បាត់ដំបង ៖ រថភ្លើងដឹកទំនិញ ១ខ្សែ កំពុងបើកបរសុខៗ សង្ស័យដាច់កង់ បណ្តាលឱ្យធ្លាក់ផ្លូវ ក្រឡាប់ទូកុងតឺន័រ ២ទូ សង្កត់ផ្ទះពលរដ្ឋ ខូចខាតចំនួន២ខ្នង តែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថភ្លើងមួយខ្សែ ផ្ទុកទំនិញនិង ទូរកុងតឺន័រ (ដឹកស្រូវ) ជាច្រើនទូ បើកបរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ រថភ្លើងបានដាច់កង់ ធ្លាក់តួចេញពីផ្លូវ បណ្តាលឱ្យក្រឡាប់ទូកុងតឺន័រស្រូវ ចំនួន២ទូ សង្កត់ប៉ះលើផ្ទះពលរដ្ឋ ខូចខាតចំនួន២ខ្នង តែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់ក្រុមហ៊ុនរថភ្លើង បានទាក់ទងយករថយន្តស្ទូច មកស្ទូចយកទូរថភ្លើង និងទូកុង តឺន័រឡើង ដើម្បីយកទៅធ្វើការជួសជុល។ ចំណែកផ្ទះដែលរងការខូចខាត ចំនួន២ខ្នង ត្រូវបានលោកលាង វាសនា អភិបាលក្រុងបាត់ដំបង ចាត់ឱ្យមេប៉ុស្តិ៍ធ្វើរបាយការណ៍ ដើម្បីចុះជួយនៅពេលក្រោយ៕



