ភ្នំពេញ៖កាលពីឆ្នាំ២០២២ ដោយសារតែកូវីដ មិនទាន់ស្ងាត់ទើបមានតារាខ្លះត្រូវពន្យាពេលហើយក្នុងនោះមានដំណឹងថានៅឆ្នាំ២០២៣ នេះមានតារា៤ដួង នឹងចូលរោងការនៅឆ្នាំតែ១ដូចគ្នា ប៉ុន្ដែនៅពេលដែលកូវីដ ថមថយ នេះពិធីអាពាហ៍ ពិពាហ៍ របស់ពួកគេបែរជាត្រូវលុបចោលព្រមគ្នាទៅវិញ។តើមកពីមូលហេតុអី្វទៅ?
១៖យុគ ចិនា្ដ៖ពិធីការិនីជើងចាស់រូបនេះមានគម្រោងរៀបការជាមួយគូស្នេហ៍វ័យចំណាស់នៅឆ្នាំ២០២៣ នេះបន្ទាប់ពីខកខាន ក្រាបផ្ទឹមកាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ដែលត្រូវជំនួយការនាងលោកជីមមី អះអាងថាមកពីកូវីដ ពេលនោះនៅតែផ្ទុះ ហើយលោកថាមេរបស់លោក(អ្នកនាងចិន្ដា )នឹងរៀបការនៅឆ្នាំ២០២៣ ។ប៉ុន្ដែកាលពីពេលថ្មីៗនេះលោកជីមមី បានប្រាប់ថាមង្គលការអ្នកនាងចិន្ដា និងគូស្នេហ៍នៅតែមិនអាចធ្វើនៅឆ្នាំនេះបានទៅវិញ ហើយចំពោះមូលហេតុគឺដោយសារតែពិធីការិនីរូបនេះនៅកាន់ទុក្ខជូនម្ដាយនាងឧបាសិកាខឹម ផល្លី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

២៖មាស សុខសោភា៖មាស សុខសោភា បានរៀបការប្ដីអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា ២ដងមកហើយតែធ្វើដោយលាក់លៀមទាំង២លើក ពោលគឺការលើកទី១នៅកាណាដាតាមបែបគ្រីស្ទានដោយគ្រាន់តែចូលព្រឹវិហារ បំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកកាលពីឆ្នាំ២០០៨ និងរៀបការលើកទី២ ធ្វើនៅខ្មែរតាមប្រពៃណីជាតិតែមិនបើកចំហពោលគឺពិធីកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០០៩ នោះស្រដៀងពិធីសែនព្រេន ដែរ ។នៅឆ្នាំ២០២១ មានព័តមានថាសោភា ចង់រៀបការចំហ ឲ្យផ្អើល តែពេលនោះកូវីដ នៅតែផ្ទុះរាលដាលទើបមិនអាចធ្វើបានរហូតដល់ឆ្នាំ២០២២ ក៍ជំងឺ១នេះនៅតែមិនស្ងាត់ ទើបមានដំណឹងថាអតីតតារារាម រូបនេះនឹងរៀបការលើកទី៣នៅឆ្នាំ២០២៣ ។ប៉ុន្ដែពេលនេះមង្គលការរបស់សុខសោភា បែជាគ្មានរូបរាងច្បាស់លាស់ឡើយ ខណៈដែលក្រោយចេញពីរាម សោភា ក៍នៅមិនទាន់រកបានទ្រនុំថ្មី។

៣៖ពេជ្រ សោភា ៖អ្នកមេម៉ាយទ្រព្យស្ដុករូបនេះបានទុកជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេលជិត៦ឆ្នាំ ហើយទីបំផុតនៅថ្ងៃទី១១ខែ១១ ឆ្នាំ២០២២ សោភា បានប្រគល់បេះដូងទៅឲ្យលោកឆឹម សក្កដា ព្យាបាលដំបៅតាមរយៈការភ្ជាប់ពាក្យជាមួយគ្នា តែពិធីនោះតារាហង្សមាសភាគច្រើនអត់ជឿរ។សោភា បានប្រាប់អ្នកយកព័តមានយើងថានាងនឹងរៀបការនៅឆ្នាំ២០២៣ ប៉ុន្ដែថ្មីៗនេះលោកសក្កដា បែជានិយាយថាលោកនិងគូដណ្ដឹងគ្មានផែនការណ៍រៀបការនៅឆ្នាំនេះទៅវិញ។សោភា មិនបានប្រាប់មូលហេតុពីការខ្វែងគំនិតគ្នានេះទេ ហើយចុងក្រោយនេះនៅពេលសាកសួររឿងរៀបការនេះម្ដងទៀតគឺនាងលែងនិយាយតែម្ដង។

៤៖ប៉ាច គីមមួយ ៖មេម៉ាយរូបស្រស់សោភា និងសាច់សខ្ចីដូចបណ្ដូលចេករូបនេះបានភ្ជាប់ពាក្យជាមួយប្រុសក្មេងលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ។ប៉ុន្ដែនៅពេលសាកសួរលោករតនៈ កាលពីពេលថ្មីៗនេះតារាហង្សមាសអះអាងថារូបលោកនិងអូនគីមមួយ មិនមានបំណងរៀបការនៅឆ្នាំ២០២៣ នេះទេ។តែលោករតនៈ ថាពិធីអាពាហ៍ ពិពាហ៍ រវាងលោកនិងអូនគីមមួយ នឹងរៀបចំឡើងមិនឲ្យលើសពីឆ្នាំ២០២៤ ឡើយ។

ទស្សនិកជនរងចាំមើលថាតើតារាពន្យាពេលរៀបការទាំង៤ដួងខាងលើនេះ១ណានឹងជ្រើសផ្លូវយកកូនមុនក្រាបផ្ទឹម ខណៈដែលក្នុងចំណោមតារាទាំងនេះគឺមានតែពេជ្រ សោភា ម្នាក់គត់ដែលអះអាងថានាងនិងគូដណ្ដឹងគេងនៅផ្ទះផ្សេងគ្នា ព្រោះមិនចង់ឆ្វេចឆ្វាចមុនក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់៕