Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយអត់សង កាត់សោចូលផ្ទះ សម្លាប់ឆ្កែ គំរាម ចាប់មនុស្សដាក់គុក

ជំពាក់លុយអត់សង កាត់សោចូលផ្ទះ សម្លាប់ឆ្កែ គំរាម ចាប់មនុស្សដាក់គុក

 ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ថ្មីៗនេះ ម្ចាស់បំណុលរបស់ខ្លួន បានធ្វើសកម្មភាពចូលមកកាត់សោ ចូលផ្ទះ សម្លាប់ឆ្កែ កាប់បំផ្លាញដើមឈើ រុះរើអីវ៉ាន់ខ្ទេចខ្ទីគ្មានសល់ យកទ្រព្យសម្បត្តិ ជេរប្រមាថ និងគំរាមចាប់រូបគាត់ ដាក់គុកទៀតផង ដោយសារតែម្ចាស់បំណុល ខឹងគាត់មិនបានសងប្រាក់ដែលជំពាក់គ្រប់ចំនួន។

បុរសដែលអះអាងថា ត្រូវម្ចាស់បំណុលកាត់សោចូលផ្ទះ គំរាមចាប់ដាកគុកនោះ មានឈ្មោះហ៊ុល សេដ្ឋា អាយុ ៤០ឆ្នាំ មានលំនៅ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកហ៊ុល សេដ្ឋា បានរៀបរាប់ថា់ លោកពិតជាបានចងការប្រាក់ពីភាគីម្ចាស់បំណុល ជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ប្រាកដមែន ដើម្បីបណ្តាក់ទុនរកស៊ី ហើយលោកក៏បានសងម្ចាស់បំណុល តាមកិច្ចសន្យាមួយចំនួនធំ ផងដែរ តែជាអកុសល ពេលមានជំងឺកូវីដ ផ្ទុះឡើង ក៏មានការបិទខ្ទប់ស្ទើរគ្រប់ទីកន្លែង ធ្វើឱ្យសេដ្ឋកិច្ចមិនដំណើរ ការល្អ ទើបការបង់លុយមិនទៀងទាត់ រអាក់រអួល យឺតយ៉ាវ ដែលពេលនោះម្ចាស់បំណុលគុណការប្រាក់បូក ប្រាក់ពិន័យ មានចំនួនច្រើនធ្ងន់ធ្ងរ។

លោកបានបន្តទៀតថា កន្លងមក លោកក៏ធ្លាប់បានពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីបានសងប្រាក់ ទៅភាគីម្ចាស់បំណុល ជាច្រើនលើកច្រើនសា ប៉ុន្តែនៅតែមិនបានជោគជ័យ ដោយមូលហេតុការ សម្រេចចិត្ត របស់ភាគីម្ចាស់បំណុល ផ្លាស់ប្តូររហូត។ ក្រោយមកទៀត លោកបានព្យាយាមសុំចរចាលើកលែង ប្រាក់ពិន័យ មួយចំនួន ជាមួយភាគីម្ចាស់បំណុល ប៉ុន្តែនៅតែមិនមានការឯកភាពលើកលែងចំនួនណាមួយឡើយ ដោយមាន តែហេតុផលតែមួយគត់ បើមិនព្រមសង ចាប់ដាក់គុក ព្រោះលោកមានសែកតម្កល់។ លុះក្រោយមក ភាគីម្ចាស់ បំណុល បានបង្ខិតបង្ខំឱ្យលោកចាកចេញពីផ្ទះ បើចង់នៅផ្ទះ ត្រូវជួលផ្ទះពីភាគីម្ចាស់បំណុលវិញ ហើយប្រាក់ ដែលជំពាក់ នៅជំពាក់ដដែល។

ក្រោយពីទទួលដំណឹងថា ភាគីម្ចាស់បំណុល បានកំពុងធ្វើការផ្ទេរប័ណ្ណកម្មសិទ្ធិដោយគ្មានការឯកភាពពីខ្លួនជា កូនបំណុល លោកក៏បានសម្រេចប្តឹងទៅតុលាការ ដាក់រក្សាការពារ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ របស់លោក។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកតាំង ស៊ុនឡាយ បានចេញ ដីកាសម្រេចដីការក្សាការពារជូនលោក។

ប៉ុន្តែដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២និង១៥នាទីរសៀល ស្រាប់តែមានមនុស្សរបស់ភាគីម្ចាស់ បំណុល បានចូលមកលួចកាត់សោផ្ទះ ដោយឯកតោភាគី គ្មានវត្តមានម្ចាស់ផ្ទះឬអាជ្ញាធរណាបានដឹងឮឡើយ ហើយដាក់កម្លាំងយាមមិនឱ្យម្ចាស់ផ្ទះបានចូលទៅផ្ទះ បន្ទាប់មក ពួកគេបានសម្លាប់ឆ្កែ អស់ចំនួន២ក្បាល រួច កាប់បំផ្លាញដើមឈើ រុះរើលួចយកអីវ៉ាន់ក្នុងផ្ទះ តាមអំពើចិត្ត។

លោកហ៊ុល សេដ្ឋា បន្តថា លោកមានក្តីរន្ធត់ណាស់ នៅពេលចូលមកដល់ផ្ទះ ឃើញសភាពឆ្កែជាសត្វចឹញ្ចឹមជា ទីស្រលាញ់ ដែលជាប់នៅក្នុងទ្រុងហើយនោះ ត្រូវគេរឹតខ្សែចងកសម្លាប់គ្មានធម៌មេត្តា រុះរើអីវ៉ាន់ក្នុងផ្ទះតាម ទំនើងចិត្ត គ្មានគិតរអែងក្រែងច្បាប់អ្វីឡើយ។

ឃើញសភាពបែបនោះ លោកក៏បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ សកម្មភាពបំពានច្បាប់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល ក្រុមមន្ត្រីនគរបាលព្រហ្មទណ្ឌ បានចុះមក ឃាត់ខ្លួនពួកបង្កហេតុទាំងនោះ ទៅសាកសួរនៅក្រសួង តែក្រោយ មកក៏មានអន្តរាគមន៍ដោះលែង ដែលធ្វើឱ្យជនសង្ស័យប្រព្រឹត្តិបទល្មើសទាំងនោះស្ថិតនៅក្រៅឃុំ។

ជាចុងក្រោយ លោកជាភាគីកូនបំណុល សំណូមពរនិងស្នើសុំទៅម្ចាស់បំណុល សងប្រាក់ដែលលោកបានទទួល និងការប្រាក់ដែលកំណត់ដោយច្បាប់ ព្រមទាំងចាត់ចែងនីតិវិធីតាមច្បាប់។ ចំពោះបទល្មើសដែលភាគីម្ចាស់បំ ណុល បានប្រព្រឹត្តជាមួយបក្ខពួក ក៏ស្នើសុំទៅតុលាការ ចាត់ចែងនីតិវិធីតាមច្បាប់ផងដែរ។

ជុំវិញរឿងរ៉ាវខាងលើនេះ មិនទាន់មានការបកស្រាយបំភ្លឺពីភាគីម្ចាស់បំណុលនៅឡើយទេ។ យ៉ាងណា យើងរង់ ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES