ភ្នំពេញ ៖ ស្ត្រីជាអ្នករៀបចំកម្មវិធីថតស្ពតម្នាក់ ដែលគេដឹងថាជាកូនតុងទីន ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ១០ម៉ឺនដុល្លារ តាមបណ្តឹងរបស់មេតុងទីន អឿន មូលីកា ដែលកំពុងជាប់ពន្ធនាគារ។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះហ៊ន សាលី អាយុ២៩ឆ្នាំ មានលំនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

ការនាំខ្លួនស្ត្រីត្រូវចោទខាងលើ ទៅតុលាការ ត្រូវបានសមត្ថកិច្ចធ្វើឡើងតាមដីកាបញ្ជា ឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះហ៊ន សាលី ចូលទៅ បំភ្លឺលើ បណ្តឹងរបស់ឈ្មោះអឿន មូលីកា ប្តឹងចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំ ពោះឧបករណ៍អាចជួញ ដូរបាន ពាក់ព័ន្ធចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណ ១០ម៉ឺនដុល្លារ។

យ៉ាងណា ស្ត្រីជាចុងចម្លើយ ឈ្មោះហ៊ន សាលី បាននិយាយថា លុយនោះ ខ្លួនបានសងទៅដើមបណ្តឹងជាបន្ត បន្ទាប់ហើយ តែដោយសារមួយរយៈនេះ ដើមបណ្តឹង (អឿន មូលីកា) ត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ទើបមាន ការខកខានក្នុងការទូទាត់ប្រាក់៕
