Monday, March 17, 2025
Homeសង្គម និងជីវិតប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ឲ្យបុគ្គល ប្រមាថគ្រូបង្រៀន លុតជង្គង់សុំទោស

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ឲ្យបុគ្គល ប្រមាថគ្រូបង្រៀន លុតជង្គង់សុំទោស

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានប្រតិកម្មនឹងបុគ្គលម្នាក់ ជាស្ថាប និកភូមិផ្កាត្រកួន ដែលតាំងខ្លួនជាគ្រូជោគជ័យ និងបាននិយាយប្រមាថគ្រូបង្រៀន ថាគ្រូបង្រៀនសុទ្ធតែក្រ បង្រៀនឱ្យស្អប់និងច្រណែនអ្នកមាននិងថាខ្លួនបារម្ភខ្លាចគ្រូបង្រៀនកូនខ្លួនឱ្យក្លាយជាអ្នកក្រ។ ទោះបីបុគ្គល ម្នាក់នោះ បានចេញលិខិតសុំទោស ចំពោះការនិយាយដៀលប្រមាថគ្រូរួចហើយកដោយ ក៏លោកប្រធាន សមាគមជ័យលាភីបញ្ញាជនកម្ពុជា ថាលោកមិនអាចទទួលយកបានទេ ដផយលោកតម្រូវឲ្យបុគ្គលនេះ ត្រូវ លុតជង្គង់សុំទោសគ្រូ នៅមុខកាមេរ៉ា ដូចពេលខ្លួននិយាយប្រមាថគ្រូនោះដែរ ។

 លោក រស់ សារ៉ុម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៣ ថា «CEO ភូមិផ្កាត្រកួនចង្រៃ ក្បាលឯងថ្លៃប៉ុន្មាន ប្រមាថគ្រូ? គ្មានគុណធម៌ក្នុងខ្លួនសោះ ធ្វើឯងតាំងខ្លួន អ្នកប្រដៅ។ អា CEO បោកជោគជ័យ។ មានបានប៉ុណ្ណឹង មានយកគំរូគ្រូជោគជ័យ ដៃគូឯង សោម សម្បត្តិ លួចដី គេលក់អត់? គ្រូបង្រៀនក្រ មិនបានសុំបាយឯងស៊ីទេ“ ។

 បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែ មេ សា ឆ្នាំ២០២៣ ថា ប្រជាជនខ្មែរ ទាំង១៦-១៧លាននាក់ បច្ចុប្បន្ននេះ គឺសុទ្ធតែទទួលបានការបណ្ដុះបណ្ដាល ពីគ្រូ ទាំងអស់ ទោះបីជាគ្រូកម្រិតណាក៏ដោយ ក៏សុទ្ធតែបានចេញពីការបណ្ដុះបណ្ដាលទាំងអស់ ឬដូចជាពាក្យ ថា គ្រូបង្រៀន ឪពុកម្ដាយទី២ អ្នកមានគុណរបស់យើង ដែលទោះបីជាខុសខ្លះ ត្រូវខ្លះ ក៏មិនអាចទទួលយកនូវការ ប្រមាថបានដែរ ។ ដូច្នេះការដែលស្ថាបនិកភូមិផ្កាត្រកួននេះថា គ្រូបង្រៀនសុទ្ធតែក្រ ខ្លាចបង្រៀនកូនខ្លួនឲ្យ ក្លាយជាអ្នកក្រនេះ ជាការប្រមាថធ្ងន់ណាស់ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “យើងឃើញហើយថា មួយរយៈចុងក្រោយនៃការអភិវឌ្ឍប្រទេស របស់យើងនេះ យើងទាំងអស់គ្នា សុទ្ធតែងើបចេញពីភាពក្រីក្រដូចគ្នា ទី១ ។ ទី២ ការកសាងចំណេះដឹង ក៏យើង ប្រមូលពីផេះផង់មកទេ អ៊ីចឹងយើងប្រឹងអភិវឌ្ឍទាំងអស់គ្នាទម្រាំតែបានប៉ុណ្ណេះហ្នឹងពិបាកណាស់ ។ អ៊ីចឹងយើងឃើញហើយថា មួយរយៈចុងក្រោយ ឃើញមានចលនានៃការបង្កើតឲ្យមានវគ្គបង្រៀនវគ្គជោគជ័យ ខណៈដែលបុគ្គលទើបបង្រៀនហ្នឹងទៅទៀត ភាគច្រើនវាមិនទាន់មានជោគជ័យស្អីទេ ។ អ៊ីចឹងសម្រាប់អ្វី ដែល ជាកំហុសដែលខ្ញុំមើលឃើញច្បាស់នោះ គឺប្រជាជនខ្មែរ ទាំង១៦-១៧លាននាក់នេះ គឺសុទ្ធតែទទួលបានការ បណ្ដុះបណ្ដាលពីគ្រូទាំងអស់ ទោះបីជាគ្រូកម្រិតណាក៏ដោយ គឺសុទ្ធតែបានចេញពីការបណ្ដុះបណ្ដាលទាំងអស់ ។ ដូច្នេះជាឪពុកម្ដាយទី២ របស់យើង ទោះបីជាខុសខ្លះ ត្រូវខ្លះ ក៏មិនអាចទទួលយកនូវការប្រមាថបានដែរ ព្រោះ គាត់ជាអ្នកមានគុណរបស់យើង ។ អ៊ីចឹងចំពោះលោកម្នាក់ដែលគេហៅថា ស្ថាបនិកភូមិផ្កាត្រកួននោះ ខ្ញុំហៅថា ជា CEO ចង្រៃ គឺចង់ផ្ដោតសំខាន់ទៅគាត់ថា កុំថាគាត់ជោគជ័យប៉ុណ្ណឹង គាត់មានបានប៉ុណ្ណឹង ហើយគាត់ អស្ចារ្យ នោះ គ្មានអីអស្ចារ្យទេ ។ អ៊ីចឹងហើយបានខ្ញុំបញ្ជាក់ថា តើគាត់ហ្នឹងជាស្អី? ដែលគ្មានខួរជាបញ្ញវន្ត គ្មានសីលធម៌ ក្នុងខ្លួនសោះនេះ តើគាត់អាចនាំប្រជាជនដទៃទៅរកភាពជោគជ័យបានដែរអត់? វាមិនអាចទេ ។ អ៊ីចឹងនេះគ្រាន់ តែជាទស្សនៈរបស់ជនអសីលធម៌ ជនដែលមិនស្គាល់លក្ខណៈភាពជាមនុស្ស  ។ អ៊ីចឹងជនប្រភេទនេះ មិនគួរ ត្រូវបានលើកទឹកចិត្តនៅក្នុងសង្គមទេ “ ។

 លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “និយាយទៅ ចំណុចដែលថា គាត់ប្រមាថគ្រូបង្រៀនធ្ងន់បំផុត នោះ ទី១ គាត់និយាយថា គ្រូបង្រៀនសុទ្ធតែក្រ គាត់ឲ្យកូនគាត់ទៅរៀន គាត់ខ្លាចកូនគាត់ឆ្លងក្រពីគ្រូបង្រៀន ទៅទៀត អានេះជាពាក្យមួយធ្ងន់ណាស់ ព្រោះគ្រូបង្រៀន មិនមែនទាល់តែធ្វើសេដ្ឋី បានទៅបង្រៀនកើតឯណា គាត់មានវិជ្ជាជីវៈ គាត់មានគរុកោសល្យកម្រិតប៉ុនណា? គាត់មានរបស់គាត់តើ! ហើយបើឯងចង់ថា កូនឯងជា អ្នកមាន ជាអ្នកអី ឯងបង្កើតសាលាបង្រៀនខ្លួនឯងទៅ ហើយបញ្ជាក់មកថា គ្រូនោះ គ្រូនៅត្រង់ណា? ព្រោះក្រ សួងអប់រំ គេតាមដានមើលណាស់ ពាក់ព័ន្ធជាមួយការបង្រៀនរបស់គ្រូ ពីទស្សនៈរបស់គ្រូមួយ ៗនៅតាមគ្រប់ សាលា គ្រប់ស្ថាប័នគ្រឹះស្ថានឧត្ដមសិក្សា ឬក៏បឋមសិក្សាអីហ្នឹង គឺគេគិតណាស់ អ៊ីចឹងវាប៉ះពាល់ដល់បុគ្គលិក សិក្សា ជាង១២ម៉ឺននាក់ ដែលកំពុងតែឈរជើងរាល់ថ្ងៃនេះ ហើយប៉ះពាល់ដល់មនុស្សរាប់លាននាក់ទៀត ដែល ទទួលបានផលពីអ្នកគ្រូ លោកគ្រូទាំងអស់ហ្នឹង ។ អ៊ីចឹងរឿងអីទស្សនៈឯងមានរបៀបហ្នឹង វាបញ្ជាក់ពីភាពអសី លធម៌របស់សង្គម របស់ជនអគតិ ហើយទៅកាន់ក្បាលមីក្រូ ហើយបញ្ចូលទៅ កាន់មនុស្សផ្សេងទៀតឲ្យមាន និន្នាការមួយចោទប្រកាន់ទៅលើបុគ្គលិកអប់រំ អ៊ីចឹងវាជាទង្វើអសីលធម៌មួយមិនគួរអត់ឱនឲ្យបានទេ ។

បានន័យថា គាត់មិនតម្លៃគ្រូបង្រៀនទាល់តែសោះតែម្ដង ទស្សនៈរបស់គាត់ហ្នឹងគឺមិនដឹងជាគាត់របៀបម៉េចទេ ព្រោះបើតាមខ្ញុំដឹងប្រវត្តិរបស់គាត់ ក៏កើតចេញពីរៀនពីគ្រូសម័យអត់ សម័យឃ្លានដែរ គ្រាន់តែថាមាន ឈ្លក់ ទឹកម៉ាស៊ីនបន្តិចតែប៉ុណ្ណឹងទេ ។ អ៊ីចឹងអ្នកមានប្រភេទនេះ ជាអ្នកមានជាន់ថ្មីទេ អ្នកមានម៉ាកតាំង ហ្គិចលៀង អីហ្នឹង អ្នកមានរបៀបចោលម្សៀត ។ អ៊ីចឹងបានថា ពួកអាអ៊ីចឹងៗ បើមានដីកាចាប់ខ្លួនអី ចាប់ឲ្យអស់ទៅ វា អត់មានអីចំណេញសម្រាប់ប្រទេសជាតិទេ ។ ខ្ញុំមិននិយាយប៉ះពាល់ទៅដល់អ្នកមានល្អទេ ព្រោះធម្មតាអ្នកមាន ពិតប្រាកដ គេបង្កើតការងារជូនប្រជាជនពិតប្រាកដ ឲ្យមានការងារធ្វើ មិនមែនទៅប្រមូលមនុស្សដើម្បីយកមក បង់លុយឲ្យរៀនទេ បង្កើតការងារថែម ឲ្យប្រជាជនមានការងារធ្វើ អាហ្នឹងទើបជាអ្នកមានពិតប្រាកដ ។ ដល់ពេលអាអ្នកមានរបៀបពួកអស់នេះ គា្រន់តែជាអ្នកមានមួយឆក់ឱកាសទេ ជាអ្នកមានមួយដូចគាត់ថាបើ គាត់មាន ១លាន គាត់ទៅនៅជិតគេ ១០លាន គាត់ទាញអស់ ៥លានឯណោះ គេនៅសល់តែ ៥លានទេ គាត់បាន ៥លានអ៊ីចឹង ។ មានន័យថាម៉េច? មានថាបោកគេ ប្លន់គេហ្នឹងឯង ហើយមានអាខ្លះហ្នឹងលួចដីគេលក់ទៀតគេ​ប្ដឹង គេផ្ដល់ លួចដីគេបានជាអ្នកមានសោះ ហើយទៅធ្វើគ្រូជោគជ័យ ដីកាឡើងរុំខ្លួន ។ អ៊ីចឹងអ្នកមានប្រភេទនេះ ខ្ញុំ​មិន​លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ សម្ដេចហ៊ុន សែន ក្ដី ឯកឧត្ដមហ៊ុន ម៉ាណែត ដែលត្រូវធ្វើជាបេក្ខជននាយករដ្ឋ​មន្រ្តីបន្តវេនក្ដី យកពេលវេលាទៅខាតឥតប្រយោជន៍ទេ“ ។

 លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំឃើញថា មួយរយៈចុងក្រោយនេះ ការជួបជាមួយនឹង​សាខា​បក្ស​របស់គណបក្សប្រជាជន វាជារឿងធម្មតាទេ ប៉ុន្តែបើសិនជាបើនិយាយអំពីទំហំនៃភាពចំណេញ​នយោបាយវិញ ខ្ញុំឃើញថា ឯកឧត្ដមហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេន គាត់ទៅជួបជាមួយស្អីក្លឹប CEO  ក្លឹប​អីណាណី គ្រូជោគជ័យអីណាណី ខ្ញុំមើលទៅគាត់ខាតណាស់ ដោយសារអី? អ្នកដែលចូលរួម ភាគច្រើនគឺ​សុទ្ធតែ​ពួកដែលបំផ្លាញសង្គម សុទ្ធតែពួកដើរបោកគេពាសវាលពាសកាល ព្រោះពួកអស់ហ្នឹងវាយកមុខហ្នឹង ហើយបង្កអរិភាពដទៃទៀត បង្កបញ្ហាដទៃទៀត ដូចថាយកឈ្មោះគាត់ទៅបោកគេ ។ ហ៊ុន ម៉ាណែត គាត់ធ្លាប់​លើកខ្លួនឯងតើ! គាត់ធ្លាប់លើកកន្លងទៅហើយតើ! គាត់ថា យកឈ្មោះគាត់ដើរបោកប្រាស់គេ ដើរអីអ៊ីចេះមួយ អ៊ីចុះមួយ ។ គាត់មិនគួរចាយពេលវេលាច្រើនរឿងអត់ប្រយោជន៍ទេ ថ្នាក់ដឹកនាំធ្វើតែរឿងថ្នាក់ដឹកនាំទៅ រឿងប្រ​ជាប្រិយភាពកម្រិតណា ឲ្យកម្រិតហ្នឹងគេធ្វើទៅ ដើម្បីគោលដៅរួមតើ! អ៊ីចឹងដល់ពេលរំលែកពេញតែវាល ចង់​បានប្រជាប្រិយភាពអ៊ីចឹង មានតែខាត ។ អ៊ីចឹងខ្ញុំជូនយោបល់ ២ចំណុច ទៅថ្នាក់ដឹកនាំ ៖ ១- សមាគមឧកញ៉ាខ្មែរ មានហើយ បណ្ដុំអ្នកឧកញ៉ាលី យ៉ុងផាត់ ហើយជាបណ្ដុំអ្នកឧកញ៉ាថ្លៃថ្នូរ ឧកញ៉ាដែលបង្កើតការងារ​ដល់ប្រ​ជា​ជន ។ អ៊ីចឹងជួយពួកគាត់វិញ ជាឧកញ៉ាតំណាងប្រទេសយើង ឲ្យវាខ្លាំងក្លាឡើង អ៊ីចឹងប្រទេសជាតិយើងនឹង​មាន​មុខមាត់ហើយ តែបើថាទៅជួយអាចាញ់បោកគេ ឲ្យតែបានធ្វើឧកញ៉ា អាហ្នឹងគឺនាំតែចង្រៃទេ វាអត់មានអីចំ​ណេញ​​សម្រាប់គាត់ទេ សម្រាប់គណបក្សប្រជាជនទេ អាហ្នឹងទី១ ។ ហើយទី២ ប្រជាជនកំពុងតែមើលឃើញពី​ការបែងចែកវណ្ណៈ រវាងអ្នកមាន និងអ្នកក្រ ។ អ្នកមានជាន់ថ្មី កំពុងតែញែកអ្នកមាននិងអ្នកក្រ ។ នេះឯងដែលជា​ទស្សនៈមួយដែលធ្វើឲ្យសង្គមរលំបាន ដែលធ្វើឲ្យគណបក្សប្រជាជន អាចរលំបាន គឺពួកអស់ហ្នឹង យើងឃើញ​ហើយ ដូចអាភូមិផ្កាត្រកួន តាំង ហ្គិចលៀង ក្ដី សោម សម្បត្តិ ស្អីៗណាណី គ្រូជោគជ័យ វាមិនទាំងអស់ទេ ប៉ុន្តែ​គ្រាន់ថាភាគច្រើន គឺនិយាយមកទម្លាក់កំហុសឲ្យអ្នកក្រ ទម្លាក់កំហុសឲ្យតែអ្នកដែលគ្នាមានចំណេះដឹងតិចទាប ព្រោះអ្នកគ្នាមានដែលចំណេះដឹងតិចទាប បើមានលទ្ធភាពដូចយើងដូចគេ ក៏អាចគិតឃើញដូចយើងដែរ“ ។

 លោក រស់ សារ៉ុម បានមានប្រសាសន៍បន្ថែមថា “សម័យអង្គរវត្ត សម័យអេហ្ស៊ីប គ្មានសកលវិទ្យាល័យទេតែ​គេសង់បាន ។ អ៊ីចឹងគ្នាអ្នកក្រដែលអត់ គ្នាប្រឹងណាស់ ដើម្បីអាហារ៣ពេល អ៊ីចឹងដើម្បីការរស់នៅរបស់គ្នា អ៊ីចឹង​គ្នាអត់មានទៅសុំបាយឯងស៊ីទេ អ៊ីចឹងក្រុមអ្នកមានជាន់ថ្មីនេះ គឺជាក្រុមមួយហាយសូ បង្កើឲ្យមានគម្លាត​រវាង​អ្នក​មាននិងអ្នកក្រ ។ អ៊ីចឹងទុកមួយដុំទៅ ធ្វើការតែជាមួយឧកញ៉ាកំពូលៗដែលគាត់ជាឧកញ៉ាពិតប្រាកដទៅ សម្រាប់​ថ្នាក់ដឹកនាំនោះ ហើយសម្រាប់អាអ្នកមានជាន់ថ្មីនេះ ខ្ញុំឃើញឯកឧត្ដមហ៊ុន ម៉ាណែត ចាយពេលច្រើន​ណាស់ជាមួយនោះ ប៉ុន្តែខ្ញុំប្រាប់ថា អត់ប្រយោជន៍ទេ ឯកឧត្ដមគ្រាន់តែបំផ្លាញមុខឯកឧត្ដមទៅថ្ងៃមុខ ។ អានេះខ្ញុំគ្រាន់តែបញ្ជាក់អ៊ីចឹងទេ អ៊ីចឹងវាអត់មានចំណេញអីសោះ ព្រោះខ្ញុំនិយាយហ្នឹង ខ្ញុំមិនមែនស៊ីប្រាក់​ខែរដ្ឋា​ភិបាលទេ ខ្ញុំគ្រាន់តែឲ្យយោបល់ក្នុងនាមខ្ញុំជាសង្គមស៊ីវិលមួយ ដែលមើលឃើញការដែលវាមិនល្អ ខ្ញុំប្រាប់ វាអត់​មានចំណេញអីសម្រាប់ខ្ញុំទេ ។ អ៊ីចឹងបើលោកស្ដាប់ហើយ លោកអាចពិចារណាបាន ធ្វើបាន លោកធ្វើទៅ តែបើ​ថា លោកបន្តធ្វើទៅទៀត កុំថាឡើយត្រឹមឪផ្ដល់ឲ្យកូន ក្រែងវាមិនជាប់ ចង់និយាយអ៊ីចឹង ក្រែងទប់វាមិនជាប់ អ្នកធ្វើនៅមូលដ្ឋាន ចុះពង្រឹងបក្សនៅមូលដ្ឋាននេះ គេប្រឹងចង់ងាប់ ដល់ពេលឯងទៅបំផ្លាញអ៊ីចឹង ។ អ៊ីចឹងវាអត់ល្អ អ៊ីចឹងថ្នាក់ដឹកនាំ លោកមានបញ្ញាញាណខ្ពស់ណាស់ អ៊ីចឹងឡើងវិញកន្លែងហ្នឹង ។ ជាមួយនេះដែរ ជាការលើកទឹកចិត្តនិងឲ្យតម្លៃគ្រូបង្រៀន សម្រាប់អាណត្តិថ្មី ខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាល ដាក់ចេញនូវគោល​នយោ​បាយមួយផ្ដល់ប្រាក់ខែសមរម្យសម្រាប់គ្រូបង្រៀន ដែលខ្ញុំមើលឃើញថា ប្រាក់ខែទាបបំផុតក៏ ២លាន​កន្លះអីដែរ ទើបគាត់អាចរស់នៅបានសមរម្យ សម្រាប់ប្រាក់ខែទាបបំផុត តែដល់ខ្ពស់បំផុតអាចកៀក ៨០០ ទៅ ១០០០ដុល្លារអីទៅ កម្រិតជីវភាពគ្រូបង្រៀន កាន់តែល្អ អសកម្មនៅក្នុងបន្ទប់រៀន យកលុយពីសិស្សមករៀន​គួរ​ហ្នឹង វាចាប់ផ្ដើមរបេះទៅឯងហើយ ។ អ៊ីចឹងមានន័យថា គាត់កំពុងតែពង្រឹងគរុកោសល្យដើម្បីបង្រៀន អ៊ីចឹង​ថវិកា​ជាតិ ហើយនិងការលើកទឹកចិត្តគ្រូបង្រៀនសម្រាប់អាណត្តិថ្មីនេះគួរតែមាន ដើម្បីលើកទឹកចិត្តដល់​ពួក​គាត់ដែលខំប្រឹងបណ្ដុះធនធានមនុស្សបន្តវេនតទៅទៀតនេះ“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក រស់សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ខាងលើនេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែលលោកឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន ដែលអះអាងខ្លួនជាគ្រូជោគជ័យម្នាក់ បាននិយាយប្រមាថដល់គ្រូបង្រៀនថា សុទ្ធតែក្រ បង្រៀនសិស្សឲ្យច្រណែនអ្នកមាន និងថាខ្លាចគ្រូបង្រៀន​កូនខ្លួនឲ្យក្លាយជាអ្នកក្រ។

លោកឌិន សុមេធារិទ្ធ បាននិយាយថា “ភាគច្រើនគ្រូៗបង្រៀនឱ្យយើងស្អប់ និងច្រណែនអ្នកមាន មិនអ៊ីចឹង? ព្រោះគ្រូក្រ អ៊ីចឹងបាន Robert ផ្តាំទៀតថា កុំជឿគ្រូច្រើនពេក ហើយបារម្ភណាស់ បារម្ភខ្លាចគ្រូបង្រៀន​កូនខ្ញុំឱ្យ​ក្លាយជាអ្នកក្រណា…”។

 ការលើកឡើងរបស់បុគ្គលរូបនេះ បានធ្វើមជ្ឈដ្ឋានមហាជន ជាពិសេសអ្នកប្រើបណ្ដាញសង្គម ហ្វេសប៊ុក ផ្ទុះប្រតិកម្មរិះគន់យ៉ាងខ្លាំង ស្របពេលដែលមហាជនកំពុងតែផ្ទុះប្រតិកម្មរិះគន់លោកស្រីឧកញ៉ា តាំង ហ្គិច​លៀង ដែលនិយាយប្រៀបធៀបអ្នកមាន និងអ្នកក្រ ដោយប្រមាថអ្នកក្រថា គីឡូស្រាល អ្នកមានគីឡូធ្ងន់ រហូតមានប្រតិកម្មនិងអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់ទៅ២ដង ឲ្យបញ្ឈប់និយាយ​ពីការ​បែងចែកវណ្ណ: អ្នកមាន អ្នកក្រនេះ ។

 ទោះបីជាយ៉ាងណា ក្រោយទទួលការរិះគន់ពីមហាជន រួមទាំងលោក រស់ សារ៉ុម ប្រធានសមាគ​មជ័យលាភី​បញ្ហាជនកម្ពុជា ខាងលើ់នេះ លោក ឌិន សុមេធារិទ្ធ បានចេញសារលិខិតសូមខមាទោស ទទួលស្គាល់កំហុស​របស់ខ្លួន ដែលបាននិយាយជ្រុលជ្រួសទៅលើគ្រូបង្រៀន។

 សារខមាទោស របស់លោកឌិន សុមេធារិទ្ធ ចុះថ្ងៃទីសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ មានខ្លឹមសារថា “សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ អ្នកគ្រូ លោកគ្រូ អស់លោក លោកស្រី នាងកញ្ញា ពុកម៉ែ បងប្អូន ជនរួមជាតិ ជាទីសក្ការៈ ជាទីគោរព និងជាទីរាប់អាន!

 ជាបឋម ខ្ញុំព្រះករុណា ខ្ញុំបាទ ឌិន សុមេធារិទ្ធ សូមលំឱនកាយលើកដៃប្រណម្យ សូមខមាទោសចំពោះរាល់​ពាក្យពេចន៍ដែលខ្ញុំព្រះករុណា ខ្ញុំបាទ បានថ្លែងលើសលស់កន្លងមក ដែលនាំឲ្យប៉ះពាល់អារម្មណ៍ដល់​គ្រូ​បង្រៀន និងបងប្អូនជនរួមជាតិ ។ នោះពិតជាកំហុសរបស់ខ្ញុំព្រះករុណាខ្ញុំ ខ្ញុំបាទ ដែលមិនត្រូវលើកឡើង​បែបនេះឡើយ ។

ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទដែលមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹងពីអ្នកគ្រូ លោកគ្រូ ខ្ញុំព្រះករុណា ខ្ញុំបាទ ពិតជាសូមអភ័យទោសដោយសុទ្ធចិត្តចំពោះសម្ដីមិនទំនងកន្លងមក ។

          ខ្ញុំព្រះករុណា ខ្ញុំបាទ សង្ឃឹមថា សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ពុកម៉ែ បងប្អូន ជនរួមជាតិ ជាពិសេសអ្នកគ្រូ លោកគ្រូ ពិតជាអភ័យទោសដល់ខ្ញុំព្រះករុណា ខ្ញុំបាទ ចំពោះកំហុសឆ្គងនេះ ហើយខ្ញុំព្រះករុណា ខ្ញុំបាទ នឹងព្យាយាមមិនឲ្យមានកំហុសបែបនេះកើតឡើងជាថ្មីឡើយ ។

ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា ដែលសម្ដេចពុក មានគតិដ៏មានតម្លៃក្នុងការប្រើប្រាស់ពាក្យពេចន៍ទៅកាន់មហាជន ។ សម្ដេចពុក ពិតជាមានគតិបណ្ឌិតដែលត្រូវតែគោរពប្រតិបត្តិ ។

ឆ្លៀតឱកាសនេះដែរ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមបួងសួងដល់ទេវតា តាមជួយថែរក្សាសម្ដេច ទ្រង់ ឯកឧត្ដម អ្នក​ឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ពុកម៉ែ បងប្អូន ជនរួមជាតិ ជាពិសេសអ្នកគ្រូ លោកគ្រូ សូមប្រកបដោយពុទ្ធពរគ្រប់ប្រការ និងមានសិរីសួស្ដីក្នុងឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងគ្រាប្រទេសមានសុខសន្តិភាព“ ។ 

យ៉ាងណា ក្រោយពីបានឃើញលិខិតសុំទោស របស់លោកឌិន សុមេធារិទ្ធ ខាងលើនេះ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បញ្ជាក់ថា លោកមិនអាចទទួលយកបានទេ ត្រឹមសារ ១សន្លឹកនេះ គឺជនដែលប្រព្រឹត្តកំហុសនេះ ត្រូវលុតជង្គង់សុំទោសគ្រូ នៅមុខកាមេរ៉ា ដូចពេលខ្លួននិយាយប្រមាថគ្រូនោះដែរ ។

 លោក រស់ សារ៉ុម បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ថា «គុណគ្រូ​បង្រៀន ធំធេងណាស់ អាចង្រៃ CEO អាចម៍! លិខិតសុំទោសផ្លូវការមួយសន្លឹក វាមិនចេះសរសេរផង វាមិនដែល​ចូលសាលាមែន គ្រាន់តែបោកគេបានជោគជ័យ ក្លាយជាអ្នកមាន ដូចវាឧទាហរណ៍ វាមាន ១លាន នៅជិតគេ មាន ១០លាន វាបោកគេ អស់ ៥ លាន។ ធ្លាប់បោកបានដោយមិនផ្តិតមេដៃ បានជាលិខិតគ្មានផ្តិតមេដៃ ហើយ​ប្រើពាក្យឡូយ «ខមាទោស» ទៀត។ សារខមាទោសម៉ែវា! អញផ្តាំអាចង្រៃឯងថា ដៀលគ្រូមុខកាមេរ៉ា ត្រូវលុត​ជង្គង់សុំទោសគ្រូ ក៏មុខកាមេរ៉ាដែរ» ៕ កុលបុត្រ

RELATED ARTICLES