Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសវ៉ៃជាន់ក បោចសក់ ស្រីប្តឹង

ប្រុសវ៉ៃជាន់ក បោចសក់ ស្រីប្តឹង

បាត់ដំបង ៖ ស្ត្រីម្នាក់ បានប្តឹងចោទប្រកាន់ទៅលើមន្ត្រីនគរបាលចរាចរណ៍មួយរូប ដែលមានឋានៈ​ជា​វរសេ​នីយ៍​ទោ និងមានតួនាទីជានាយរងការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបងថាបានធ្វើ​សកម្មភាព​វាយ​សង្កត់ក និងបោចសក់របស់ខ្លួនស្ទើរដាច់ដង្ហើម នៅកណ្តាល ទីសាធារណ ជាហេតុ​ធ្វើឱ្យខ្លួនកើតទុក្ខមិនសុខចិត្ត សម្រេច​ដាក់ពាក្យប្តឹងទៅតុលាការ និងទៅអង្គការលីកាដូ ដើម្បីឱ្យ​ទាមទារយុត្តិធម៌។

ស្ត្រីដែលអះអាងថាខ្លួនជាជនរងគ្រោះ ត្រូវមន្ត្រីនគរបាល វាយធ្វើបាប មានឈ្មោះអ៊ិត ចន្ទ្រា អាយុ៤៥ឆ្នាំ មានលំ​នៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ចំណែកមន្ត្រីនគរបាលដែលទទួលរងការចោទប្រកាន់ មានឈ្មោះ​ហេង ពិសិដ្ឋ មានឋានៈជាវរសេនីយ៍ទោ និងជា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក ធ្លាប់ជាមនុស្ស​រាប់អាន​គ្នា តាំងពីអំឡុងឆ្នាំ២០២០ រហូតមានការទុកចិត្តគ្នាទៅវិញទៅមក។

ស្ត្រីឈ្មោះអ៊ិត ចន្ទ្រា បានរៀបរាប់ថា មានពេលមួយ ដោយសារការទុកចិត្តខ្លាំងពេក នាងហ៊ានប្រគល់លុយ​រាប់ពាន់ដុល្លារ ដើម្បីឱ្យបុរសជាមន្ត្រីនគរបាលរូបនោះ ទៅទិញដីមួយកន្លែងតាមការញុះ​ញង់ប្រកបដោយ​ល្បិចកល និងហ៊ានឱ្យបុគ្គលនោះខ្ចីរាប់ម៉ឺនដុល្លារថែមទៀត ដោយនាងគិតថា គេជាមនុស្សអាចទុកចិត្តបាន។ ប៉ុន្តែក្រោយមក ទើបនាងដឹងថា បុគ្គលរូបនេះ គឺជាមនុស្សធ្វើគុណបានទោសទៅវិញ ព្រោះដីមួយកន្លែង​ដែល​គេទៅទិញ មានតម្លៃតែ ៤១០០ដុល្លារសោះ តែគេមកប្រាប់ថា មានតម្លៃ ៧០០០ដុល្លារ ដោយសារបញ្ហានេះហើយ ទើបធ្វើឱ្យនាងដកទំនុកចិត្តទាំងអស់។

ស្ត្រីខាងលើ បានបន្តថា ដោយសារតែកើតមានបញ្ហាបែបនេះ ទើបមានការណាត់សុំជួបគ្នា​ដើម្បីដោះ​ស្រាយ​រឿងលុយកាក់ ដែលទីតាំងជួប គឺនៅក្នុងហាងកាហ្វេវៀតណាម មួយកន្លែង នៅខាងក្រោយបុរីថ្មី (អតីតគុកចាស់) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ លុះពេលទៅដល់ ជួបមុខគ្នា ក៏កើតមានការប្រកែកតឹងសរសៃកដាក់គ្នា ជុំវិញរឿងលុយកាក់ដែលកិបកេងផង និងលុយដែលជំពាក់ផង ដែលនៅពេលនោះ គឺជាពេលថ្ងៃត្រង់ ដោយ​មានមនុស្សម្នាទៅផឹកកាហ្វេ ប្រហែលជិត ១០នាក់។

ស្ថិតក្នុងសភាពតានតឹង នាងបានងើបឡើង ហើយយកពែងតែ ជះទៅលើមុខរបស់ជនបង្កហេតុ រួចក៏ដើរ​ចេញពីហាងកាហ្វេ ដើម្បីបញ្ចប់បញ្ហា ស្រាប់តែបុគ្គលនោះ បានស្ទុះមកតាមហើយចាប់នាងផ្តួលទៅលើដី ដោយដៃម្ខាងបោចសក់ ដៃម្ខាងទៀតច្របាច់ក រីឯជង្គង់ គេយកមកសង្កត់លើក មិនអាចស្រែករួចឡើយ គឺពេលនោះ រូបនាងស្ទើរដាច់ខ្យល់ស្លាប់ ទម្រាំស្ត្រីម្ចាស់ហាង ចេញមកស្រែកឱ្យលែង។ ប៉ុន្តែរាល់សំ​ឡេង​ទាំងអស់ដែលសម្លុតនាង សំឡេងម្ចាស់ហាង និងសំឡេងខ្លួននាងដែលស្រែកខ្សាវៗ បានជាប់នៅក្នុង​ខ្សែ​អាត់សំឡេងទាំងអស់ ព្រោះចាប់តាំងពីដើរចូលទៅកាន់ហាងកាហ្វេ គឺនាងបានបើកទូរស័ព្ទថតរួចជាស្រេច។ ភ្លាមៗនោះដែរ នាងបានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យលើផ្នែកឆ្អឹងក និងព្យាបាល។

ស្ត្រីដដែល បានឱ្យដឹងទៀតថា រហូតមកដល់ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២៣ នាងបានចូលទៅដាក់​ពាក្យប្តឹង​នៅ​ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយនៅពេលនោះដែរ ខាងការិយាល័យ បាន​កោះហៅជនបង្កហេតុ ឱ្យមកសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ដោយនៅក្នុងពាក្យបណ្តឹង នាងបានទាម​ទា​សំណង ចំនួន២លានរៀល ទុកជាការព្រមាន និងឱ្យសាមីខ្លួន សរសេរលិខិតសុំទោសមួយច្បាប់ ដើម្បីតម្កល់​ទុកនៅការិយាល័យ។ ប៉ុន្តែលើ២ចំណុចនេះ ជនបង្កហេតុ មិនព្រមធ្វើតាមជាដាច់ខាត ទើបនាងសម្រេច​ចិត្ត​ដាក់ពាក្យប្តឹងទៅតុលាការ និងបានប្តឹងចូលទៅអង្គការលីកាដូ ផងដែរ ដើម្បីឱ្យស្ថាប័នទាំង២ ជួយរកយុត្តិធម៌។

ស្របពេលជាមួយគ្នានោះដែរ ស្ត្រីខាងលើ បានរៀបរាប់ដំណើររឿង ឱ្យលោកឧត្តមសេនីយ៍ សាត គឹមសាន ស្នង​ការនគរបាលខេត្តដើម្បីជ្រាប នៅពេលនោះដែរ លោកបានតបជាមួយស្ត្រីរងគ្រោះថា “ចាំលោកប្រាប់​ឱ្យការិយា​ល័យបុគ្គលិក បង្វែរសំណុំរឿងទៅការិយាល័យព្រហ្មទណ្ឌវិញ ដីម្បីរៀបចំបញ្ជូនទៅតុលាការ។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ លោកវរសេនីយ៍ទោ ហេង ពិសិដ្ឋ ដែលរងការចោទប្រកាន់ពីស្ត្រី​ខាង​លើ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកទទួលស្គាល់ថា លោកគ្រាន់តែសង្កត់ និងបោចសក់តែប៉ុណ្ណោះ ៕

RELATED ARTICLES