បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបបានករណីដាំ ដុះរុក្ខជាតិញៀន ខុស ច្បាប់ (កញ្ឆា) ចំនួនករណី ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលាក់ដាំដើមកញ្ឆា ចំនួន១២០០ ដើម។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល។

ជនសង្ស័យដែលលួចដាំដើមកញ្ឆា និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឯម សីហា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល។ ក្រោយឃាត់ខ្លួន យុវជនរូបនេះ បានអះអាងថា ខ្លួនគ្រាន់ ជាអ្នកចាំយាមចម្ការឱ្យគេប៉ុណ្ណោះ។ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ដើមកញ្ឆាស្រស់ ចំនួន ១២០០ដើម។

ករណីនេះ កម្លាំងនគរបាលស្រុករតនមណ្ឌល បានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀនខុសច្បាប់ និងធ្វើ ការអប់រំ រួចឱ្យត្រឡប់ទៅវិញ។ ចំពោះម្ចាស់ចម្ការ ដែលជាអ្នកដាំដុះរុក្ខជាតិញៀនខុសច្បាប់ សមត្ថកិច្ចកំពុង ស្រាវជ្រាវ ដើម្បីយកមកចាត់ការតាមនីតិវិធី៕