កំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវម្តាយយកទៅផ្ញើព្រះសង្ឃ បំណងឱ្យរៀនធម៌បួស ដើម្បីបួសជាសង្ឃ នាពេលខាងមុខ ស្រាប់តែកូនប្រុសបែកគំនិតរត់ចេញពីវត្ត ហៅម៉ូតូឌុបជិះ បំណងត្រឡប់ទៅស្រុកវិញ លុះបុរសរត់ម៉ូតូឌុប ជាជនពិការផង ឃើញអាណិត ក៏ឃាត់ឱ្យស្នាក់នៅផ្ទះរបស់ខ្លួន ១យប់ ថែមទាំងរៀបចំបាយទឹក ស្រាបៀរ ឱ្យផឹកស៊ីស៊ីឆ្អែត ក៏បែកគំនិតទាញកាំបិតចាក់បុរសពិការជាម្ចាស់ផ្ទះ ចំនួន១៥កាំបិត បណ្តាលឱ្យស្លាប់ រួចប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិ រត់គេចខ្លួន តែទីបំផុតឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់វាយខ្នោះជាប់។

ករណីចាក់សម្លាប់ ១៥កាំបិត ប្លន់ម៉ូតូ និងទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ។ រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យជាឃាតករ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ន រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះនុត សារឿន អាយុ៥២ឆ្នាំ ជាជនពិការជើង មុខរបររត់ម៉ូតូឌុប មានលំនៅក្នុងភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីនេះ ដំបូងឡើយ ជនសង្ស័យឈ្មោះវ៉ន រិទ្ធ ត្រូវបានម្តាយយកទៅផ្ញើឱ្យរៀនសូត្រជាមួយព្រះសង្ឃ នៅវត្តភ្នំជំរាយ ខេត្តកំពង់ស្ពឺ តែក្រោយមក ជននេះបានចាកចេញពីវត្តភ្នំជំរាយ រួចទៅសុំព្រះសង្ឃនៅវត្តផ្សេង ១ទៀត នៅក្នុងស្រុកសាមគ្គីមានជ័យ ដើម្បីស្នាក់នៅ តែដោយសារព្រះសង្ឃមិនស្គាល់សាវតារជននេះច្បាស់ ទើបមិនអនុញ្ញាតឱ្យស្នាក់នៅ។

លោកស្នងការរង បន្តថា ក្រោយពីសុំព្រះសង្ឃស្នាក់នៅមិនបាន នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានហៅម៉ូតូឌុបជិះ បំណងត្រឡប់ទៅផ្ទះវិញ ដោយហៅប៉ះចំម៉ូតូឌុបរបស់ជនរងគ្រោះ ឈ្មោះនុត សារឿន ជាជនពិការជើង។ នៅពេលនោះ ដោយសារតែជនរងគ្រោះ សួរនាំដឹងរឿងថា ជនសង្ស័យសុំវត្តលោកស្នាក់នៅអត់បាន ហើយណាមួយយប់ទៀតនោះ ទើបជនរងគ្រោះមានចិត្តអាណិត ក៏បានឃាត់ជនសង្ស័យ ឱ្យសម្រាកនៅផ្ទះរបស់ខ្លួន (ជនរងគ្រោះ) ១យប់សិន ចាំព្រឹកឡើង រូបគាត់នឹងជូនជនសង្ស័យទៅផ្ទះ។ ពេលទៅដល់ផ្ទះ ជនរងគ្រោះ បានរៀបចំបាយទឹកឱ្យជនសង្ស័យហូបចុក និងថែមទាំងទិញស្រាបៀរ ឱ្យផឹកទៀតផង។
លោកស្នងការ បានឱ្យដឹងទៀតថា បន្ទាប់ពីហូបបាយ និងស៊ីផឹករួចរាល់ ក៏នាំគ្នាចូលសម្រាក ស្រាប់តែយប់ជ្រៅឡើង ជនសង្ស័យបែកគំនិតធ្វើសកម្មភាពយកកាំបិតត្នោត ចាក់និងកាប់ជនរងគ្រោះជាម្ចាស់ផ្ទះ និងជាជនពិការ ដែលកំពុងដេកលក់ ចំនួន១៥កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចហើយជនសង្ស័យបានប្លន់យកម៉ូតូ ១គ្រឿង នាឡិកា និងទូរស័ព្ទរបស់ជនរងគ្រោះ ហើយក៏បានជិះរត់គេចខ្លួនទាំងយប់តែម្តង។

បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបន្ទាន់ តាមជំនាញនីតិវិធី ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ន រិទ្ធ នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ៉ន រិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ ដោយប្រើកាំបិតចាក់ទៅលើជនរងគ្រោះ ជាច្រើនកាំបិត រហូតដល់ស្លាប់ប្រាកដមែន ដើម្បីប្លន់យកនាឡិកាដៃ១ ទូរស័ព្ទ១ និងម៉ូតូ ១គ្រឿង រួចជិះគេចខ្លួនមកខេត្តកំពង់ស្ពឺ តែម្តង។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ នាឡិកាដៃ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង (ជារបស់ជនរងគ្រោះ)។
ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបួងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី៕
