Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀន៧ទីតាំង វ៉ៃខ្នោះជាង៣០នាក់

បង្ក្រាបគ្រឿងញៀន៧ទីតាំង វ៉ៃខ្នោះជាង៣០នាក់

ព្រះសីហនុ ៖ កម្លាំងជំនាញនៃស្នងការនគរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចូលឆ្មក់បង្ក្រាបការរក្សាទុក ចែកចាយ និងទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ចំនួន៧ទីតាំង នៅក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាង ៣០នាក់ ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យ ដឹងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថា ក្នុងប្រតិបត្តិការនេះ មានការដឹកនាំដោយពីលោកគួច ចំរើន អភិបាល ខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធី ដោយលោកសៀង សុខ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ការបង្ក្រាបនេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ជាលទ្ធផល ក្នុងការចុះបង្ក្រាបទីតាំងទាំង៧ខាងលើនេះ រួមមាន ៖ ទីតាំងទី១- បន្ទប់ជួល (ក្រោយផ្សារឃ្លាំងលើ) ស្ថិតនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់។ ចំណែកវត្ថុតាងដកហូត រួមមាន ម្សៅ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់ធំ ទូរស័ព្ទ ចំនួន៣គ្រឿង និងម៉ូតូ ចំនួន២គ្រឿង។

ទីតាំងទី២- នៅហាងនំ ម៉ៃឡឺហ្វូ (ម្តុំមហោស្រពចាស់) ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួន មនុស្ស ចំនួន១១នាក់ (ស្រី៤នាក់) ក្នុងនោះជនជាតិចិន ចំនួន៨នាក់ (ស្រី១) ជនជាតិខ្មែរ ៣នាក់ (ស្រី)។ ចំណែកវត្ថុតាងដកហូត រួមមាន ម្សៅកញ្ចប់ពណ៌ក្រហម (រូបសេះ) ចំនួន៤៩កញ្ចប់ ម្សៅកញ្ចប់ពណ៌ទឹកក្រូច (HERMES) ចំនួន២កញ្ចប់ ម្សៅពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៣កញ្ចប់ ថ្នាំគ្រាប់ (ពណ៌ក្រហម) ចំនួន២៤គ្រាប់ ទូរស័ព្ទដៃ ចំនួន២៣គ្រឿង លិខិតឆ្លងដែន ចំនួន៣ក្បាល ចិញ្ចៀន ចំនួន១វង់ នាឡិកា ចំនួន១ គ្រឿង អាយផេតតូចចំនួន២គ្រឿង បំពង់កញ្ឆា ចំនួន១ ជញ្ជីងថ្លឹងថ្នាំ ចំនួន១ រថយន្ត ចំនួន២គ្រឿង ម៉ូតូ ចំនួន ២គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ទីតាំងទី៣- បុរី BS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ (ស្រី៣) ក្នុងនោះជនជាតិខ្មែរ ចំនួន២នាក់ (ស្រី១) ជនជាតិវៀតណាម ចំនួន២នាក់ (ស្រី)។ ចំណែកវត្ថុតាងដកហូត រួមមាន ទូរស័ព្ទដៃ ចំនួន៥គ្រឿង ម៉ូតូ ចំនួន២គ្រឿង លិខិតឆ្លងដែន ចំនួន២ក្បាល។

ទីតាំងទី៤ ៖ បុរី BS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន១នាក់ ជនជាតិ ខ្មែរ។ ចំណែកវត្ថុតាងដកហូត រួមមាន ម្សៅសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១កញ្ចប់តូច កុំព្យូទ័រ ចំនួន ១គ្រឿង ជ្រញ់ប្រើប្រាស់គ្រឿងញៀន ចំនួន១ កាំភ្លើងខ្លីចំនួន១ដើម (មានគ្រាប់ចំនួន ១១គ្រាប់) ទូរស័ព្ទដៃ ចំនួន ២គ្រឿង Tablet ចំនួន១គ្រឿង ប្រាក់ ចំនួន១១០ដុល្លារ និង ៩១៥០០រៀល ម៉ូតូ ចំនួន១គ្រឿង រថយន្ត ចំនួន១គ្រឿង លោហធាតុពណ៌ ចំនួន ១ខ្សែ (ក្នុងប្រអប់) លោហធាតុពណ៌ទង់ដែង ប្រភេទជាក្រវិល មួយគូ លោហធាតុ ពណ៌ ទង់ដែង លាយគ្រាប់ពណ៌ស្វាយ ចំនួនមួយគូ លោហធាតុពណ៌ទង់ដែង មួយខ្សែ ប្រភេទខ្សែក លោហធាតុ ពណ៌ លឿងលាយគ្រាប់ពណ៌ស្វាយ ចំនួនមួយគូ លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ស ប្រភេទខ្សៃដៃ ចំនួន១ លោហធាតុពណ៌លឿង ប្រភេទកងដៃ លាយគ្រាប់ពណ៌ស លោហធាតុពណ៌ប្រាក់ ប្រភេទកងដៃ ចំនួនមួយគូ លោហធាតុគ្រាប់ពណ៌ស ចំនួន១ខ្សែ គ្រាប់ពណ៌ស ក្នុងកូនថង់ ចំនួន៩៤គ្រាប់ នាឡិកាម៉ាកស្វីស ចំនួន ១គ្រឿង ។

ទីតាំងទី៥- ផ្ទះវីឡា (ម្តុំផ្លូវខ្សែកាប) ស្ថិតនៅក្រុម៩ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន៨នាក់ (ស្រី១)  ក្នុងនោះជនជាតិចិន ចំនួន៧នាក់ និងជនជាតិវៀតណាម ១នាក់(ស្រី)។ ចំណែកវត្ថុតាងដកហូត រួមមាន កញ្ចប់ពណ៌ខៀវ សង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចប់ កុំព្យូទ័រ ម៉ាកម៉ែកប៊ុក ចំនួន១គ្រឿង ជ្រញ់ប្រើ ប្រាស់ គ្រឿងញៀន ចំនួន៧ ទូរស័ព្ទដៃ ចំនួន៩គ្រឿង អាយផេត ចំនួន១គ្រឿង ប្រាក់ចិន ចំនួន៨០០យ័ន ប្រាក់ដុល្លារ ចំនួន៤០២ដុល្លារ ប្រាក់ខ្មែរ ចំនួន ១២០ ០០០រៀល ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ 1S-9982 ចំនួន១គ្រឿង មិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ទីតាំងទី៦- សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន១នាក់ (ស្រី) ជនជាតិវៀតណាម។ ចំណែកវត្ថុតាងដកហូត រួមមាន ប្រភេទម្សៅកញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន១កញ្ចប់ ប្រភេទម្សៅពណ៌ស ចំនួន១កញ្ចប់ ខ្សែដៃលោហៈពណ៌ លឿង ចំនួន១ខ្សែ នាឡិកាដៃ ជាប្រភេទស្មាតវ៉ច ចំនួន ១គ្រឿង ប្រាក់ដុល្លារ ចំនួន ៧៥២០ដុល្លារ ទូរស័ព្ទដៃ ចំនួន ១គ្រឿង។

និងទីតាំងទី៧- ហាងតែចិន ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន៣នាក់ (ស្រី១) ក្នុងនោះរួមមាន ជនជាតិចិន ចំនួន២នាក់ ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី)។ ចំណែកវត្ថុតាងដកហូត រួម មាន រថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7279 ចំនួន១គ្រឿង គ្រាប់កាំភ្លើងលេខ C652007 ចំនួន១គ្រាប់ កញ្ចប់ម្សៅពណ៌ចម្រុះ ចំនួន ២០កញ្ចប់ បំពង់សម្រាប់ជក់កញ្ឆា ចំនួន២ ម៉ាស៊ីនវេចខ្ចប់ ម៉ាក Ming Chuan ចំនួន២គ្រឿង លិខិតឆ្លងដែនរបស់ឈ្មោះ YIN HONG ចំនួន១ក្បាល ទូរស័ព្ទដៃ ចំនួន៨គ្រឿង ដបថ្នាំប្រភេទខេ (K) ចំនួន១ដប ប្រាក់ដុល្លារ ចំនួន១៧០០ដុល្លារ ប្រាក់រៀល ចំនួន ៤៥០ ០០០រៀល កញ្ចប់ម្សៅ ពណ៌ស ជាប្រភេទខេ (K) ចំនួន១កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀន ចំនួន១ ជ្រ់ញសម្រាប់ប្រើប្រាស់សារ ធាតុញៀន ចំនួន១ ទូរស័ព្ទដៃ ចំនួន ៤គ្រឿង ប្រាក់ដុល្លារ ចំនួន៥៣១០ដុល្លារ ប្រាក់ដុង ចំនួន៧៥០០ដុង ប្រាក់យ័ន ចំនួន២០០យ័ន ប្រាក់រៀល ចំនួន ១៩ ០០០រៀល ប្រាក់បាត ចំនួន ៥០២០បាត ចិញ្ចៀន ចំនួន១០វង់ កងដៃលោហៈ ពណ៌លឿង ចំនួន១ ខ្សែកលោហៈ ចំនួន៣ខ្សែ លិខិតឆ្លងដែន ចំនួន៣ក្បាល និងសម្ភារៈ មួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES