Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតសែកស្អុយ ប៉ូលិសតាមចាប់ដាក់គុក

ស្រីស្អាតសែកស្អុយ ប៉ូលិសតាមចាប់ដាក់គុក

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀង ដោយយោងតាម អំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ  ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។

ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកយុត្តិធម៌ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើការចាប់ខ្លួនស្ត្រីម្នាក់ ឈ្មោះហ៊ិន រចនា អាយុ៣៤ឆ្នាំ ជាមួយរថយន្តម៉ាកតូយ៉ូតា ព្រួស ១គ្រឿង នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្រោយចាប់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មួយយប់ រហូតមកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញ បានបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

ការចាប់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបប្រាប់ថា ជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ របស់លោកហុក ពៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានី ភ្នំពេញ ដែលឈ្មោះហ៊ិន រចនា មានលំនៅ ភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ ចោទពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១។

សាលក្រមខាងលើ បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ត្រូវឃាត់ខ្លួនពិរុទ្ធជន ទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីផុត នៅចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) ទទួលឃុំខ្លួនពិរុទ្ធជន ដែលមានអត្តសញ្ញាណដូចខាងលើ តាមដីកាបង្គាប់នេះ៕

RELATED ARTICLES