Saturday, September 21, 2024
Homeសន្ដិសុខសង្គមកាប់ប្លន់ម៉ូតូ ជាប់ខ្នោះ៥នាក់

កាប់ប្លន់ម៉ូតូ ជាប់ខ្នោះ៥នាក់

កណ្តាល ៖ ជនសង្ស័យមួយក្រុម បានជួបជុំគ្នាផឹកស៊ី លុះស្រវឹង ក៏បែកគំនិតបបួលគ្នាទៅកាប់គូទំនាស់ម្នាក់ មិនតែប៉ុណ្ណោះក៏មានអ្នកផ្តល់យោបល់ថា បើជ្រុលតែកាប់មនុស្សហើយ ប្លន់យកម៉ូតូតែម្តងទៅ រួចក៏ត្រូវរ៉ូវគ្នា ចេញទៅកាប់យុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ និងបានប្លន់យកម៉ូតូជនរងគ្រោះ គេចខ្លួនបាត់។ លុះរយៈ ពេលប្រមាណ១០ថ្ងៃក្រោយមក ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាប ដោយឃាត់ខ្លួនបានជន សង្ស័យចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ ចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ រហូតមកដល់ វេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៥នាក់។

ជនរងគ្រោះ មានឈ្មោះម៉េង លីសុធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅក្នុង ដេប៉ូលក់អីវ៉ាន់ បោះដុំ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (រងរបួសលើដើមដៃផ្នែកខាងឆ្វេង ១កន្លែង រងរបួស ខ្នងផ្នែកខាងឆ្វេង ១កន្លែង)។ ចំណែកជនសង្ស័យ សរុបមានចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ៥នាក់ ខណៈ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឆៃ អៀងឡេង ហៅឆ្លាំង ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំ ពេញ។ ទី២-ឈ្មោះ ហុក សំណាង ហៅបឺត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ទី៣-ឈ្មោះអឿន ម៉ុងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ទី៤-ឈ្មោះសើ ឈុនឡេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោ យចង្វា រាជធានីភ្នំពេញ និងទី៥-ឈ្មោះដុំ សុខវិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូមានលំ នៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រីឯជនសង្ស័យ ២នាក់ទៀត ដែលកំពុង រត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ដោយឡែក សម្ភារៈបាត់បង់ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-9535។ រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូម៉ាក SUZUKI NEX ពណ៌ស-ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CX-4850 (ម៉ូតូជិះធ្វើសកម្មភាព)។ ២-ម៉ូតូម៉ាកហុដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ឡើងតែម ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IT-5779 (ម៉ូតូជិះធ្វើសកម្មភាព)។ ៣-ម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ កណ្តាល 1A-6735 (ម៉ូតូជិះធ្វើសកម្មភាព)។ ៤-ទូរស័ព្ទម៉ាក VIVO ពណ៌ទឹកប្រាក់ ១គ្រឿង។ ៥-ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ១គ្រឿង។ ៦-កាំបិតផ្គាក់ ប្រវែង៥៤សង់ទីម៉ែត្រ ទំហំផ្លែ៥សង់ទីម៉ែត្រ ដងធ្វើ អំពីឫស្សី ប្រវែង១៩,៥សង់ ទីម៉ែត្រ មានដែកកងរុំគល់ផ្លែកាំបិត ចំនួន២ដើម (ពណ៌ស-ពណ៌ខ្មៅ) និង៧-កាំ បិតប៉័ងតោ ១ដើម ប្រវែង២៧សង់ទីម៉ែត្រ ទំហំផ្លែ ៩សង់ទីម៉ែត្រ ដងធ្វើអំពីឈើប្រវែង ១១សង់ទីម៉ែត្រ មាន ដែករុំគល់ផ្លែកាំបិត (ពណ៌ខ្មៅ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋានខេត្ត និងកម្លាំង អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដោយមានការចូល រួមសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តសៀមរាប បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ដែលបានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំ ណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និងឈានទៅដល់ ការបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យបាន ចំនួន៥នាក់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះឆៃ អៀងឡេង ហៅឆ្លាំង ឈ្មោះហុក សំណាង ហៅបឺត និងឈ្មោះដុំ សុខវិសាល កំពុង នៅជុំគ្នាក្នុងបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោយមក ជនសង្ស័យឈ្មោះវី សុភា ក៏បានជិះម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក មកដល់ ហើយក៏បាន ជុំគ្នាផឹក ស៊ីនៅទីនោះ។ បន្ទាប់មកជនសង្ស័យឈ្មោះវី សុភា សួរទៅជនសង្ស័យឈ្មោះហុក សំណាង ហៅបឺត ថា «អ្ហែងមានកាំបិតអត់?

អញយកទៅកាត់គេមួយ នៅស្ពានលេខ១៣» ភ្លាមនោះជនសង្ស័យឈ្មោះហុក សំណាង បានឆាតតាម Messenger ទៅជនសង្ស័យឈ្មោះអឿន ម៉ុងហាក់ និងឈ្មោះសើ ឈុនឡេង ថា “អ្ហែងយកកាំបិតមកជួបអញ នៅហាយលែន» លុះក្រោយមក ជនសង្ស័យឈ្មោះអឿន ម៉ុងហាក់ និងឈ្មោះ សើ ឈុនឡេង ក៏បានយកកាំ បិតទៅឱ្យជនសង្ស័យឈ្មោះ វី សុភា ហើយក៏ជួបជុំគ្នានៅបុរីហាយលែននោះ ក្រោយពីជួបជុំគ្នា ជនសង្ស័យ ឈ្មោះ ហុក សំណាង ក៏និយាយថា “បើជ្រុលទៅកាប់ហើយ កាប់យកម៉ូតូតែម្តងទៅ” ភ្លាមនោះជនសង្ស័យ ឈ្មោះវី សុភា ក៏បានយល់ព្រម បន្ទាប់មក ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូ មកស្ពានលេខ១៣ ពេលមកដល់ ស្ថានីយប្រេងឥន្ធនៈ PTT ក៏នាំគ្នាចូលទៅចាក់សាំងនៅក្នុងស្ថានីយប្រេងឥន្ធនៈ PTT នោះ ពេលចាក់សាំងរួច ក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចុះឡើង រហូតដល់វេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃដដែលក៏បានឃើញជន រងគ្រោះជិះម៉ូតូតែម្នាក់ឯង ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ពេលមកដល់ចំណុចកើត ហេតុខាងលើ ពេលជនរងគ្រោះកំពុងចុះទៅបត់ជើងតូច ភ្លាមនោះក្រុមជនសង្ស័យទាំង៧នាក់បានធ្វើសកម្ម ភាពកាប់ជនរងគ្រោះ ដោយជនសង្ស័យជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ជាអ្នកធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវចំកំភួនដៃ ស្មា ខ្នង ពេលនោះជនរងគ្រោះបានរត់ និងស្រែកឱ្យគេជួយ ចំណែកក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះសំដៅទៅទិសខាងត្បូង ចូលទឹកដីខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ គេចខ្លួនបាត់។

បន្ទាប់មក ជនរងគ្រោះបានរត់ទៅកន្លែងធ្វើការ នៅក្នុងស្តង់ដេប៉ូលក់អីវ៉ាន់ ប្រាប់មេការឱ្យទូរស័ព្ទប្តឹងសមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅកន្លែងកើត ហេតុធ្វើការស្រាវ ជ្រាវ ។

រហូតដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ បានសរុបចំនួន ០៥នាក់ រួមនិងវត្ថុតាង ដូចបានរៀបរាប់ខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក មុខកំពូល។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនសរុប៧នាក់ (រត់គេច២នាក់) ពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះ ប្លន់យកម៉ូតូប្រាកដមែន។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែកបក្ខពួក ២នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងតាម ចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES