Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរវល់ធ្វើបុណ្យជូនម៉ែ ចោរគាស់ផ្ទះលួចហ្មត់

រវល់ធ្វើបុណ្យជូនម៉ែ ចោរគាស់ផ្ទះលួចហ្មត់

ខេត្តព្រៃវែង ៖ អាជីវករបើកវីងវេរលុយ មួយកន្លែង បានចាក់សោផ្ទះចោល ព្រោះរវល់ចេញទៅ ធ្វើបុណ្យ ចម្រើនព្រះជន្មម្តាយ ស្រាប់តែត្រូវជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទ្វារ ចូលលួចប្រាក់អស់ជិត ១លានរៀល រួចព្យាយាមរត់គេចខ្លួនបាន២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាននាំយក មកចាត់ការតាមច្បាប់។

ករណីគាស់ផ្ទះវីង លួចលុយនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះវីង យីហោ ម៉ាក់ វិមាន ស្ថិតក្នុងភូមិច័ន្ទគ្រឹស្នា ឃុំច្រេស ស្រុកមេសាង។ លុះមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរិត បូរី ហៅគ្រុយ ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិទួលតារី ឃុំច្រេស ស្រុកមេសាង។ ចំណែកជនរងគ្រោះ មានឈ្មោះឈៀក សីលា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបើកវីងវេរលុយ មានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមការបំភ្លឺពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៣ គាត់បានបិទទ្វារផ្ទះ រួចនាំប្រពន្ធកូនទៅធ្វើបុណ្យចម្រើនព្រះជន្មម្តាយនៅភូមិជាមួយគ្នា ចម្ងាយពី ផ្ទះប្រហែលជាង ២គីឡូម៉ែត្រ ដោយគ្មានមនុស្សនៅចាំផ្ទះនោះទេ។ រហូតដល់ម៉ោងជិត ១១យប់ ថ្ងៃដដែល ទើបពួកគាត់ត្រឡប់មកពីធ្វើបុណ្យជូនម្តាយវិញ ហើយបានចាក់សោ ចូលក្នុងផ្ទះ រួចបើកភ្លើងអំពូលបំភ្លឺ ស្រាប់តែឃើញសភាពក្នុងផ្ទះមិនប្រក្រតី ដោយកន្លែងដាក់លុយ ហាក់ខុសពីសភាពធម្មតា សង្ស័យចោរចូល គាត់ក៏បានដើរទៅមើលបង្អួចខាងក្រោយ ឃើញរបើកចម្រឹង១ បន្ទាប់មកដើរមកមើលបង្អួចខាងកើត ឃើញ របើក១ទៀត ទើបដឹងថា មានចោរគាស់ទ្វារ ចូលលួចលុយ  អស់ចំនួន ៩០៥ ០០០រៀល ក៏រាយការណ៍ជូន សមត្ថកិច្ចតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍ច្រេស លោកអធិការនគរបាលស្រុកមេសាងបានដឹក នាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ជីផុច និងព្រៃរំដេង ចុះមក ដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីត្រួតពិនិត្យ។ នៅកន្លែង កើតហេតុ សមត្ថកិច្ចបានរកឃើញចម្រឹងបង្អួច ចំនួន២ ប៉ែល១ ចប១ និងមានស្នាមគាស់ ១កន្លែង។

ក្រោមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជន សង្ស័យម្នាក់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះវីង របស់ជនរងគ្រោះ ប្រាកដមែន ដោយមានបក្ខពួកម្នាក់ទៀត ចូលរួមធ្វើសកម្មភាព។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ចេញ ដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ដោយឡែក បក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាម ចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES