ភ្នំពេញ ៖ នារីរូបស្រស់ ជាអ្នកប្រកបរបររកស៊ីទទួលបញ្ចាំ (កុងស៊ី) នៅកាស៊ីណូណាហ្គាវើលដ៍ មួយរូប ត្រូវបាន ប្រភព័ត៌មានអះអាងថា ត្រូវបានឃាតករមិនស្គាល់មុខ ធ្វើសកម្មភាពចាក់សម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ក្នុងអគារកាស៊ីណូ ណាហ្គាវើលដ៍ ទី១ និងបានប្លន់ប្រាក់ប្រមាណជាង ៦០ម៉ឺនដុល្លារ។

យោងតាមប្រភពម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Dan Heng Enter បានបង្ហោះនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ថា “ស្ត្រីស្រស់ស្អាត ឈ្មោះហ្គិច ជាកុងស៊ី (ទទួលបញ្ចាំ) នៅកាស៊ីណូ ណាហ្គាលវើលដ៍ ទី១ ត្រូវបានជនមិន ស្គាល់មុខ អារកនិងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារអាមេរិក ដោយសុវត្ថិភាព…”។
ជុំវិញករណីភ្ញាក់ផ្អើលខាងលើនេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ ហើយសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវព័ត៌មានមួយនេះ។
ដោយឡែក នៅរសៀលថ្ងៃដដែលនោះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Dan Heng Enter បានបង្ហោះវីដេអូមួយបន្ថែមទៀត បង្ហាញពីស្ថានភាពសពនារីរងគ្រោះ នៅក្នុងសាលពិនិត្យសពមួយកន្លែង ដោយនៅលើខ្លួនប្រាណសព មានស្លាកស្នាមចាក់ដោយកាំបិត ជាច្រើនកន្លែង ទាំងចំណុចដើមដៃ ផ្ទៃមុខ (ថ្ពាល់) ពិសេសត្រង់បំពង់ក មានស្នាក់ចាក់ជាច្រើនកន្លែង។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានអះអាងថា រូបភាពសពខាងលើ គឺជាស្ត្រីរងគ្រោះ ឈ្មោះហ្គិច ជាកុងស៊ី (ទទួលបញ្ចាំ) នៅកាស៊ីណូ ណាហ្គាលវើលដ៍ ទី១ ដែលត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ជាន់ទី១ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ។
បន្ថែមពីលើនេះ ម្ចាស់គណនីហ្វេសប៊ុក ដដែល បានបញ្ជាក់ថា តាមប្រភពព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា ជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ និងកំពុងសាកសួរចម្លើយ៕