ភ្នំពេញ៖ស្រីស្អាតសឹម ស្រីនិច្ច បានសារភាពថានាងពិតជាញ័រជើងមិនទាន់បាត់នៅឡើយ ក្រោយលេងប៉ុន្មានឈុតប៉ុណ្ណោះក្នុងភាពយន្ដដែលដឹកនាំដោយឯកឧត្តមហ្វៃ សំអាង ក្នុងរឿង”អប្សារា មហាអង្គរ”តែធ្វើឲ្យនាងឈជើងលែងនឹង។តែស្រីនិច្ច ដែលហៅលោកសំអាង ថាជាលោកគ្រូៗ នោះអះអាងថាអ្នកដឹកនាំភាពយន្ដជើងចាស់រូបនេះមិនបានជេរស្ដីបន្ទោស ឲ្យនាងឡើយ ប៉ុន្ដែមូលហេតុដែលជើងនាងចេះតែញ័រព្រោះ ឃើញអ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះនៅចំពោះមុខនាងគឺបណ្ដាលមកពីនាងមិនធ្លាប់គិតស្រម៉ៃថាបានថតរឿងដែលដឹកនាំដោយឯកឧត្តមរូបនេះឡើយ ទើបធ្វើឲ្យនាងចេះតែភ័យបុកពោះមិនបាត់។យ៉ាងណាស្រីនិច្ច ថាទោះព្រឺសំបុរដោយសារតែលោកសំអាង យ៉ាងម៉េចក៍នាងមិនភ្លេចពីតួនាទីរបស់ខ្លួន និងក្ដីស្រម៉ៃនាងចង់លេងរឿងបុរណឲ្យបានល្អក្រោមការដឹកនាំរបស់ឯកឧត្តមសំអាង ឡើយ។



ដោយលោកហ្វៃ សំអាង វិញបានថ្លែងសារថាកញ្ញាសឹម ស្រីនិច្ច សម្ដែងជាតួអប្ស ក្នុងរឿង”អប្សរា មហាអង្គរ”នោះនាងបានចំណាយពេលវេលាហាត់របាំអស់ជាច្រើនខែដើម្បីលេងរឿងមួយនេះ។លោកសំអាង ហាក់ទុកចិត្តទៅលើទេពកោសល្យរបស់ស្រីនិច្ច ខ្លាំងរហូតដល់លោកឲ្យនាងលេងតួដល់ទៅ៣ ម្នាក់ឯងទៀតផង។ចំណែកស្រីនិច្ច វិញបានប្រឹងសម្រកទម្ងន់អស់ជាច្រើនគីឡូ មុនថតរឿងនេះដើម្បីឲ្យសាកសមសាច់រឿងដែលអ្នកដឹកនាំចង់បាន។ប៉ុន្ដែស្រីនិច្ច មិនប្រាប់ថានាងទទួលបានថវិការប៉ុន្មានពីការថតរឿងបុរាណមួយនេះទេ តែនាងថាមានមោទនភាពខ្លាំងដែលបានសម្ដែងភាពយន្ដខ្នាតធំប្រជុំទៅដោយតារាល្បីៗជាច្រើនដួងនិងមានអ្នកដឹកនាំល្បីឈ្មោះដូចលោកហ្វៃ សំអាង ។


គូរបញ្ជាក់ថាសឹម ស្រីនិច្ច បានប្រឡូកក្នុងអាជីពភាពយន្ដដោយថតបានជាង៥០រឿងមកហើយក្នុងនោះភាគច្រើននាងលេងជាតួឯកតែម្ដងហើយរឿងនាងលេងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។តារាបង្ហាញម៉ូដក្លាយទៅជាតារាសម្ដែងល្បីឈ្មោះរូបនេះក៍មានមុខរបរខាងក្រៅសិល្បៈដែរ នោះគឺនាងរកស៊ីផ្នែកអចលនទ្រព្យ តែទោះជាមមាញឹកផ្នែកជំនួញយ៉ាងណាក៍នាងមិនបោះបង់អាជីពចាស់មួយនេះដែរ។តាមរយៈការប្រឹងហាត់រៀនរបាំជាង១ឆ្នាំ ដើម្បីថតភាពយន្ដមួយឲ្យបានល្អទៅតាមអ្នកដឹកនាំរឿងចង់បាននោះស្រីនិច្ច ប្រាកដជាទទួលបានលទ្ធផលល្អជាក់ជាមិនខាន នោះគឺកេរ្ដិ៍ឈ្មោះរបស់នាងនឹងទូលាយជាងមុន។តែទាក់ទងរឿងបេះដូងវិញតារាដែលមានរូបសម្រស់ស្រស់សោភា រូបនេះធ្លាប់អះអាងថានាងកំពុងមើលចិត្តបុរសម្នាក់ដែលអាចឈានទៅកាន់ដៃគ្នានាពេលអនាគតទៀតផង ហេតុនេះហើយបុរសដែលលង់ស្នេហ៍នាងអាចស្រងាកចិត្តតិចតួច បើទោះជានាងគ្មានផែនការណ៍រៀបការឆាប់ៗក្ដី។


ក្រៅពីលោកហ្វៃ សំអាង ដែលធ្វើឲ្យស្រីស្អាតសឹម ស្រីនិច្ច ញ័រជើងនោះស្រីនិច្ច ក៍នឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតក្នុងអាជីពរបស់ខ្លួនក្នុងរឿង”អប្សរា មហាអង្គរ”នោះគឺនាងប៉ៈរៀមច្បងអ្នកនាងអម្ពរ ទេវី និងនារី រ័ត្នគន្ធា រួមទាំងលោកទេព រិនដារ៉ូ ផងដែរ។ស្រីនិច្ច ថាទាំងពេលនេះនិងថ្ងៃអនាគតនាងនឹងចាប់អាជីពភាពយន្ដ និងមុខរបរខាងក្រៅផ្នែកអចលនវត្ថុ ឲ្យដើរទន្ទឹមគ្នាតែម្ដង ខណៈដែលកាលពីឆ្នាំមុនបានផ្អាកថតរឿងមួយអន្លើរ ព្រោះតែអារម្មណ៍មិនសូវល្អដោយសារតែមានគេលើកមកនិយាយពីរឿងនាងថតស៊ិចស៊ីនៅលើឆ្នេខ្សាច់នោះច្រើនពេក។ប៉ុន្ដែពេលនេះនាងមានអារម្មណ៍ល្អវិញទើបទទួលថតសម្ដែងដូចដើម ស្របពេលមុខរបរនាងក្រៅសិល្បៈនាងមានបុគ្គលិកធ្វើការជំនួស៕

