Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសម្លាប់សង្សារ ត្រូវជាប់គុក១៣ឆ្នាំ បានទទួលការលើក លែងទោស

សម្លាប់សង្សារ ត្រូវជាប់គុក១៣ឆ្នាំ បានទទួលការលើក លែងទោស

ភ្នំពេញ ៖ អតីតអភិបាលខេត្តតាកែវ លោកឡាយ វណ្ណ: ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់គុក កំណត់ ១៣ឆ្នាំ ពីបទឃាតកម្ម (សម្លាប់ស្ត្រីរងគ្រោះជាសង្សារ) នោះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើក លែងទោស តាមសេចក្តីក្រាបបង្គំថ្វាយស្នើសុំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២៣/៦០១ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ លោកលែង ទោសឲ្យទណ្ឌិត ឈ្មោះឡាយ វណ្ណ: ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ ពន្ធនាគារកំណត់ ១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ លេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់ តុលាការកំពូល។

គួររំឭកថា អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណៈពេលលោកកំពុងចាកចេញពីកន្លែងប្រារព្ធពិធីផ្ទេរតំណែងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ជំនួសដោយលោក អ៊ូច ភា ដែលទើបតែត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី។

ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿងឃាតកម្មលើស្ដ្រីម្នាក់ ឈ្មោះចេវ សុវឌ្ឍនា នៅផ្ទះវីឡាមួយ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងដីកាបញ្ជាឲ្យចូលខ្លួននោះ លោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ច នាំខ្លួនលោក ឡាយ វណ្ណៈ ទៅបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាក សួរពីដំណើររឿងឃាតកម្មលើស្ដ្រីម្នាក់ ឈ្មោះចេវ សុវឌ្ឍនា។

ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ដោយចងក នៅនៅថ្ងៃទី២៦ មករា ឆ្នាំ ២០១៨ ត្រង់ចំណុចផ្ទះជួល ក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ប៉ុន្តែការស៊ើបអង្កេតក្រោយៗមករបស់សមត្ថកិច្ច សង្ស័យថា ស្ដ្រីរងគ្រោះត្រូវបានគេធ្វើឃាត ពោលគឺមិនមែនសម្លាប់ខ្លួនឡើយ។

យ៉ាងណា លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្ងេសប៊ុក មួយថ្ងៃ មុនពេលត្រូវសមត្ថកិច្ចឃាត់ខ្លួនថា លោកគ្មានចិត្តបាបព្រៃផ្សៃ រហូតលើកដៃសម្លាប់ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់ខ្លួនឡើយ។ លោកឡាយ វណ្ណៈ សារភាពថា លោកពិតជាមានទំនាក់ ទំនងស្នេហាជា មួយស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា មែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ប៉ុន្តែក្រោយពេលភរិយាលោក បាន ដឹងពីទំនាក់ទំនងនេះ លោកបានសុំផ្ដាច់ទំនាក់ទំនងជាមួយស្ត្រីរងគ្រោះ ធ្វើឲ្យនាងគិតខ្លី រហូតធ្វើអត្តឃាត។ ថ្លែងនៅចំពោះមុខតុលាការ ក៏លោកលោកឡាយ វណ្ណៈ បានប្រកែកថា លោកមិនបានសម្លាប់ស្ត្រីរងគ្រោះឡើយ លោកហ៊ានស្បថទៀតផង៕ ខៀវទុំ

RELATED ARTICLES