Sunday, November 24, 2024
Homeនយោបាយបង់លុយឈរឈ្មោះ មេបក្សអំណាចខ្មែរ ទម្លាយរឿងពុករលួយបក្សសង្គ្រោះជាតិ

បង់លុយឈរឈ្មោះ មេបក្សអំណាចខ្មែរ ទម្លាយរឿងពុករលួយបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានទម្លាយពីរឿងពុករលួយ នៅក្នុងគណបក្សសង្គ្រោះជាតិ ខណៈដែលការ បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ ខិតជិត មកដល់ នាពេលខាងមុខនេះ ដោយលោកបាន លើកឡើងថា មានមន្ត្រីគណបក្សសង្គ្រោះជាតិ ទម្លាយប្រាប់លោកថា ក្នុងគណបក្សប្រឆាំង នេះ តម្រូវឱ្យមានការបង់លុយសម្រាប់ឈរ ឈ្មោះ ឬទិញលេខរៀងឈរឈ្មោះជាបេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ និងបេក្ខជនតំណាងរាស្ត្រ ចាប់ពី៣៥០ដុល្លារ ដល់៦ម៉ឺនដុល្លារ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ថា “ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧! អំពើពុករលួយ គឺចាប់ផ្តើម ពីគណបក្សនយោបាយដែលទារយកលុយថ្លៃ ឈរឈ្មោះពីបេក្ខជន ឬលក់លេខរៀងឈរ ឈ្មោះយកលុយពីបេក្ខជន !

ម្សិលមិញ ខ្ញុំបានទទួលទូរស័ព្ទពីមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សួរខ្ញុំថា ៖ តើបេក្ខជនឈរឈ្មោះ ឃុំសង្កាត់ របស់គណបក្សអំណាចខ្មែរ តម្រូវឱ្យបង់លុយថ្លៃឈរឈ្មោះឬទេ? ពួកគាត់បន្ត ថា ខាងគណបក្សសង្គ្រោះជាតិ គេតម្រូវឱ្យ អ្នកចង់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបង់លុយម្នាក់ ៣៥០ដុលារ ទើបអាច ឈរឈ្មោះបាន។

ខ្ញុំឆ្លើយប្រាប់ពួកគាត់ថា គណបក្សអំណាចខ្មែរ មិនមានគោលការណ៍តម្រូវឱ្យអ្នកចង់ឈរ ឈ្មោះ បង់លុយថ្លៃឈរឈ្មោះទេ និងមិនថាតែ បេក្ខជនសម្រាប់ឃុំសង្កាត់ទេ សូម្បីបេក្ខជន សមាជិកសភា តំណាងពលរដ្ឋក្នុងសភាជាតិ ក៏មិនលក់លេខរៀងយកលុយពីបេក្ខជនដែរ មានតែអ្នកជួយគាំទ្រគណបក្សអំណាចខ្មែរ ពី ក្រៅប្រទេស គេជួយថែមទៀត បើបេក្ខជននោះ សកម្ម មានប្រជាប្រជាប្រិយភាព ទទួលបានការ គាំទ្រច្រើនពីពលរដ្ឋក្នុងមណ្ឌល។

បើបេក្ខជនឃុំសង្កាត់ម្នាក់ តម្រូវឱ្យបង់ លុយថ្លៃឈរឈ្មោះ និងលក់លេខរៀង ថ្លៃរហូត ដល់ទៅ ៣៥០ដុលារ ហើយបេក្ខជនសភា តម្រូវ ឱ្យបង់លុយថ្លៃឈរឈ្មោះ និងលក់លេខរៀង ថ្លៃរហូត៥ទៅ៦ម៉ឺនដុល្លារ បែបនេះ តើគណបក្សនោះជាគណបក្សចោរប្លន់មែនទេ? មេដឹកនាំគេមានជាតិនៅពីលើក្បាល ឬលុយនៅពីលើ ក្បាល? ហើយកន្លងមក បេក្ខជនដែលឈរឈ្មោះ ជាប់ឈ្មោះនោះ គឺសុទ្ធតែអ្នកយកលុយទៅ ទិញលេខរៀងឈរឈ្មោះទាំងអស់ បែបហ្នឹង ហើយបានជាកំសាក ល្ងង់ ហើយអសមត្ថភាព និងព្រមទាំងខ្លាចជនផ្តាច់ការ មិនហ៊ានដឹកនាំ អ្នកគាំទ្រតវ៉ាការពារប្រយោជន៍ជាតិនោះ”។

បន្ថែមលើសំណេរខាងលើនេះ លោកសួន សេររីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ ថា “ដូចខ្ញុំបានបញ្ជាក់ អ៊ីចឹង បើគណបក្សមួយ ចាប់ផ្តើមរឿងមិន ស្អាតស្អំ តាំងពីពេលដែលរើសបេក្ខជន សម្រាប់ ឈរ ឈ្មោះនៅក្នុងមុខតំណែងសាធារណៈ គឺ ថ្នាក់ឃុំសង្កាត់ ឬថ្នាក់រដ្ឋសភា ក្រុមប្រឹក្សា ខេត្តរាជធានីក្រុង ដើម្បីឱ្យបេក្ខជន បង់លុយ ដែលនេះជាអំពើពុករលួយមួយ ហើយបើគណបក្សបែបហ្នឹង ទៅដឹកនាំរដ្ឋាភិបាល គឺតួនាទី រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ចៅហ្វាខេត្តក្រុង តួនាទី សំខាន់ៗទាំងអស់ ដែលជាតំណែងនយោបាយ នឹងលក់ទាំងអស់។ នេះហើយជាអំពើពុករលួយ ដែលចាប់ផ្តើមចេញតាំងពីបាតគ្រឹះរបស់គណបក្ស គឺគណបក្សដែលមិនស្អាតស្អំ មេដឹកនាំ ដែលមានគំនិតពុករលួយ មេដឹកនាំអ្នកនយោបាយ ដែលមានគំនិតលក់តំណែងកេងប្រវ័ញ្ច ថវិកាអ្នកដែលគាំទ្រខ្លួនឯង សម្រាប់ការឈរ ឈ្មោះ។ អ៊ីចឹងបេក្ខជនទាំងអស់ គឺអត់មាន ភាពស្អាតស្អំទេ ពីព្រោះយកលុយទៅទិញតំណែង ទិញលេខរៀងរបស់មេបក្សខ្លួន។ អ៊ីចឹង ខ្លួនឯង អួតថា មានជាតិនៅពីលើក្បាល វាអត់ត្រូវទេ អាហ្នឹងមានកៅអីពីលើក្បាល ត្រូវជាង ពីព្រោះ យកលុយទៅទិញកៅអី ហើយចំណែកមេគណបក្ស ឬអ្នកនយោបាយដែលដឹកនាំគណបក្ស ហ្នឹង គឺអួតថា ធ្វើដើម្បីជាតិ វាអត់ ត្រូវទេ ពីព្រោះមានគំនិតចោររួចទៅហើយ គឺមិនមែន សង្គ្រោះជាតិ អានេះគឺប្លន់ជាតិ ប្លន់ លុយបេក្ខជនអ្នកគាំទ្រខ្លួនឯង។ អ៊ីចឹងហើយ វាជារឿង ដែលមិនស្អាតស្អំ គឺកើតចេញពីប្រភពគណបក្ស នយោបាយ តាំងពីមិនទាន់បានកាន់អំណាច។ អ៊ីចឹងដល់ពេលបានកាន់អំណាច គឺថា អំពើពុករលួយ វារីកកាន់តែធំជាងហ្នឹងទៅទៀត។ ហើយមួយវិញទៀត ក៏ខ្ញុំបានដឹងច្បាស់ដែរ គឺ បេក្ខជនក្នុងគណបក្សសង្គ្រោះជាតិ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សទាំងអស់កន្លងមក តាំងពីឆ្នាំ៩៨, ២០០៣, ២០០៨ ២០១៣ គឺ បេក្ខជនសភាទាំអស់ គឺសុទ្ធតែយកលុយទៅ ទិញតំណែង ទិញលេខរៀងរបស់មេបក្ស អាហ្នឹង គឺជាការពិត គឺខ្ញុំដឹងច្បាស់ ហើយខ្ញុំហ៊ានតទល់ ជាសាធារណៈ ដោយឥតមានខ្លាចរអាអីទេ អាហ្នឹងគឺថា មេបក្សថ្នាក់ដឹកនាំគណបក្សទាំងអស់ហ្នឹង លក់លេខរៀងទៅតាមមណ្ឌល ទៅ តាមអាទិភាព ទៅតាមមណ្ឌលល្អ មណ្ឌលមិន សូវល្អ គឺលេខរៀងថ្លៃថោក តាមហ្នឹងទៅ”។

លោកសួន សេររីរដ្ឋា មានប្រសាសន៍បន្ត ថា “ខ្ញុំអត់យល់ថា ជាការទ្រទ្រង់គណបក្សទេ ពីព្រោះបើជាការទ្រទ្រង់គណបក្ស គឺសមាជិក ទាំងអស់មានកាតព្វកិច្ច គឺថាថ្នាក់ដឹកនាំ មិនថា ថ្នាក់ណាទេ មានន័យថា អ្នកដែលធំជាងគេ ដែល ខ្ពស់ជាងគេ ដែលទទួលបន្ទុកជាមេដឹកនាំធំជាង គេ មានកាតព្វកិច្ចកាន់តែធំ។ មានន័យថា មេបក្សក៏បង់ អនុប្រធានបក្សក៏បង់ សមាជិក គណៈនាយក ត្រូវតែបង់ នេះមិនមែនមេបក្ស អនុប្រធានបក្ស ក្រុមគ្រួសារសាច់ញាតិបក្ស រួចខ្លួន ហើយមកគាបសង្កត់បេក្ខជន អ្នកដែល ផ្សេងទៀត ឱ្យគេបង់ អាហ្នឹងមិនមែនជាការ ទ្រទ្រង់គណបក្សទេ ពីព្រោះអស់លោកដែល ជាប់ជាសមាជិកសភា ជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលអស់លុយអស់កាក់ ដោយសារ បង់ឱ្យគេហ្នឹង អស់លោកហ្នឹងមិនហ៊ាននិយាយ ដោយសារលុយកាក់បង់ឱ្យគេអស់ទៅហើយៗ មុនពេលដែលជាប់ជាសមាជិកសភា មុនពេល ដែលជាប់ជាកិច្ចការនៅក្នុងឃុំសង្កាត់ ឬក្រុមប្រឹក្សាហ្នឹង គឺបានមានគំនិតពុករលួយ សម្រេច យកលុយទៅទិញតំណែង ទិញលេខរៀងទៅ ហើយ។ ដូច្នេះខ្ញុំសំខាន់បំផុត សុំឱ្យពលរដ្ឋចេះ ជ្រើសរើសគណបក្សនយោបាយ ចេះជ្រើសរើស បេក្ខជនដែលខ្លួនចង់ឱ្យក្លាយទៅជាអ្នកតំណាង របស់ខ្លួន នៅក្នុងរដ្ឋសភាក្តី នៅក្នុងក្រុមប្រឹក្សា ខេត្តក្រុង រាជធានី ឬនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ក្តី បើសិនជាពលរដ្ឋនៅតែបន្តរើសអ្នក ដែលស្រេកឃ្លានតំណែង អ្នកដែលស្រេកឃ្លាន តួនាទី ដែលយកលុយទៅទិញកូតា ដើម្បីឈរ ឈ្មោះ លេខរៀងឱ្យគេបោះឆ្នោតបានជាប់ ហើយនៅតែមានគំនិតរើសអ្នកដែលមានគំនិត ពុករលួយតាំងពីឈរជាបេក្ខជនទៅ គឺត្រូវយក លុយទៅសូកប៉ាន់មេបក្ស សូកប៉ាន់គណបក្ស សូកប៉ាន់គណៈកម្មការរៀបចំ បេក្ខជនបក្ស ដើម្បី បានឈរជាបេក្ខជនអ៊ីចឹងទៅហើយ គឺបើសិន ជាពលរដ្ឋរើសបុគ្គលបែបហ្នឹង នៅក្នុងគណបក្ស បែបហ្នឹង ហើយផ្តល់ការសង្ឃឹមជោគវាសនា ជាតិ ឱ្យបុគ្គលបែបហ្នឹង ឱ្យគណបក្សបែបហ្នឹង ទៅដឹកនាំប្រទេសជាតិ អាហ្នឹង គឺថាប្រទេសជាតិ យើងរលាយហើយ។ អ៊ីចឹង ពលរដ្ឋត្រូវចេះតាម ដានសភាពការណ៍នយោបាយ ត្រូវចេះស៊ីជម្រៅ ឱ្យបានជ្រៅទៅលើការដឹកនាំរបស់គណបក្ស នីមួយៗ អំពីនីតិវិធីនៃការរើសបេក្ខជន ដើម្បី ឈរជាតំណាងរបស់ពលរដ្ឋ តាំងពីថ្នាក់ឃុំសង្កាត់ រហូតដល់ថ្នាក់សភាជាតិ គឺត្រូវរើសបុគ្គល ដែល ស្អាតស្អំ គណបក្សដែលស្អាតស្អំ គណបក្សដែល ផ្តល់អាទិភាពឱ្យអ្នកដែលមានសមត្ថភាពពិត ប្រាកដអ្នកដែលមានការគាំទ្រពីពលរដ្ឋពិតប្រាកដ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន ដែលខ្លួន បានស្គាល់ពិតប្រាកដ ឱ្យឈរជាតំណាងរបស់ ខ្លួន អាហ្នឹងទើបយើងអាចពឹងពាក់បាន។ បើសិន ជាយកអ្នកដែលសម្បូរលុយ ទៅទិញសូកប៉ាន់ តំណែង គេមកពីក្រៅជិះយន្តហោះមកយក៤ ទៅ៥ម៉ឺន មកទិញតំណែង មេបក្ស ធ្វើតំណាងរាស្ត្រ ឈរលេខរៀងទី១ ទី២ ដើម្បីជាប់ តំណាងរាស្ត្រ គេជាមនុស្សដែលអ្នកគិតតែពី រឿងរកស៊ីកាប់ចាក់ ឬក៏រកស៊ីពុករលួយ គេយក លុយទៅទិញតំណែងមេបក្ស ដើម្បីឈរបាន កៅអីថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ អ៊ីចឹងគេជាប់ ជាមេឃុំសង្កាត់ ជាប់ជាតំណាងរាស្ត្រ គេគិត តែពីរឿងស្រូបយកលុយពីការខាតបង់ទិញ តំណែងនោះមកវិញទេ គេអត់គិតពីរឿងបម្រើ ជាតិ បម្រើបងប្អូន បម្រើពលរដ្ឋទេ។ អ៊ីចឹងបងប្អូនជាពលរដ្ឋ ត្រូវចាំ ត្រូវចេះមើល ហើយក៏ ចេះសម្រេចចិត្តរើសឱ្យចំជាអ្នកបម្រើជាតិពិតប្រាកដ”។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកសួន សេរីរដ្ឋា ខាងលើនេះ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការ ប្រតិបត្តិ ព្រមទាំងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកយឹម សុវណ្ណ មិនបានធ្វើការ បកស្រាយឆ្លើយតបបំភ្លឺវែងឆ្ងាយទេ ដោយ លោកគ្រាន់តែបញ្ជាក់ថា គណបក្សមានគោលការណ៍ តម្រូវឱ្យបង់លុយសម្រាប់ឈរឈ្មោះ ឬទិញលេខរៀងឈរឈ្មោះបេក្ខជនមេឃុំចៅសង្កាត់ ឬតំណាងរាស្ត្របែបនេះទេ គឺជាការ ស្ម័គ្រចិត្តរៃអង្គាសប្រាក់គ្នានៅពេលមានកម្មវិធី ឃោសនាបោះឆ្នោតប៉ុណ្ណោះ។

លោកយឹម មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “អត់មានអី អ៊ីចឹងផង មានអ្នកណាទៅបង្ខំគេផង បើគេរៃគ្នា អង្គាស គ្នាគេ ដើម្បីយកលុយហ្នឹងទៅ ឃោសនាបោះ ឆ្នោតទៅទិញសម្ភារៈឃោសនា បោះឆ្នោត ទៅ ទិញសម្ភារៈឃោសនា ជួលឡាន ជួលមីក្រូ ជួលអី អាហ្នឹងគេរៃអង្គាសគ្នាជាធម្មតា អ៊ីចឹង ប៉ុន្តែឱ្យថាទៅជំរិតទារលុយទារកាក់អី ដូច អត់មានទេ”។

សមាជិគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ពី បញ្ហានេះដែរថា គណបក្សសង្គ្រោះជាតិ មិន មានអំពើពុករលួយក្នុងការដាក់បេក្ខភាពនោះ ទេ គឺគណបក្សមិនបានកំណត់ឱ្យបង់តាមចំនួន នោះឡើយ គឺគ្រាន់តែពេលឃោសនាបោះឆ្នោត ថ្នាក់ដឹកនាំខេត្ត ត្រូវរកប្រាក់មកទ្រទ្រង់ការ ឃោសនានេះដោយខ្លួនឯង។

លោកជាម ច័ន្ទនី មានប្រសាសន៍ថា “ក្នុង ព័ត៌មាននេះ ខ្ញុំអត់ដឹងទេ ប៉ុន្តែជាទូទៅ កិច្ចការ គណបក្ស ចង់ជម្រាបថា មុនពេលដែលយើង ដាក់បេក្ខភាព ឬក៏រៀបចំការបោះឆ្នោតម្តងៗ ហ្នឹង តាមខេត្តមួយៗហ្នឹង យើងជំនុំគ្នា យើង លើកគម្រោងចំណាយក្នុងការលើកស្លាកប៉ុន្មាន? ក្នុងការឃោសនាអស់ប៉ុន្មាន? ក្នុងការធ្វើអ្នកសង្កេតការណ៍តាមការិយាល័យហ្នឹងអស់ប៉ុន្មាន? ហើយនិងបញ្ហាសាំងឡាន និងដទៃទៀត សរុប ទៅក្នុងយុទ្ធនាការមួយអស់ប៉ុន្មាន? អាហ្នឹង គណៈកម្មការខេត្តមួយៗត្រូវដោះស្រាយ រៀបចំ គម្រោង ហើយជុំគ្នាទាំងអស់។ ឧទាហរណ៍ថា អស់ចំនួនថវិកាណាមួយអ៊ីចឹងទៅ ក្នុងហ្នឹង បេក្ខជនចាប់ដោះស្រាយ ចាប់ជជែកគ្នាឈរ ហើយអ្នកដែលឈរហ្នឹង ដាក់ទៅ ម្នាក់ប៉ុន្មានអី ដើម្បីធ្វើម៉េចខ្វះខាតប៉ុន្មានយើងសុំពីខាងក្រៅ មកទៀត រួចត្រង់ថា ឱ្យមានអំពើពុករលួយអី អត់ដឹងទេ ហើយធម្មតាទេ ឃោសនាមួយលើក ៗយើងត្រូវការថវិកាដើម្បីចំណាយ ហើយមិន មានថវិកា ក៏យើងមិនដឹងបានអីចំណាយដែរ ប៉ុន្តែគ្រាន់តែតម្រូវអ្នកនេះប៉ុណ្ណេះ អ្នកនោះប៉ុណ្ណោះ អាហ្នឹងមិនមានអ្នកណាតម្រូវលើអ្នកណាទេ ខ្លួនយើងខ្លួនឯងអ្នកតម្រូវទេ ពីព្រោះយើង លើកគម្រោងទៅខ្លួនយើង គណបក្សលោក គ្រាន់តែជួយកែតម្រង់ទិសដៅមួយចំនួនណា ទេ។ តាមពិតទៅ ខ្ញុំអត់ចង់ឆ្លើយតបទេ ចំពោះ អ្វីដែលហៅថា ឈ្មោះសួន សេរីរដ្ឋា ហ្នឹង ពីព្រោះ វាអត់ប្រយោជន៍ លោកគិតខិតខំប្រឹងប្រែងតែ គណបក្សលោកឱ្យខ្លាំងទៅ ឯគណបក្សសង្គ្រោះជាតិ មានប្រជារាស្ត្រខ្មែររាប់លាន រាប់សែននាក់ គាំទ្រហើយ គ្មានអីឆ្លើយតបលើសពីប៉ុណ្ណឹងទេ”

កុលបុត្រ

 

 

 

RELATED ARTICLES