារ៉ា ស្នងការរងនគរបាល ខេត្តកំពង់ចាម ដើម្បីចុះអន្តរាគមន៍។

លុះដល់វេលាម៉ោង ៩ព្រឹក ថ្ងៃដដែល កម្លាំងជំនាញ ដឹកនាំដោយលោកអធិការនគរបាលស្រុកបាធាយ បានចុះដល់កន្លែងកើតហេតុ និងបានជួប សាកសួរជនរងគ្រោះ និងម្ចាស់សិប្បកម្មឡឥដ្ឋ។

តាមសម្តីរបស់ភាគីជនរងគ្រោះដែលជាកម្មករ បានបញ្ជាក់ថា ខ្លួនមានបំណងចង់លាឈប់ធ្វើការ ពីសិប្បកម្មឡឥដ្ឋ មួយនេះ តែម្ចាស់ទីតាំងមិនព្រមឱ្យខ្លួនលាឈប់។

ចំណែកភាគីម្ចាស់សិប្បកម្មឡឥដ្ឋ បានអះអាងថា មូលហេតុដែលគាត់មិនព្រមឱ្យកម្មកររូបនេះឈប់ គឺដោយសារ តែកម្មករម្នាក់នេះ បានជំពាក់ប្រាក់របស់គាត់ជាច្រើន។

ក្រោយពីមានការសម្របសម្រួលពីសមត្ថកិច្ច និងដោយមានការធានាពីក្រុមគ្រួសារយុវជនជាកម្មកររួចមក ទើបម្ចាស់ឡឥដ្ឋ បានយល់ព្រមឱ្យភាគីកម្មករឈប់ ដោយសន្យាសងប្រាក់ដែលជំពាក់ ចំនួន៥ពាន់ដុល្លារ មកវិញ៕

RELATED ARTICLES