ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ដែលបានធ្វើសកម្មភាពភ្ជង់កាំបិត ប្លន់យុវជនជាសន្តិសុខម្នាក់ យកលុយនិងទូរស័ព្ទដៃ បានសម្រេច កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្បែរផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រួចនាំគ្នារត់គេច ខ្លួនបានត្រឹម ១យប់ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះអៀង វាសនា ហៅអាបីកាំបិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ទី២-ឈ្មោះយិន សុមាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៣-ឈ្មោះឈិត ឡាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ទី៤-ឈ្មោះច្រឹក ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១២ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ទី៥-ឈ្មោះហ៊ុន ម៉ាញ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងទី៦-ឈ្មោះពៅ ម៉េងហ៊ុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ដោយឡែក ជនរងគ្រោះ មានឈ្មោះង៉ុយ ចំរើន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ ខ្លួនទើបនឹងចប់ម៉ោងការងារ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-6756 ចេញទៅដើរលេងនៅម្តុំផ្លូវវេងស្រេង រួចក៏ជិះត្រឡប់មកកន្លែងស្នាក់នៅវិញ ។ លុះមកដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យមួយក្រុម មានគ្នា ៤ ទៅ៥នាក់ ធ្វើដំណើរដោយថ្មើរជើង និងប្រដាប់ដោយកាំបិត ១ដើម បានចេញមកស្ទាក់ពីមុខខ្លួនជាប់ រួចយកកាំបិតភ្ជង់ក គំរាមថាបើមិនឱ្យលុយនិងទូរស័ព្ទ ពួកគេនឹងអារក ធ្វើឱ្យខ្លួនមានការភ័យស្លន់ស្លោ ក៏ប្រគល់ទូរស័ព្ទម៉ាក Oppo ១គ្រឿង និងលុយជាង ២ម៉ឺនរៀល ឱ្យក្រុមជនសង្ស័យ ទាំងនោះទៅ។ ក្រោយពីបានទូរស័ព្ទនិងលុយ ពីជនរងគ្រោះហើយ ក្រុមជនសង្ស័យយទាំងនោះ បាននាំគ្នាគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសាកសួរ រួចក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីសមត្ថកិច្ចធ្វើការសាវជ្រាវរកក្រុមជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។ រហូតមកដល់ព្រឹកឡើង កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍ និងខណ្ឌ បានសហការគ្នាធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕