ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជន ម្នាក់ ព្រោះតែមានការធ្វេសប្រហែសក្នុងការយាមកាម បានធ្វើឱ្យបាត់ម៉ូតូរបស់គេអស់១គ្រឿង លុះតូចចិត្តនឹងគ្មានលុយទិញម៉ូតូសងគេវិញ ស្រាប់តែសម្រេចចិត្តចងកស្លាប់ចោលប្រពន្ធ កូន យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលលេខ 94E4 បន្ទប់ លេខ១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះ តែគ្មានលុយទិញម៉ូតូសងគេវិញនេះ ឈ្មោះ ហេង សុខហៀង អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុនឯកជន (CSN) មានប្រពន្ធឈ្មោះនៅ ស្រីលក្ខ មុខរបរលក់នំនៅផ្សារចាស់ ស្នាក់នៅ បន្ទប់ជួលកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ៣ថ្ងៃ ប្តីរបស់នាង បានធ្វើឱ្យបាត់ម៉ូតូគេ១គ្រឿង នៅ កន្លែងធ្វើការ និងត្រូវគេតម្រូវឱ្យសង តែដោយ សារពុំមានលទ្ធភាពសងម៉ូតូគេវិញ ទើបប្តីរបស់ នាងចេះតែលំបាកចិត្តអង្គុយសញ្ជប់សញ្ជឹង មិន សូវនិយាយស្តីរកអ្នកណាឡើយ ចំណែកនាង ក៏នឹកស្មានថា ប្តីរបស់នាងអាចនឹងមានគំនិតខ្លី រហូតដល់ថ្នាក់បញ្ចប់ជីវិតបែបនេះឡើយ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅមុន ពេលកើតហេតុ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ នាងបានចេញពីផ្ទះ ទៅលក់នំនៅផ្សារចាស់ដូចសព្វមួយដង ដោយ ទុកឱ្យប្តីនៅចាំផ្ទះតែម្នាក់ឯង លុះដល់វេលា ម៉ោងកើតហេតុខាងលើ ខណៈដែលនាងត្រឡប់ មកដល់ផ្ទះវិញ ឃើញទ្វារផ្ទះបិទ ទើបនាង បានស្រែកហៅប្តីឱ្យបើកទ្វារ តែមិនឮសូរសំឡេង ប្តីឆ្លើយតបសោះ ទើបនាងបានអើតមើលតាម ប្រឡោះទ្វារ ស្រាប់តែប្រទះឃើញប្តីនាងចងក ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើល ដល់អ្នកជិតខាងនាំគ្នាជួយទម្លាយទ្វារចូលទៅ មើល ទើបដឹងថា ប្តីនាងពិតជាចងកស្លាប់មែន និងមិនដឹងជាស្លាប់តាំងពីថ្មើរណាទេ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែនដោយប្រើខ្សែលួសស្រោបជ័រ ចងកភ្ជាប់ នឹងស្លាបព្រិលជញ្ជាំងក្នុងបន្ទប់ បណ្តាលឱ្យដាច់ ខ្យល់ស្លាប់។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារដឹកទៅតម្កល់ទុកនៅវត្តទួល– សង្កែ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕