Monday, November 25, 2024
Homeព័ត៌មានជាតិដេ....ញវ៉ៃប្ល...ន់ម៉ូតូអត់បាន ដកសោរត់

ដេ….ញវ៉ៃប្ល…ន់ម៉ូតូអត់បាន ដកសោរត់

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿង បំណងទៅយកប្រពន្ធចេញពីធ្វើការយប់ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពដេញវាយប្លន់ម៉ូតូ ធ្វើឱ្យជនរងគ្រោះភ័យ ក៏ជិះចូលស្ថានីយប្រេង មួយកន្លែង រួចផ្តួលម៉ូតូ រត់គេច។ ចំណែកក្រុមជនសង្ស័យ ប្រុងលើកម៉ូតូជនរងគ្រោះជិះ  ក៏ត្រូវប្រជាពលរដ្ឋចេញមកអន្តរាគមន៍ ធ្វើឱ្យក្រុមជនសង្ស័យភ័យ បានត្រឹមដកកូនសោម៉ូតូរបស់ជនរងគ្រោះ រួចនាំគ្នារត់គេចខ្លួនបាត់អស់។

ករណីដេញវាយប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-5328 ចេញពីផ្ទះ នៅក្រុងតាខ្មៅ ក្នុងបំណងទៅយកប្រពន្ធនៅឯពោធិ៍ចិនតុង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើត ទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង ដេញតាមពីក្រោយគាត់ ប៉ុនប៉ងវាយប្លន់យកមូ់តូ ទើបធ្វើឱ្យរូបគាត់ភ័យស្លន់ស្លោ ក៏ជិះរត់ចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈកើតហេតុ រួចក៏ផ្តួលម៉ូតូចោល រត់យករួចខ្លួន។

ប្រភពដដែល បន្តថា ខណៈពេលនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ បម្រុងលើកយកម៉ូតូរបស់គាត់ ជិះចេញទៅហើយ  តែស្របពេលនោះ ក៏មានប្រជាពលរដ្ឋដែលនៅជិតនោះ បានស្រែកឆោឡោ ទើបជនសង្ស័យទម្លាក់ម៉ូតូគាត់ចុះ ប៉ុន្តែបានដកយកសោម៉ូតូរបស់គាត់ រួចក៏នាំគ្នាឡើងជិះម៉ូតូ រត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើអន្តរាគមន៍ និងបាននាំជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES